កម្ពុជា
កម្ពុជា-ពាណិជ្ជកម្ម
03/04/2025 – 12:26
ដោយ៖ អោ ស្រីពេជ្រ
RFI
នៅថ្ងៃទី៣ មេសា រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំបានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជាដល់ទៅ ៤៩ភាគរយដើម្បីឆ្លើយតបទៅនឹងពន្ធទំនិញដែលកម្ពុជានាំចូលពីអាមេរិកចំនួន ៩៧ភាគរយ។ ជាមួយនឹងការដំឡើងពន្ធរបស់រដ្ឋបាលអាមេរិកពេលនេះ កម្ពុជាជាប្រទេសដែលរងការដំឡើងពន្ធខ្ពស់ពីសហរដ្ឋអាមេរិកច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ាន។ តាមការប្រកាសរបស់រដ្ឋបាលលោកត្រាំ ការដំឡើងពន្ធ ៤៩% សម្រាប់ទំនិញកម្ពុជានាំចូលសហរដ្ឋអាមេរិកនឹងចាប់ចូលជាធរមាននៅក្នុងសប្តាហ៍ក្រោយ។
អាមេរិកប្រកាសដំឡើងពន្ធ ៤៩ភាគរយលើទំនិញនាំចូលពីកម្ពុជា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសក្នុងថ្ងៃទី២ មេសាពីការដាក់ពន្ធទៅវិញ ទៅមក ឬហៅជាភាសាអង់គ្លេស Reciprocal tariff លើទំនិញនាំចូលពីប្រទេសចំនួន ៦០ លើលោក។ ក្នុងនោះ ទំនិញរបស់កម្ពុជាត្រូវបានសហរដ្ឋអាមេរិកដំឡើងពន្ធពី ១៤ ភាគរយទៅដល់ ៤៩ភាគរយ។ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន កម្ពុជាបានក្លាយជាប្រទេសរងការដាក់ពន្ធខ្ពស់ជាងគេបំផុតពីរដ្ឋបាលលោកដូណាល់ ត្រាំ ខណៈឡាវរងការដាក់ពន្ធចំនួន ៤៨ភាគរយ វៀតណាមចំនួន ៤៦ភាគរយ និងភូមាចំនួន ៤៤ភាគរយ។ តាមការប្រកាសរបស់រដ្ឋបាលលោកត្រាំ ការដំឡើងពន្ធទំនិញនាំចូលសហរដ្ឋអាមេរិកដ៏សម្បើមនេះនឹងចូលជាធរមានចាប់ពីថ្ងៃពុធ ទី៩ មេសាតទៅ ខណៈការដំឡើងពន្ធទំនិញជាមូលដ្ឋានត្រឹម ១០ភាគរយនឹងចូលជាធរមានចាប់ពីថ្ងៃទី ៥ មេសា។
ទោះយ៉ាងណា និងបើតាមលក្ខខណ្ឌពាណិជ្ជកម្ម បណ្តាប្រទេសទាំង ៦០ ក្នុងនោះកម្ពុជាមួយផងអាចចូលតុចរចាជាមួយសហរដ្ឋអាមេរិករហូតដល់ថ្ងៃចូលជាធរមាននៃការដំឡើងពន្ធថ្មីនេះ។ ការប្រកាសដំឡើងពន្ធ ៤៩ភាគរយលើទំនិញកម្ពុជានាំចូលអាមេរិកនេះត្រូវបានប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា លោក Casey Barnett បារម្ភថា គឺអាចបង្កើតឲ្យមានវិបត្តិសេដ្ឋកិច្ចនៅកម្ពុជា ការបាត់បង់ការងាររាប់សែនការងារ នាំឲ្យមានអស្ថិរភាពសង្គម និងមានលំហូរចេញមូលធនឆាប់រហ័ស។ គួរបញ្ជាក់ថា ៤០ភាគរយនៃការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក គឺស្មើនឹង ២៧ភាគរយនៃផលិតផលសរុបក្នុងស្រុករបស់កម្ពុជា GDP។
លោក Casey Barnett យល់ថា ការដែលសហរដ្ឋអាមេរិកដំឡើងពន្ធយ៉ាងសម្បើមលើទំនិញកម្ពុជាដោយសារតែកម្ពុជាស្ថិតក្នុងលំដាប់ទី ១៨ ក្នុងលោកដែលមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ម្យ៉ាងទៀត និងបើតាមប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជារូបនេះដដែល គឺមកពីសហរដ្ឋអាមេរិកសម្លឹងឃើញអត្រាពន្ធ និងរបាំងពាណិជ្ជកម្មកម្ពុជាកម្រិតខ្ពស់ និងមិនស្មើភាពក្នុងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ តែមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៅសេតវិមានបានបង្ហើបប្រាប់អ្នកកាសែត Nikkei Asia ថា មូលហេតុនៃការដំឡើងពន្ធលើទំនិញកម្ពុជាដ៏ច្រើនសម្បើមបែបនេះ គឺដោយសារតែកម្ពុជាក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់បំផុតរបស់ចិនដើម្បីគេចពន្ធពីសហរដ្ឋអាមេរិក។
ប្រឈមនឹងការដំឡើងពន្ធពីអាមេរិកពេលនេះ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា លោក ហេង សួរ បានប្រកាសភ្លាមៗថា កម្ពុជាអាចមានផលប៉ះពាល់ខ្លះ តែអាចគ្រប់គ្រងបាន។ តាមលោក ហេង សួរ ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនេះជាការដំឡើងនៅទូទាំងពិភពលោកដោយអាស្រ័យលើជញ្ជីងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសពាក់ព័ន្ធនីមួយៗ ពោលមិនមែនជាការដំឡើងដោយសារកត្តានយោបាយ ឬដោយសារតែពួកក្រុមប្រឆាំងអំពាវនាវឲ្យអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជានោះទេ។
គួរដឹងដែរថា សហរដ្ឋអាមេរិកគឺជាទីផ្សារធំបំផុតមួយសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា។ ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ ២០២៤ កម្ពុជាសម្រេចពាណិជ្ជកម្មជាមួយអាមេរិកសរុបប្រមាណ ៤២ ០១១ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅកាន់ទីផ្សារអាមេរិកប្រមាណ ៤០ ៥៨៧ លានដុល្លារ ខណៈនាំចូលមកវិញប្រមាណ ១ ៤២១លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងថា ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៥ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញទំនិញកម្ពុជាលំដាប់ទី១ និងថា កម្ពុជាមានផលិតផលសំខាន់ៗដែលនាំចេញទៅសហរដ្ឋអាមេរិកដូចជា សម្លៀកបំពាក់ វាយនភណ្ឌ ផលិតផលកៅស៊ូ គ្រឿងចក្រ ឧបករណ៍អគ្គិសនី ផលិតផលស្បែកជើង គុជ ឧបករណ៍អគ្គិសនី វត្ថុធ្វើពីដែក។ល។