ម៉ុងហ្គាប៉េ៖ កម្ពុជានៅតែបន្តនាំចេញស្វាកន្ទុយវែង ទោះ CITES ណែនាំឲ្យផ្អាកការជួញដូរ

កម្ពុជា
កម្ពុជា-សត្វព្រៃ
22/04/2025 – 11:38
ដោយ៖ សឹម ចាន់សំណាង
RFI

កម្ពុជានៅតែបន្តនាំចេញសត្វស្វាកន្ទុយវែង ក្នុងចំនួនដ៏ច្រើនទៅទីផ្សារសហរដ្ឋអាមេរិក បើទោះបីជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិហៅកាត់ថា (CITES) បានណែនាំឲ្យផ្អាកការជួញដូរសត្វស្វាប្រភេទនេះពីកម្ពុជាក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបរទេសម៉ុងហ្គាបេ នៅថ្ងៃទី២១ មេសា ដោយបន្ថែមថា កម្ពុជាបានក្លាយជាអ្នកផ្គត់ផ្គង់សត្វស្វាកន្ទុយវែងដ៏ធំមួយសម្រាប់ស្រាវជ្រាវ និងពិសោធន៍វេជ្ជសាស្រ្ត បន្ទាប់ពីប្រទេសចិនបានបញ្ឈប់ការនាំចេញនៅឆ្នាំ២០២០។

ម៉ុងហ្គាប៉េ៖ កម្ពុជានៅតែបន្តនាំចេញស្វាកន្ទុយវែង ទោះ CITES ណែនាំឲ្យផ្អាកការជួញដូរ


បើតាមការចុះផ្សាយដោយ កាសែតម៉ុងហ្គាបេ Mongabay កម្ពុជាបានបង្កើនការនាំចេញសត្វស្វាកន្ទុយវែងរបស់ខ្លួន នៅអំឡុងពេលមានតម្រូវការបង្កើតវ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០។ គួរកត់សម្គាល់ថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ី រួមមានចិន និងវៀតណាមដែលនាំចេញសត្វស្វាកន្ទុយវែង ច្រើនជាងគេ ទៅកាន់ទីផ្សារពិភពលោក ជាពិសេសទៅសហរដ្ឋអាមេរិក សម្រាប់ការងារពិសោធន៍ស្រាវជ្រាវ។

ដោយស្រង់យកខ្លឹមសារពី របាយការណ៍អាមេរិកឈ្មោះ Sandy River Research កាសែតម៉ុងហ្គាបេបានលាតត្រដាងថា សត្វស្វាកន្ទុយវែងដែលនាំចេញពីកម្ពុជា និងវៀតណាម ជារឿយៗត្រូវបានប្រមាញ់ចាប់ពីក្នុងព្រៃ មុននឹងយកមកដាក់ទ្រុង ក្រោមស្លាកថា ជាសត្វស្វាចិញ្ចឹម។

សូមរំលឹកថា កាលពីថ្ងៃទី១៩មករា ឆ្នាំ២០២៥ គណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ (CITES) បានលើកឡើងពីអនុសាសន៍របស់ខ្លួន ប្រាប់ទៅបណ្តាប្រទេសដែលធ្លាប់នាំចូលសត្វស្វាកន្ទុយវែងពីកម្ពុជា ឲ្យផ្អាកការនាំចូលសត្វស្វាប្រភេទនេះទៅធ្វើការពិសោធន៍។ បើតាមលេខាធិការដ្ឋានរបស់ CITES គេមានភស្តុតាងដ៏គួរឲ្យជឿជាក់ស្តីពីការនាំចេញ សត្វស្វាព្រៃ ដោយខុសច្បាប់ ចេញពីកម្ពុជា។ ទន្ទឹមគ្នានោះ លេខាធិការដ្ឋាននៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិនៅបានស្នើឲ្យកម្ពុជាផ្តល់ព័ត៌មាន ប្រកបដោយតម្លាភាពស្តីពីការនាំចេញស្វាកន្ទុយវែងទៅទីផ្សារខាងក្រៅ។ នេះបើតាមការចុះផ្សាយរបស់កាសែតម៉ុងហ្គាបេដដែល ដោយលម្អិតថា ក្នុងឆ្នាំ២០២១ កម្ពុជាបាននាំចេញសត្វស្វារស់ ចំនួនជាង៤ម៉ឹន៨ពាន់ក្បាល បន្ទាប់មក ក្នុងចំនួនជិត ៣ម៉ឺន៨ពាន់ក្បាល នៅឆ្នាំ២០២២។ ប៉ុន្តែ នៅឆ្នាំដដែលនោះ រដ្ឋអាជ្ញាសហព័ន្ធសហរដ្ឋអាមេរិកបានចោទកសិដ្ឋានបង្កាត់ពូជសត្វស្វាមួយកន្លែងរបស់កម្ពុជាឈ្មោះ Vanny Bio Research ពីបទប្រតិបត្តិការលាងសត្វស្វា។

នៅក្នុងសំណុំរឿងជួញដូរសត្វសា្វដែលជិតផុតពូជនេះ ក្រសួងយុត្តិធម៌អាមេរិកធ្លាប់បានចោទប្រកាន់មន្ដ្រីកម្ពុជាជាច្រើននាក់ពីបទសមគំនិត និងរត់ពន្ធសត្វស្វាខុសច្បាប់ចូលទឹកដីអាមេរិកកាលពីឆ្នាំ២០២២។ ប៉ុន្តែ នៅក្នុងខែមីនា ឆ្នាំ២០២៤ តុលាការអាមេរិកបានសម្រេចលើកលែងការចោទប្រកាន់លើមន្ដ្រីកម្ពុជាទាំងនោះ ដោយសារតែគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុក។

ម៉ុងហ្គាប៉េ៖ កម្ពុជានៅតែបន្តនាំចេញស្វាកន្ទុយវែង ទោះCITESណែនាំឲ្យផ្អាកការជួញដូរ
ម៉ុងហ្គាប៉េ៖ កម្ពុជានៅតែបន្តនាំចេញស្វាកន្ទុយវែង ទោះCITESណែនាំឲ្យផ្អាកការជួញដូរ © Mongabay

ទាក់ទងនឹងការចុះផ្សាយរបស់កាសែតម៉ុងហ្កាបេ វិទ្យុបារាំងអន្តរជាតិ RFI មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយសេចក្តីរាយការណ៍នេះ។ ប៉ុន្តែម៉ុងហ្គាបេ បានស្រង់សម្តីលោក ឃឹម ហ្វីណង់ ថាគ្មានការជួញដូរសត្វស្វានៅក្នុងកសិដ្ឋានបង្កាត់ពូជស្វារបស់កម្ពុជាទេ។ អ្នកនាំពាក្យរបស់ក្រសួងកសិកម្មនៅបានច្រានចោលការលើកឡើងនានាជុំវិញ ការនាំចេញសត្វស្វាកន្ទុយវែងពីកម្ពុជា។

គួរបញ្ជាក់ដែរថា កាលពីខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមការដាក់សម្ពាធពីរដ្ឋបាលលោក ដូណាល់ ត្រាំ គណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ហៅកាត់ CITES ក៏បោះឆ្នោតច្រានចោលអនុសាសន៍ដែលស្នើឱ្យកម្ពុជាឈប់លក់សត្វស្វាកន្ទុយវែងដែលជិតផុតពូជទៅកាន់ប្រទេសជាសមាជិក CITES ទាំង ១៨៣ប្រទេស។ យ៉ាងណាក៏ដោយ គណៈកម្មាធិការ CITES នៅតែលើកឡើងពីក្តីបារម្ភពីការរំលោភបំពានច្បាប់អន្តរជាតិ ការផ្តល់ព័ត៌មានស្តីពីការចិញ្ចឹម ឬការនាំចេញស្វាកន្ទុយវែងទៅទីផ្សារបរទេស ដោយគ្មានតម្លាភាព និងបញ្ហាជិតផុតពូជរបស់សត្វស្វាកន្ទុយវែងជាដើម។

ក្នុងចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០២៣ កម្ពុជាបានបង្កើនការនាំចេញសត្វស្វាកន្ទុយវែងយ៉ាងច្រើនទៅកាន់ពិភពលោកសម្រាប់ការស្រាវជ្រាវវេជ្ជសាស្ត្រ ក្នុងចំនួនជាង៣០ម៉ឺនក្បាល។ សហរដ្ឋអាមេរិកគឺជាប្រទេសគោលដៅធំជាងគេដែលបានទិញសត្វស្វាកន្ទុយវែងជាង ៣ម៉ឺនក្បាលពីកម្ពុជា ក្នុងឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្មរបស់ CITES។ ជារឿយៗ លេខាធិការដ្ឋាននៃអនុសញ្ញា CITES និងក្រុមអ្នកការពារសត្វព្រៃអន្តរជាតិតែងទទូចឱ្យមានការផ្អាកការជួញដូរសត្វស្វាកន្ទុយវែង ឬស្វាក្ដាមនៅកម្ពុជា ក្រោមហេតុផលថា កម្ពុជាបានលួចលក់សត្វស្វាកន្ទុយវែងដែលចាប់ចេញពីក្នុងព្រៃ ពោលមិនមែនជាសត្វស្វាចិញ្ចឹមក្នុងកសិដ្ឋានដែលអនុញ្ញាតដោយអនុញ្ញា CITES នោះទេ៕

What Next?

Recent Articles