កម្ពុជា
កម្ពុជា-សន្តិសុខជាតិ
06/04/2025 – 13:11
ដោយ៖ សាំ ឧត្តម
RFI
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងការពារជាតិពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដើម្បីកំណត់ និងដកហូតយកកោះមួយចំនួនដែលគ្មានសកម្មភាពអភិវឌ្ឍន៍ មកធ្វើជាទីតាំងបម្រើដល់វិស័យការពារជាតិ។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីសម្ពោធមូលដ្ឋានកងទ័ពជើងទឹករាមនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។ តាមលោក ហ៊ុន ម៉ាណែត កន្លងមក រដ្ឋាភិបាលបានដកហូតកោះមួយចំនួនពីវិស័យឯកជន ក្រោយមើលឃើញថា ក្រុមហ៊ុនទាំងនោះស្នើសុំអាជ្ញាប័ណ្ណរួច តែទុកចោលមិនអភិវឌ្ឍន៍។

ថ្លែងនៅចំពោះមុខមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល បណ្តាអង្គទូត និងកងទ័ពជើងទឹក លោក ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សិក្សាវាយតម្លៃ និងបែងចែកឱ្យបានច្បាស់លាស់ ដោយកំណត់ថា កោះណាខ្លះត្រូវយកមករក្សាទុកធ្វើជាទីតាំងបម្រើដល់វិស័យការពារជាតិ ហើយកោះណាខ្លះត្រូវទុកសម្រាប់ឱ្យវិស័យឯកជនស្នើសុំអាជ្ញាបណ្ណយកទៅអភិវឌ្ឍន៍។
សម្រាប់ប្រមុខរដ្ឋាភិបាកម្ពុជា នេះជាការគិតគូរយៈពេលវែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យការពារជាតិ ថ្វើបើបច្ចុប្បន្នកម្ពុជាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់យ៉ាងណាក៏ដោយ តែដើម្បីកំណត់ទីតាំងមួយឱ្យបានច្បាស់លាស់ជៀសវាងភាពរញ៉េរញ៉ៃនៅពេលក្រោយ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានបង្ហើបឱ្យដឹងត្រួសៗ ពាក់ព័ន្ធកោះដែលនឹងត្រូវដកហូតពីក្រុមហ៊ុនឯកជនមកវិញនេះថា រដ្ឋបាលខេត្តបានជួបប្រជុំពិនិត្យវាយតម្លៃជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាម្តងរួចហើយ។
លោកអភិបាលរងខេត្តដដែលរូបនេះបន្តថា បណ្តាកោះក្នុងខេត្តព្រះសីហនុមួយចំនួនកំពុងស្ថិតក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជន។ តាមលោក ឡុង ឌីម៉ង់ កោះខ្លះកំពុងអភិវឌ្ឍន៍ និងទាញផលសេដ្ឋកិច្ចចូលជាតិបានច្រើន តែថា កោះទាំងនោះមានទីតាំងល្អសម្រាប់ធ្វើជាយុទ្ធសាស្ត្រយោធា ដូច្នេះរដ្ឋបាលខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធនឹងពិនិត្យវាយតម្លៃជាបន្តទៀត។
កន្លងមក ក្រសួងការពារជាតិបានកំណត់យកកោះចំនួន៥ក្នុងខេត្តព្រះសីហនុ សម្រាប់ទុកជាទីតាំងបម្រើដល់វិស័យយោធា តែក្រោយមករដ្ឋាភិបាលក៏សម្រេចផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនឯកជនចូលមកអភិវឌ្ឍន៍វិញ។ នេះជាការបញ្ជាក់ពីលោក ឡុង ឌីម៉ង់។ ទោះយ៉ាងណា ទាំងរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងការពារជាតិពុំអាចបញ្ជាក់បានទេថា កោះណាខ្លះអាចនឹងត្រូវកំណត់ជាទីតាំងយុទ្ធសាស្ត្រយោធានៅថ្ងៃខាងមុខ ដ្បិតថា នេះជាកិច្ចការសន្តិសុខជាតិដែលមិនអាចបើកចំហរបាន។
សូមជម្រាបថា កម្ពុជាមានកោះតូចធំសរុបចំនួន៨៣ ក្នុងនោះខេត្តកោះកុងមានកោះសរុបទាំងអស់៣៥ ខេត្តព្រះសីហនុមានកោះសរុប៣២ ខេត្តកំពតមានចំនួន៣ និងខេត្តកែបមានកោះចំនួន១៣។ ក្នុងចំណោមកោះទាំង៨៣ ប្រជុំកោះពូលូវ៉ៃ គឺជាដែនដីភាគខាងត្បូងចុងក្រោយបង្អស់របស់កម្ពុជា។ ប្រជុំកោះពូលូវ៉ៃមានចម្ងាយ៩៥គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្តព្រះសីហនុ និងថាសព្វថ្ងៃមានកងសន្តិសុខលម្ហសមុទ្រឈរជើងប្រចាំការពារដែនកោះមួយនេះ៕