កម្ពុជា
កំពង់ផែរាម
05/04/2025 – 09:23
ដោយ៖ អ៊ឹង ប៊ុនថន
RFI
មូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមរបស់កម្ពុជា ដែលត្រូវបានសាងសង់ឡើងវិញនៅក្រោមជំនួយរបស់ចិន ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី៥ខែមេសាឆ្នាំ២០២៥។ ក្នុងពិធីសម្ពោធនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍ដល់នាវារបស់កងទ័ពបរទេសឲ្យចូលសំចតនៅទីនោះបានដោយគ្មានការលាក់បាំងអ្វីនោះឡើយ។ តែនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជាមិនត្រូវការឲ្យកងទ័ពបរទេសដាក់មូលដ្ឋាននៅលើទឹកដីកម្ពុជានោះទេ។
កម្ពុជាស្វាគមន៍ការចូលចតរបស់នាវាបរទេសនៅមូលដ្ឋានសមុទ្ររាម បន្ទាប់ពីសម្ពោធនៅថ្ងៃនេះ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបាន ថ្លែងនៅមុនពេលសម្ពោធជាផ្លូវការថា តាមការគ្រោងទុក នាវាជប៉ុន ជានាវាដំបូងគេ ដែលនឹងចូលចតនៅឯកំពង់ផែរាម នៅដើមខែមេសាឆ្នាំ២០២៥។ អ្នកតាមដានភូមិសាស្ត្រនយោបាយ មើលឃើញថា ការអនុញ្ញាតឲ្យនាវាជប៉ុនចូលចតនៅកំពង់ផែរាម ក្រោយការធ្វើទំនើបកម្មអស់ពេលជាង៤ឆ្នាំក្រោមជំនួយរបស់ចិន ជាការបង្ហាញប្រាប់ទៅក្រសែភ្នែកអន្តរជាតិថា កម្ពុជាតែងតែបើកចំហជាមួយបរទេសទាំងអស់ មិនមែនដូចអ្វីដែលអាមេរិកធ្លាប់ចោទប្រកាន់ថា កំពង់ផែរាមជាមូលដ្ឋានទ័ពជើងទឹកចិននោះឡើយ។
ទោះជាយ៉ាងណា ពីក្រសែភ្នែករបស់ខ្លួន អ្នកជំនាញការអាមេរិកធ្លាប់បានអះអាងថា វត្តមានកងទ័ពចិនបានចាប់ផ្តើមជាផ្លូវការលើទឹកដីកម្ពុជាតាំងពីអំឡុងខែធ្នូឆ្នាំ២០២៣តាមរយៈការចូលចតរបស់នាវា២គ្រឿង។ នេះជាអ្វីដែលសហរដ្ឋអាមេរិកអះអាងតាមរូបភាពពីប្រព័ន្ធផ្កាយរណបរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ និងដែលត្រូវបានចុះផ្សាយដោយទស្សនាវដ្តី Newsweek របស់សហរដ្ឋអាមេរិកនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤៕
