កម្ពុជា
កម្ពុជា-ពាណិជ្ជកម្ម
04/04/2025 – 12:45
ដោយ៖ សឹម ចាន់សំណាង
RFI
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយថ្ងៃទី៣ មេសា ឆ្នាំ២០២៥ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ឬ TAFTAC បានអំពាវនាវដល់កម្មករនិយោជិត និងសាធារណៈជនទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ បន្ទាប់ពីអាមេរិកប្រកាសដំឡើងពន្ធដ៏ច្រើនលើទំនិញកម្ពុជា។ ទន្ទឹមនេះ សមាគម TAFTAC បានអះអាងថា ខ្លួនគ្រោងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាដំឡើងពន្ធរបស់អាមេរិកនាពេលនេះ។
TAFTAC គ្រោងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយរឿងអាមេរិកដំឡើងពន្ធ
តាមសេចក្តីថ្លែងការណ៍របស់ខ្លួន សមាគម TAFTAC ព្រួយបារម្ភជាខ្លាំងចំពោះវិធានការថ្មីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានសម្រេចដំឡើងពន្ធលើផលិតផលនាំចូលទៅសហរដ្ឋអាមេរិកពីគ្រប់ប្រទេសក្នុងពិភពលោក ក្នុងនោះក៏មានកម្ពុជាមួយដែរ។ ភ្លាមៗក្រោយការប្រកាសដំឡើងពន្ធរបស់រដ្ឋបាលអាមេរិក សមាគមបានអះអាងថា ខ្លួនបានវិភាគពីផលប៉ះពាល់ក្នុងវិស័យវាយនភណ្ឌកាត់ដេរកម្ពុជា និងថា សមាគមកំពុងធ្វើការជាមួយរដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀតដើម្បីស្វែងរកដំណោះស្រាយបន្ទាន់តាមដែលអាចធ្វើទៅបាន។ វិទ្យុបារាំងអន្តរជាតិ RFI មិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីលោក កាំង មុនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានទេ គិតត្រឹមរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ នេះ។
តែសមាគម TAFTAC បានដាក់ក្តីសង្ឃឹមថា ស្ថានភាពនៃការដំឡើងពន្ធលើផលិតផលរបស់កម្ពុជាពីអាមេរិកនាពេលនេះអាចប្រែប្រួល បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាអាចចូលតុចរចាជាមួយរដ្ឋបាលអាមេរិក។ គួររម្លឹកថា កាលពីថ្ងៃទី២ មេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការដំឡើងពន្ធទៅវិញទៅមកលើទំនិញនាំចូលពីប្រទេសចំនួន ៦០ ក្នុងលោក ខណៈមានប្រទេសជាង ១០០ទៀតនឹងត្រូវដំឡើងពន្ធជាមូលដ្ឋានចំនួន ១០ភាគរយ។ ក្នុងនោះ ទំនិញរបស់កម្ពុជាត្រូវបានសហរដ្ឋអាមេរិកដំឡើងពន្ធពី ១៤ភាគរយដល់ ៤៩ភាគរយ។ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន កម្ពុជាបានក្លាយជាប្រទេសដែលរងការដាក់ពន្ធខ្ពស់ជាងគេបំផុតពីរដ្ឋបាលលោកដូណាល់ ត្រាំ។
តាមការប្រកាសរបស់លោក ត្រាំ ការដំឡើងពន្ធទំនិញនាំចូលសហរដ្ឋអាមេរិកដ៏សម្បើមនេះនឹងចូលជាធរមានចាប់ពីថ្ងៃពុធ ទី៩ មេសា ខណៈការដំឡើងពន្ធលើទំនិញជាមូលដ្ឋានត្រឹម ១០ភាគរយនឹងចូលជាធរមានចាប់ពីថ្ងៃទី ៥ មេសា។ ជុំវិញការដំឡើងពន្ធលើទំនិញកម្ពុជាពីអាមេរិកពេលនេះ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានបកស្រាយក្នុងថ្ងៃទី៣ មេសា ឆ្នាំ២០២៥ ដោយលើកឡើងថា ការសម្រេចដំឡើងពន្ធរបស់អាមេរិក គឺដោយសារតែជញ្ជីងពាណិជ្ជកម្មកម្ពុជា និងអាមេរិកមិនស្មើគ្នា។ តាមលោកស្រី ចម និម្មល ការណ៍នេះបានជំរុញឲ្យលោក ដូណាល់ ត្រាំ ដំឡើងពន្ធលើទំនិញកម្ពុជាដើម្បីឲ្យមានលំនឹងជញ្ជីងពាណិជ្ជកម្ម និងថា កម្ពុជា ជាប្រទេសនាំចូលផលិតផលដ៏លេចធ្លោមួយទៅសហរដ្ឋអាមេរិក។

តែលោកស្រី ចម និម្មល បានចោទជាសំណួរថា ហេតុអ្វីកម្ពុជាទទួលរងពន្ធដល់ទៅ ៤៩% ពីអាមេរិក? តើកម្ពុជាពិតជាបានដាក់ពន្ធទៅលើផលិតផលនាំចូលពីសហរដ្ឋអាមេរិកដល់ ៩៧% មែនទេ?។ តាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជារូបនេះដដែល កម្ពុជាបានកំណត់កាតព្វកិច្ចរបស់ខ្លួន គឺការយកពន្ធផលិតផលនាំចូល មិនថាផលិតផលរបស់សហរដ្ឋអាមេរិក ឬក៏របស់ប្រទេសជាដៃគូពាណិជ្ជកម្មផ្សេងៗទៀតចន្លោះពី ០ ដល់ ៣៥%។ នៅក្នុងឆ្នាំ ២០២៤ ការនាំចូលផលិតផលរបស់អាមេរិកមកកម្ពុជាមានទំហំទឹកប្រាក់ ជិត ៣០០លានដុល្លារ។ លោកស្រី ចម និម្មល បានអះអាងថា រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដើម្បីដោះស្រាយបញ្ហាទាំងនេះ តាមរយៈការរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីប្រមូលធាតុចូលក្នុងការឆ្លើយតប និងការជំរុញវិស័យសេដ្ឋកិច្ចកម្ពុជា៕