ដោយ ប្រាជ្ញ ចេវ
2025.04.07
RFI
ក្រុមសាច់ញាតិខ្មែរ រួមទាំងជនជាតិភូមា និងថៃ ធ្វើពិធីសង្ឃទានដើម្បីបង្សុកូលឧទ្ទិសកុសលដល់ជនដែលរងគ្រោះក្នងហេតុការណ៍ដួលរលំអាគារដោយសារគ្រោះរញ្ជួយដីក្នុងទីក្រុងបាងកក។ កម្មវិធីបង្សុកូលនេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយអង្គការសង់ត្រាល់ និងសមាគម មឿង យីផល្លី របស់លោក មឿង សុន កាលពីថ្ងៃទី៦មេសា។

មន្ត្រីគម្រោងទទួលបន្ទុកផ្នែកពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ (Central) លោក លឹង សុផុន ប្រាប់អាស៊ីសេរីនៅថ្ងៃទី៧មេសាថា ពលរដ្ឋខ្មែរជាង១០នាក់ រួមទាំងពលករភូមា និងថៃ បានចូលរួមពិធីធ្វើសង្ឃទាននៅខាងមុខទីតាំងអាគារដួលរលំ ដើម្បីបន់ស្រន់ឱ្យជនរងគ្រោះកំពុងបាត់ខ្លួនទាំងអស់ ឆាប់រកឃើញ។
គាត់ (ពលករខ្មែរ) ថា រយៈពេល១០ថ្ងៃហើយ មិនមានជនជាតិណានាំធ្វើ (សង្ឃទាន) ទេ សូម្បីតែថៃ សូម្បីតែភូមា។ ជាលើកដំបូង បានប្រារព្ធកម្មវិធីធ្វើបុណ្យកុសលនេះ និមន្តលោកមកសូត្របង្សុកូល ជូនមគ្គផលពួកគាត់ជាប់គាំងក្នុងអាគាររលំហ្នឹង។ ពលរដ្ឋខ្មែរថា មានខ្មែរយើងច្រើន ចង់មកចូលរួមដែរ តែដោយសារពួកគាត់នៅឆ្ងាយ ហើយពួកគាត់ខ្វះខាតសម្រាប់ការចំណាយធ្វើដំណើរ។— លោក លឹង សុផុន
សារព័ត៌មានថៃ Khaosod ចុះផ្សាយថា បន្ទាប់ពីសាកសពចំនួន២នាក់ទៀត ត្រូវបានគេរកឃើញកាលពីថ្ងៃទី៦មេសា បានធ្វើឱ្យអ្នកស្លាប់ដោយសារគ្រោះថ្នាក់ដួលរលំអាគារកើនដល់១៧នាក់ និងនៅសល់៧៧នាក់ទៀតបន្តបាត់ខ្លួន ខណៈប្រតិបត្តិការជួយសង្គ្រោះនិងរុករក បានឈានដល់ថ្ងៃទី១១ហើយ គិតត្រឹមថ្ងៃទី៧មេសានេះ។
សាច់ញាតិធ្វើសង្ឃទានឱ្យអ្នករងគ្រោះក្នុងអាគារដួលរលំ
ចំណែកអ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន ប្រាប់វិទ្យុបារាំងអន្តរជាតិកាលពីថ្ងៃទី៦មេសាថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ គឺមានពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង។ មន្ត្រីក្រសួងការងារបន្តថា ចំណែកពលករខ្មែរពីរនាក់ទៀតរងរបួស ប៉ុន្តែលោកមិនបានបញ្ជាក់ថា មានពលករខ្មែរសរុបប៉ុន្មាននាក់ ដែលរងគ្រោះក្នុងករណីដួលរលំអាគារនោះឡើយ។
អង្គការសង់ត្រាល់បានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនថា យ៉ាងហោចណាស់មានសាច់ញាតិពលករខ្មែរចំនួន៣នាក់ បន្តរង់ចាំដំណឹងពីក្រុមអ្នករុករកនៅក្បែរទីតាំងអាគារដួលរលំ។ ពលករទាំង៣នាក់ដែលមិនទាន់រកឃើញនោះ គឺលោកស្រី សុខ គិមស៊ី និងប្ដីឈ្មោះ សាន់ សឿន មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ខណៈម្នាក់ទៀតឈ្មោះ ផល្លា រតនា មានស្រុកកំណើតនៅខេត្តបាត់ដំបង។ មន្ត្រីអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ លើកឡើងថា ពលករខ្មែរដែលរងគ្រោះនៅក្នុងគ្រោះថ្នាក់រលំអាគារនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨មីនា អាចមានច្រើនជាងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។