កម្ពុជា
កម្ពុជា-ចិន
18/04/2025 – 13:40
ដោយ៖ អោ ស្រីពេជ្រ
RFI
ក្រោមការគាំទ្រពីមហាមិត្តចិន កិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន៥ ស្តីពីការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនត្រូវបានចុះហត្ថលេខាជាផ្លូវការរវាងកម្ពុជា និងក្រុមហ៊ុនឯកជនចិន។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១៨ មេសា កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង ៥ គឺជាឯកសារពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោដែលកំណត់ពីការបណ្តាក់ទុនរបស់អ្នកវិនិយោគ ប្រតិបត្តិការសាងសង់ និងការថែទាំជាដើម។
កម្ពុជា-ចិនបានចុះកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន៥ ស្តីពីគម្រោងព្រែកជីកហ្វូណន
នៅថ្ងៃទី១៧ មេសា លោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអ្នកកាន់គម្រោងព្រែកជីកហ្វូណនបានចុះហត្ថលេខាជាផ្លូវការជាមួយក្រុមហ៊ុនឯកជនចិន និងកម្ពុជាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានធម្មជាតិចម្រុះហ្វូណនតេជោ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងនៅថ្ងៃទី១៨ មេសាថា ក្រុមហ៊ុនឯកជនដែលបានចុះហត្ថលេខាក្នុងគម្រោងអភិវឌ្ឍន៍ព្រែកជីកដ៏ធំរបស់កម្ពុជា រួមមាន ក្រុមហ៊ុនសំណង់គមនាគមន៍ចិន (CCCC) ក្រុមហ៊ុន CRBC ក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ។
តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដដែល ឯកសារពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោដែលបានចុះហត្ថលេខាជាផ្លូវការទាំង ៥ច្បាប់មានដូចជា កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនដែលមានលោក ស៊ុន ចាន់ថុលជាតំណាងបានចុះហត្ថលេខាជាមួយលោក អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន កិច្ចព្រមព្រៀងវិនិយោគ កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និងកិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។
គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោប្រហែលជាគ្មានថ្ងៃសម្រេចចេញជារូបរាងទេ បើគ្មានការគាំទ្រពីមហាមិត្តចិន។ ក្នុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានាថ្ងៃទី ១៧-១៨មេសា ប្រធានាធិបតីចិន លោក ស៊ី ជីងពីងបានបញ្ជាក់ជាថ្មីម្តងទៀតពីជំហរបស់ចិនក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីជំរុញគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណន។ គួរដឹងថា គម្រោងព្រែកជីកហ្វូណនកើតចេញពីការជំរុញកិច្ចសហប្រតិបត្តិការ ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» និងក្នុងក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» រវាងរដ្ឋាភិបាលកម្ពុជា និងចិន។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាបានលើកឡើងថា ការចុះហត្ថលេខាផ្លូវការលើគម្រោងព្រែកជីកហ្វូណនជាតឹកតាងដែលបង្ហាញពីទំនាក់ទំនងកម្ពុជា និងចិនរឹងមាំ និងថា គម្រោងព្រែកជីករបស់កម្ពុជានេះក៏នឹងដំណើរការទៅមុខប្រកបដោយភាពជោគជ័យដែរ។

សូមរម្លឹកថា គម្រោងព្រែកជីកហ្វូណនតេជោដែលមានចម្ងាយ ១៨០គីឡូម៉ែត្រពីទន្លេបាសាក់ទៅកាន់សមុទ្រខេត្តកែបត្រូវចំណាយថវិកាសាងសង់ប្រមាណ ១ ៧០០ លានដុល្លារ។ គម្រោងព្រែកជីកហ្វូណននេះជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនខ្មែរ ដែលមានទុនវិនិយោគចំនួន ៥១% និងក្រុមហ៊ុនចិន CRBC ចំនួន ៤៩% ក្នុងរូបភាព BOT។ តាមផែនការ គម្រោងព្រែកជីកហ្វូណននឹងគ្រោងសាងសង់រួចរាល់នៅឆ្នាំ ២០២៨៕