កម្ពុជាទម្លាក់អត្រាពន្ធលើទំនិញអាមេរិក១៩មុខ ពីកម្រិតខ្ពស់៣៥% មកនៅត្រឹម៥%

កម្ពុជា
កម្ពុជា-ពន្ធអាមេរិក
05/04/2025 – 10:15
ដោយ៖ សាំ ឧត្តម
RFI

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៤ ខែមេសា បានប្រកាសពីការទម្លាក់អត្រាពន្ធគយលើទំនិញនាំចូលពីអាមេរិកមកកម្ពុជាចំនួន១៩មុខពីអត្រាពន្ធអតិបរមា៣៥% មកនៅត្រឹម៥%។ ការបន្ធូរបន្ថយអត្រាពន្ធពីភាគីកម្ពុជានាពេលនេះ ធ្វើឡើងក្រោយរដ្ឋបាលលោក ដូ ណាល់ត្រាំ ថ្មីៗនេះ បានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីកម្ពុជាចំនួន៤៩% ដែលជាកម្រិតពន្ធមួយខ្ពស់ជាងគេបំផុតក្នុងតំបន់អាស៊ាន។ ជាមួយនឹងការបន្ថយពន្ធលើទំនិញអាមេរិក នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានផ្ញើលិខិតមួយទៅកាន់លោក ដូ ណាល់ត្រាំ​ ដើម្បីស្នើបើកការចរចាលើការដំឡើងពន្ធពីកម្ពុជានេះ។  

កម្ពុជាទម្លាក់អត្រាពន្ធលើទំនិញអាមេរិក១៩មុខ ពីកម្រិតខ្ពស់៣៥% មកនៅត្រឹម៥%


ក្នុងលិខិតផ្ញើទៅកាន់ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងថា កម្ពុជាបានកំណត់មុខទំនិញចំនួន១៩មុខរបស់សហរដ្ឋអាមេរិកដែលនាំចូលមកកម្ពុជា នឹងត្រូវបន្ថយអត្រាពន្ធអតិបរមា៣៥% មកនៅត្រឹម៥%។ ក្នុងនោះ សាច់ជ្រូក សាច់គោ សាច់មាន់ ទាំងប្រភេទសាច់ស្រស់ សាច់បង្កក សាច់ជាប់ឆ្អឹង សាច់អត់ឆ្អឹង ម៉្សៅប្រូតេអ៊ីនប្រភេទ Whey និង Modi ទឹកដោះគោធម្មជាតិ សណ្តែកសៀង ដំឡូង ផ្លែឈើ គ្រាប់ធុញ្ញជាតិ គ្រាប់ពូជ យាន្តជំនិះមួយចំនួន ត្រូវបានបន្ថយកម្រិតពន្ធពី១៥% មកត្រឹម៥%។  ចំណែក មុខទំនិញប្រភេទពោត គ្រាប់អាល់ម៉ុល ទឹកឃ្មុំលាយ ទឹកស៊ីរ៉ូ នឹងត្រូវទម្លាក់ពន្ធពី៧% មក៥% ខណៈស្រាWhiskies ត្រូវទម្លាក់ពន្ធពី៣៥%មក៥%។  

ការបន្ថយអត្រាពន្ធលើមុខទំនិញរបស់អាមេរិកចូលមកកម្ពុជានាពេលនេះ គឺធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកក្រោមការដឹកនាំដោយរដ្ឋបាលលោក ដូ ណាល់ត្រាំ បានប្រកាសពីការដំឡើងពន្ធលើមុខទំនិញរបស់កម្ពុជានាំចូលទៅទីផ្សារអាមេរិកចំនួន៤៩%កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ និងថា ពន្ធថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី៩​​ ខែមេសា ឆ្នាំ២០២៥។

ក្នុងស្ថានការណ៍បែបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ក៏បានផ្ញើលិខិតមួយទៅកាន់លោកប្រធានាធិបតីអាមេរិកដូ ណាល់ត្រាំ ដើម្បីស្នើការចរចាលើការអនុវត្តពន្ធនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក។ ក្នុងលិខិតនោះ លោក ហ៊ុន ម៉ាណែត ស្នើឱ្យមានកិច្ចចរចាឆាប់រហ័សបំផុតមួយតាមតែអាចធ្វើទៅបាន និងស្នើឱ្យរដ្ឋាភិបាលអាមេរិក ពន្យាការអនុវត្តអត្រាពន្ធនាំចូលថ្មីដែលកំណត់៤៩%លើមុខទំនិញរបស់កម្ពុជា។

តាមលិខិតដដែល លោក ហ៊ុន​ ម៉ាណែត នឹងចាត់តាំងលោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដើម្បីអនុវត្តកិច្ចការងារនេះជាមួយលោកឯកអគ្គរដ្ឋទូត JAMIEOSON GREER ដែលជាប្រធានតំណាងពាណិជ្ជកម្មអាមេរិក។

ទង់ជាតិកម្ពុជា និងអាមេរិក
ទង់ជាតិកម្ពុជា និងអាមេរិក © អ៊ីនធឺណែត

សូមជម្រាបថា សហរដ្ឋអាមេរិក គឺជាទីផ្សារធំបំផុតមួយសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា។ រាប់ចាប់តាំងពីឆ្នាំ២០២០ដល់ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកសម្រេចបានសរុបប្រមាណ ៤២ ០១១ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅកាន់ទីផ្សារអាមេរិកប្រមាណ ៤០ ៥៨៧ លានដុល្លារ ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានប្រមាណ ១ ៤២១លានដុល្លារ។  នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ដោយឡែក​ ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៥ សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញទំនិញកម្ពុជាលំដាប់ទី១ដដែល និងថា កម្ពុជាមានផលិតផលសំខាន់ៗដែលនាំចេញទៅសហរដ្ឋអាមេរិកដូចជា សម្លៀកបំពាក់ វាយនភណ្ឌ ផលិតផលកៅស៊ូ គ្រឿងចក្រ ឧបករណ៍អគ្គិសនី ផលិតផលស្បែកជើង គុជ ឧបករណ៍អគ្គិសនី និងវត្ថុធ្វើពីដែកជាដើម៕

What Next?

Recent Articles