ស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់ទៅការប្តីចិនទទូចឲ្យរដ្ឋាភិបាលជួយសង្គ្រោះមកកម្ពុជាវិញ

កម្ពុជា
19/04/2025 – 13:12
ដោយ៖ សាំ ឧត្តម
RFI

ស្ត្រីខ្មែរម្នាក់ដែលអះអាងកំពុងរងគ្រោះពីការចាញ់បោកមេខ្យល់អូសទាញទៅរៀបការជាមួយប្តីនៅចិនបានទទូចឱ្យរដ្ឋាភិបាលកម្ពុជាជួយសង្គ្រោះខ្លួននាំមកប្រទេសកម្ពុជាវិញ។ ការទទូចសុំរបស់ជនរងគ្រោះពេលនេះធ្វើឡើង ក្រោយរងការធ្វើទារុណកម្មពីសំណាក់ប្តីជាជនជាតិចិន។ គួរបញ្ជាក់ថា ស្ត្រីខ្មែរជាជនរងគ្រោះក៏ធ្លាប់សុំកិច្ចអន្តរាគមន៍ពីសំណាក់មន្ត្រីពាក់ព័ន្ធជាច្រើនដែរ តែពុំឃើញមានលទ្ធផល។

ស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់ទៅការប្តីចិនទទូចឲ្យរដ្ឋាភិបាលជួយសង្គ្រោះមកកម្ពុជាវិញ


ក្នុងវីដេអូបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៨ ខែមេសា អ្នកស្រី ញ៉ែម ស្រីល័ក្ខ បានស្នើសុំរដ្ឋាភិបាលកម្ពុជាឲ្យជួយសង្គ្រោះខ្លួនចេញផុតពីប្រទេសចិន ក្រោយចាញ់បោកមេខ្យល់រៀបការជាមួយប្តីជនជាតិចិននៅក្នុងប្រទេសចិនជាង ៦ឆ្នាំ។ អ្នកស្រី ញ៉ែម ស្រីល័ក្ខបាននិយាយថា កន្លងមក អ្នកស្រីធ្លាប់រត់គេចមកខ្មែរវិញតាមផ្លូវគោក តែត្រូវបានសមត្ថកិច្ចចិនចាប់ឃាត់ខ្លួន និងឃុំបណ្តោះអាសន្ន។ តែក្រោយមក ប្តីជាជនជាតិចិនក៏បានទៅធានាយកមកវិញ។

បន្ទាប់ពីត្រឡប់មកជួបប្តីចិនវិញ ស្ត្រីខ្មែររូបនេះក៏បានអះអាងថាបានរងការធ្វើទារុណកម្ម ត្រូវបណ្តេញចេញពីផ្ទះ និងថែមទាំងបង្អត់អាហារមួយរយៈផង។ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចចិនក្នុងខេត្តក្វាងស៊ីបានចេញលិខិតសម្រេចឃុំខ្លួនអ្នកស្រី ញ៉ែម ស្រីល័ក្ខ ក្នុងផ្ទះរយៈពេល ១ខែពីថ្ងៃទី១៤ ខែវិច្ឆិកា ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ បច្ចុប្បន្ន សមត្ថកិច្ចចិនក៏កំពុងស៊ើបអង្កេត ពិនិត្យលើសំណុំរឿង និងបទចោទ «ការចេញចូលទៅរស់នៅក្នុងប្រទេសចិនដោយខុសច្បាប់»។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី១៩ ខែមេសាថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចាត់ចែងឲ្យក្រុមការងារស្រាវជ្រាវអំពីសវតារបស់ស្ត្រីរងគ្រោះ ពិសេសទីតាំងរស់នៅក្នុងប្រទេសចិនដើម្បីឈានទៅសហការជាមួយអាជ្ញាធរចិនដើម្បីជួយសង្គ្រោះស្ត្រីរងគ្រោះមកកម្ពុជាវិញ។ ចំណែក លោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា អាជ្ញាធរកម្ពុជានឹងជួយសង្គ្រោះរាល់ពលរដ្ឋខ្មែរទាំងអស់ដែលរងគ្រោះដោយការចាញ់បោកមេខ្យល់ទៅរៀបការប្តីនៅក្រៅប្រទេស។

តាមលោកស្រី ជូ ប៊ុនអេង ស្ត្រីរងគ្រោះគួរតែដាក់ពាក្យបណ្តឹងទៅកាន់ស្ថានទូតខ្មែរនៅក្នុងប្រទេសចិន ឬផ្ញើសារសុំជំនួយមកក្រុមគ្រួសារនៅកម្ពុជាដើម្បីឲ្យគ្រួសារដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ហើយក្រសួងការបរទេសកម្ពុជានឹងបញ្ចូនដំណឹងនេះទៅស្ថានទូតខ្មែរនៅចិនវិញដើម្បីបើកការស៊ើបអង្កេតជួយសង្គ្រោះ។ ទោះយ៉ាងណា ស្រី្តជនរងគ្រោះបានអះអាងថា កន្លងមក ខ្លួនក៏បានធ្លាប់សុំកិច្ចអន្តរាគមន៍ពីសំណាក់មន្ត្រីពាក់ព័ន្ធច្រើនដែរ តែពុំមានលទ្ធផលអ្វីទាំងអស់។

ស្ត្រីដែលរងគ្រោះចាញ់បោកមេខ្យល់ទៅការប្តីនៅចិន
ស្ត្រីដែលរងគ្រោះចាញ់បោកមេខ្យល់ទៅការប្តីនៅចិន © Internet

ត្រង់ចំណុចនេះ លោកស្រី ជូ ប៊ុនអេងបានបញ្ជាក់ថា អាជ្ញាធរកម្ពុជាមិនដែលព្រងើយកន្តើយចំពោះការស្នើសុំជំនួយរបស់ជនរងគ្រោះណាម្នាក់ទេ និងថា ស្ត្រីរងគ្រោះខាងលើដែលរស់នៅប្រទេសចិនជាង ៦ឆ្នាំគួរតែដាក់ពាក្យបណ្តឹងមកស្ថានទូតខ្មែរនៅក្នុងប្រទេសចិន ឬដាក់ពាក្យបណ្តឹងតាមប្រព័ន្ធសារអេឡិចត្រូនិច។

តាមអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សរូបនេះដដែល ក្នុងរយៈពេលប្រមាណ ៣ខែ ក្នុងឆ្នាំ២០២៤ កន្លងទៅ សមត្ថកិច្ចកម្ពុជាបានជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយការចាញ់បោកមេខ្យល់ប្រមាណជាង ១០០ករណី ក្នុងនោះភាគច្រើនជាស្ត្រីវ័យក្មេង៕

What Next?

Recent Articles