នាវាជប៉ុន២គ្រឿងចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជារយៈពេល៤ថ្ងៃ

កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
20/04/2025 – 07:44
ដោយ៖ សឹម ចាន់សំណាង
RFI

នាវារបស់កងស្វ័យការពារជើងទឹកជប៉ុនចំនួន២គ្រឿងចូលចតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍មូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ មេសា ឆ្នាំ២០២៥។ តាមទីភ្នាក់ងារព័ត៌មានជាតិកម្ពុជា AKP ការចូលចតរបស់នាវាជប៉ុននៅមូលដ្ឋានទ័ពរាមនាពេលនេះបានរូមចំណែកដល់ការសម្រេចបាននូវឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ក៏ដូចជាការរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងអន្តរជាតិ។

នាវាជប៉ុន២គ្រឿងចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជារយៈពេល៤ថ្ងៃ


តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជាតិកម្ពុជា AKP នាវាកងស្វ័យការពារជើងទឹកជប៉ុនទាំង២នេះ នឹងចូលចតនៅមូលដ្ឋានទ័ពរាមកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ ជប៉ុនគឺជាប្រទេសដំបូងគេ ដែលកម្ពុជាបានអនុញ្ញាតឲ្យនាវាចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជា ក្រោយការបើកសម្ពោធមូលដ្ឋាននេះជាផ្លូវការកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥។

ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឲ្យដឹងថា នាវារបស់កងស្វ័យ​ការពារជាតិជប៉ុនទាំង២មានឈ្មោះ “Bungo” និង​ “Etazima”។ គួរជ្រាបថា សំណុំរឿងមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុតែងត្រូវបានប្រទេសលោកខាងលិច ពិសេសសហរដ្ឋអាមេរិក និងក្រុមប្រទេសសម្ព័ន្ធមិត្តអាមេរិកចោទសួរពីឯករាជ្យភាពរបស់កម្ពុជា និងដាក់មន្ទិលសង្ស័យពីការដែលចិនពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅកម្ពុជា និងនៅក្នុងតំបន់។

តែអ្នកជំនាញភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ យល់ឃើញថា ការដែលកម្ពុជាអនុញ្ញាតឲ្យនាវាជប៉ុនចូលសំចតមុនគេនៅកំពង់ផែរាម គឺជាការបង្ហាញប្រាប់ទៅក្រសែភ្នែកអន្តរជាតិថា កម្ពុជាតែងតែបើកចំហជាមួយប្រទេសទាំងអស់​ ពោលមិនមែនដូចអ្វីដែលអាមេរិកធ្លាប់ចោទប្រកាន់ថាកំពង់ផែរាមជាមូលដ្ឋានទ័ពជើងទឹកចិននោះទេ។

សូមរំលឹកថា ក្នុងឆ្នាំ​ ២០២២ រដ្ឋាភិបាលចិនបានសម្រេចជួយកម្ពុជាក្នុងការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម។ នៅក្នុងប្រតិបត្តិការធ្វើទំនើបកម្មកាលណោះ​ មានអគារជាច្រើនដែលជាមូលនិធិរបស់អាមេរិកត្រូវបានកម្ទេចចោលដើម្បីជំនួសឲ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីដែលជាជំនួយរបស់ប្រទេសចិន។ បន្ទាប់ពីបានចំណាយពេលជួសជុលរយ:ពេល​ ៤ឆ្នាំ មូលដ្ឋានកងទ័ពជើងទឹករាមត្រូវបានសម្ពោធនៅថ្ងៃទី៥ មេសា​ ហើយកងទ័ពកម្ពុជា និងចិនក៏បានបើកសមយុទ្ធរួមគ្នាភ្លាមៗដែរ។

នាវាជប៉ុន២គ្រឿងចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជារយៈពេល៤ថ្ងៃ
នាវាជប៉ុន២គ្រឿងចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជារយៈពេល៤ថ្ងៃ © ស្ថានទូតជប៉ុនប្រចាំកម្ពុជា

ដោយឡែក​ នៅក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការមូលដ្ឋានទ័ពរាម ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍ដល់នាវារបស់កងទ័ពបរទេសឲ្យចូលសំចតដោយគ្មានការលាក់បាំងអ្វីទាំងអស់។ តែលោក ហ៊ុន ម៉ាណែតមិនភ្លេចបញ្ជាក់ដោយរម្លឹកជាថ្មីថា កម្ពុជាមិនអនុញ្ញាតឲ្យកងទ័ពបរទេសដាក់តាំងមូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជាទេ៕

What Next?

Recent Articles