ប្រាក់ខែឯកអគ្គរាជទូតខ្មែរប្រទេសប្រភេទ «ក» គឺ ៣៦០០ដុល្លារ និង៣២០០ដុល្លារប្រទេសប្រភេទ «ខ»

កម្ពុជា
កម្ពុជា-អភិបាលកិច្ច
03/04/2025 – 12:00
ដោយ៖ សឹម ចាន់សំណាង
RFI

រដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ស្តីពីការកែប្រែដំឡើងប្រាក់បៀវត្សរ៍ប្រចាំ និងការឧបត្ថម្ភផ្សេងៗសម្រាប់មន្ត្រីរាជការ និងបុគ្គលិកបំពេញភារកិច្ចនៅតាមស្ថានតំណាងកម្ពុជានៅបរទេស។ តាមអនុក្រឹត្យ ឯកអគ្គរាជទូតខ្មែរ មន្រ្តីរាជការ រួមទាំងបុគ្គលិកបំពេញការងារនៅបណ្តាប្រទេសជឿនលឿនក្នុងតំបន់អឺរ៉ុប រួមនិងអាស៊ីមួយចំនួនផងទទួលបានប្រាក់បៀវត្សរ៍ច្រើនជាងគេ។

ប្រាក់ខែឯកអគ្គរាជទូតខ្មែរប្រទេសប្រភេទ «ក» គឺ ៣៦០០ដុល្លារ និង៣២០០ដុល្លារប្រទេសប្រភេទ «ខ»


អនុក្រឹត្យស្តីពីការកែសម្រួល និងដំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការនៅតាមស្ថានកុងស៊ុលកម្ពុជានៅបរទេសបានចែងពីការដំឡើងប្រាក់បៀវត្សរ៍ច្រើនជាងមុនបន្តិចដើម្បីលើកកម្ពស់ជីវភាពរបស់មន្រ្តីរាជការ និងបុគ្គលិកដែលបំពេញការងារនៅតាមស្ថានទូតកម្ពុជានៅបរទេស។ អនុក្រឹត្យដដែលក៏បានកែប្រែប្រភេទចំណាត់ថ្នាក់ស្ថានតំណាងកម្ពុជាដោយមានប្រភេទប្រទេស «ក» និងប្រទេស «ខ»។ ឯកអគ្គរាជទូតខ្មែរដែលបំពេញការងារនៅប្រភេទ «ក» ដែលរួមមានអូស្ត្រាលី នូវែលសេឡង់ បែលហ្ស៊ិក កាណាដា ចិន អាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង ជប៉ុន និងកូរ៉េខាងត្បូងជាដើមទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែចំនួន ៣៦០០ដុល្លារអាមេរិក។

ប្រាក់ខែឯកអគ្គរាជទូតខ្មែរប្រទេសប្រភេទ «ក» គឺ ៣៦០០ដុល្លារ និង៣២០០ដុល្លារប្រទេសប្រភេទ «ខ»
ប្រាក់ខែឯកអគ្គរាជទូតខ្មែរប្រទេសប្រភេទ «ក» គឺ ៣៦០០ដុល្លារ និង៣២០០ដុល្លារប្រទេសប្រភេទ «ខ» © Internet

ចំណែកឯកអគ្គរាជទូតខ្មែរដែលបំពេញការងារប្រភេទប្រទេស «ខ» ដែលរួមមាន ឥណ្ឌា គុយបា ឥណ្ឌូណេស៊ី ថៃ និងវៀតណាមជាដើមទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែចំនួន ៣២០០ដុល្លារអាមេរិក។ ក្រៅពីនេះ គឺនៅមានប្រាក់ឧបត្ថម្ភផ្សេងៗមួយចំនួនទៀតសម្រាប់ឯកអគ្គរាជទូតខ្មែរ មន្រ្តីរាជការ បុគ្គលិករដ្ឋបាល និងបច្ចេកទេស ដែលបំពេញការងារនៅក្រៅប្រទេស រួមទាំងប្រាក់ធានារ៉ាប់រងសុខភាពមួយចំនួនទៀត។ ទន្ទឹមគ្នានេះ និងបើតាមអនុក្រឹត្យដដែល ឯកអគ្គរាជទូតខ្មែរក៏ត្រូវបានអនុញ្ញាតឲ្យយកភរិយា ឬស្វាមី ព្រមទាំងកូនក្នុងបន្ទុកដែលមានអាយុក្រោម ១៨ឆ្នាំ ទៅតាមខ្លួនក្នុងអំឡុងពេលបេសសកម្មដោយរដ្ឋាភិបាលជួយឧបត្ថម្ភរ៉ាប់រងសំបុត្រយន្តហោះថ្នាក់ជំនួញ សម្រាប់ពេលធ្វើដំណើរដំបូងទៅកាន់ប្រទេសដែលត្រូវធ្វើការ និងពេលចប់អាណត្តិត្រូវវិលចូលប្រទេសកំណើតវិញ។

ចំណែកមន្រ្តី និងបុគ្គលិកថ្នាក់ផ្សេងទៀតទទួលបានការរ៉ាប់រងសំបុត្រយន្តហោះថ្នាក់ធម្មតា។ ផ្អែកតាមទិន្នន័យរបស់ក្រសួងការបរទេសកម្ពុជា បច្ចុប្បន្ននេះ កម្ពុជាមានស្ថានទូត ស្ថានកុងស៊ុលកិត្តិយស និងស្ថានអគ្គកុងស៊ុលជាង ៦០ នៅទូទាំងពិភពលោក៕

What Next?

Recent Articles