ដោយ ប្រាជ្ញ ចេវ
2025.04.04
RFA
ចាប់តាំងពីរដ្ឋាភិបាលថៃ មិនយកថ្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសនេះ កាលពីថ្ងៃទី០១ ខែមេសា មានពលករខ្មែរធ្វើការនៅប្រទេសថៃរាប់រយនាក់ សម្រុកឆ្លងដែនទៅលេងស្រុកកំណើត។ ពលករមួយចំនួនអះអាងថា ពួកគាត់បានបង់ប្រាក់ក្រៅប្រព័ន្ធ នៅច្រកទ្វារព្រំដែន។

ពលករលើកឡើងថា សមត្ថកិច្ចនៅច្រកទ្វារព្រំដែន ឆ្លៀតឱកាសយកលុយពីពួកគាត់ក្រៅផ្លូវការដែលបញ្ហានេះ តែងតែកើតឡើងជារៀងរាល់ឆ្នាំ។
ពលករធ្វើការនៅប្រទេសថៃលោក សុគន្ធ សូនិច ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០២ ខែមេសាថា ការបង់ប្រាក់នេះ បើចំពោះពលករស្របច្បាប់ ត្រូវបង់ចំនួន៥០០បាត ឬ១៥ដុល្លារឡើង ចំណែកពលករគ្មានឯកសារគ្រប់គ្រាន់ ត្រូវបង់ប្រាក់ពី១៥០០បាត ឬជិត៥០ដុល្លារ ទៅជាង៣.០០០បាត ឬជិត១០០ដុល្លារ។
លោកបន្តថា មូលហេតុដែលពលករខ្លះបង្ខំចិត្តបង់ប្រាក់ទៅឱ្យសមត្ថកិច្ចនៅច្រកទ្វារព្រំដែន ពីព្រោះការបំពេញឯកសារធ្វើដំណើរ គឺមានភាពស្មុគស្មាញដែលធ្វើឱ្យពលករពិបាកបំពេញឯកសារ។ លោកថា បញ្ហានេះកើតឡើងនៅច្រកទ្វារអន្តរជាតិដូង (បានឡែម) ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
ពលករថា មានការយកប្រាក់នៅច្រកទ្វារព្រំដែនពេលពួកគាត់ទៅលេងស្រុកអំឡុងបុណ្យចូលឆ្នាំ
ចំពោះខ្ញុំ ខ្ញុំក៏អត់(លុយ)ដែរ ដោយសាររដ្ឋាភិបាលអះអាងថា បងប្អូនពលករដែលធ្វើការនៅក្នុងប្រទេសថៃហ្នឹងថាមិនយកលុយ តែតាមការពិត បងប្អូនពលករត្រឡប់ទៅបុណ្យប្រណៃជាតិយើង ក៏ខ្វះខាតណាស់ដែរ បើសិនណាគេយកថវិកាពីពួកគាត់ ពួកគាត់ក៏ពិបាកធ្វើដំណើរដែរ។— លោក សុគន្ធ សូនិច
ទាក់ទងរឿងនេះ ក៏មានការបង្ហោះវីដេអូតាមបណ្ដាញសង្គម ដោយក្រុមពលករត្អូញត្អែរពីករណីសមត្ថកិច្ចនៅច្រកទ្វារព្រំដែន យកលុយពីពួកគាត់។
បងប្អូនអើយ នេះច្រកផ្លូវឡែម អ្នកណាថាចេញចូលហ្វ្រី (អត់បង់លុយ) គេហ្វ្រីតែអ្នកមានលិខិតឆ្លងដែន តែអ្នកអត់មាន(បង់)៦០០បាត។ ទិញសំបុត្រ៥០០បាត ទិញសំបុត្រចេញមក១០០បាតទៀត។— សំឡេងពលករនៅច្រកបានឡែម
រីឯពលករម្នាក់ទៀតធ្វើការងារផ្នែកសំណង់លោកស្រី សែន ម៉ារី ប្រាប់ថា លោកស្រី គ្មានប្រាក់ទៅលេងស្រុកកំណើតទេឆ្នាំនេះ ពីព្រោះត្រូវចំណាយប្រាក់សម្រាប់កូនស្រីឆ្លងទន្លេ និងខ្លាចប៉ះពាល់ការសិក្សាកូនប្រុសរបស់លោកស្រី។
អត់មានលុយហ្នឹងហើយបង ចង់ទៅដែរ តែវាអត់លុយ កាលឆ្នាំមុន ខ្ញុំទៅតើ។— លោកស្រី សែន ម៉ារី
ទាក់ទងរឿងនេះ វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបកស្រាយ ពីមន្ត្រីប្រចាំច្រកទ្វារអន្តរាជាតិដូង និងអ្នកនាំពាក្យក្រសួងការងារលោក កក្តា អ៊ន បានទេនៅថ្ងៃទី០២ ខែមេសា។
ទោះយ៉ាងណា ក្រសួងការងារអះអាងលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី០២ ខែមេសា ថា ក្រសួងការងារ និងអាជ្ញាធរខេត្តបាត់ដំបង បានចុះទៅត្រួតពិនិត្យនៅច្រកទ្វារអន្តរជាតិដូង ឃើញមានសណ្ដាប់ធ្លាប់ល្អ ហើយពលករពេញចិត្តចំពោះការផ្ដល់សេវារបស់មន្ត្រីច្រកទ្វារព្រំដែននេះ។
ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ពលករខ្មែរ និងកូនក្នុងបន្ទុកអាយុក្រោម១៨ឆ្នាំ មិនតម្រូវឱ្យបង់ថ្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃឡើយ។ សេចក្ដីជូនដំណឹងរបស់ក្រសួងការងារឱ្យដឹងថា រដ្ឋាភិបាលថៃលើកលែងតម្លៃសេវានេះ គឺផ្ដល់តែម្ដងគត់ដល់ពលករខ្មែរដែលកាន់លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស(TD) និងទិដ្ឋាការការងារដែលមានសុពលភាពលើសពីថ្ងៃទី១៥ ខែឧសភា។
ទាក់ទងរឿងនេះ មន្ត្រីគម្រោងទទួលបន្ទុកផ្នែកពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ ប្រចាំប្រទេសថៃ លោក លឹង សុផុន ឱ្យដឹងថា ពលករជាច្រើនចាប់ផ្ដើមចេញដំណើរទៅកម្ពុជា។ លោក លឹង សុផុន ដែលមានក្រុមការងារឃ្លាំមើលនៅច្រកទ្វារអន្តរជាតិដូងឬបានឡែម បន្តទៀតថា កាលពីថ្ងៃទី១ ខែមេសា មានពលករជាង៨០០នាក់បានចេញពីប្រទេសថៃ តាមច្រកព្រំដែនបានឡែម ហើយនៅថ្ងៃទី០២ ខែមេសា នៅតែមានពលរដ្ឋរាប់រយនាក់បានចាកចេញ។
បងប្អូនពលករខ្មែរ នៅក្នុងឆ្នាំហ្នឹង យើងឃើញថា ដូចជាសម្រុកទៅខ្មែរច្រើន ដោយសារមានព្រឹត្តិការណ៍បញ្ហាប្រឈមផ្សេងៗ ដូចជា រញ្ជួយដី ដួលរលំអាគារ បង្កការភ័យខ្លាចដល់បងប្អូនពលករ។— លោក លឹង សុផុន
បាយការណ៍របស់អង្គការ (Central) បង្ហាញថា មានពលករខ្មែរកំពុងធ្វើការដោយស្របច្បាប់និងមិនស្របច្បាប់នៅប្រទេសថៃប្រមាណ២លាននាក់។
ក្នុងនោះពលករដែលមានប្រាក់ចំណូលតិចតួច ឬទទួលបានប្រាក់ឈ្នួល៥០០បាត ឬ១៥ដុល្លារក្នុងមួយថ្ងៃ ត្រូវចំណាយប្រាក់លើថ្លៃធ្វើដំណើរ ថ្លៃឯកសារ និងថ្លៃចំណាយផ្សេងៗ ដែលពួកគាត់អាចចំណាយប្រាក់ពី៥.០០០បាត ឬ១៥០ដុល្លារ ទៅ១ម៉ឺនបាតឬប្រហែល៣០០ដុល្លារនៅពេលធ្វើដំណើរពីប្រទេសថៃទៅលេងស្រុកម្ដងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។