លោក រ៉ុង ឈុន និងមេធាវីនឹងចូលរួមក្នុងសវនាការពីបទមិនរាងចាល

កម្ពុជា
22/04/2025 – 14:07
ដោយ៖ ញឹម សុផល
RFI

មេធាវីការពារក្តីរបស់លោក រ៉ុង ឈុន ដែលជាទីប្រឹក្សាគណបក្សកម្លាំងជាតិបានអះអាង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ថា លោក និងកូនក្តីរបស់លោក នឹងចូលរួមក្នុងសវនាការនៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ នៅសាលាដំបូងរាជធានីភ្នំពេញ។ នៅក្នុងសវនាការនៅថ្ងៃពុធស្អែកនេះ លោក រ៉ុង ឈុន ត្រូវបានចោទពីបទ មិនរាងចាល ក្នុងបទល្មើសមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិមត្រូវបានលើកម្តងហើយ កាលពីខែមករា ឆ្នាំ២០២៥។

លោក រ៉ុង ឈុន និងមេធាវីនឹងចូលរួមក្នុងសវនាការពីបទមិនរាងចាល


លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា លោក និងកូនក្តីរបស់លោក នឹងចូលរួមសវនាការ ជាធម្មតា នៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធស្អែក តាមកាលកំណត់របស់តុលាការ។ លោកមេធាវីចាត់ទុកថា សវនាការលើសំណុំរឿងលោក រ៉ុង ឈុន គឺជារឿងធម្មតា ដោយលោកមិនមានយោបល់ ឬក្តីបារម្ភជាមុនអ្វីឡើយ។

យោងតាមលិខិតរបស់ខ្លួន កាលពីថ្ងៃទី០២ ខែមសា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានកោះអញ្ជើញលោកមេធាវី ជូង ជូងី ដើម្បីចូលរួមក្នុងសវនាការលើសំណុំរឿង ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម(ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិមប្រព្រឹត្ត នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤)។

ជាមួយគ្នានេះគណបក្សកម្លាំងជាតិក៏បានចេញសេចក្តីប្រកាសព័ត៌មានដែរ ដោយអំពាវនាវឲ្យតំណាងស្ថានទូតប្រចាំនៅកម្ពុជា អង្គការជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន និងសមាជិកគណបក្សចូលរួមតាមដានឃ្លាំមើលសវនាការផងដែរ។

សូមរំលឹកថា កាលពីខែមករា ឆ្នាំ២០២៥កន្លងទៅ មេធាវីការពារក្តីរបស់លោក រ៉ុង ឈុន បានសរសេរលិខិតស្នើសុំប្រធានសាលាដំបូងរាជធានីភ្នំពេញ ពន្យារពេលសវនាការលើសំណុំរឿងលោក រ៉ុង ឈុន ក្នុងបទ មិនរាងចាល ក្រោមមូលហេតុថា លោកមានជំងឺគ្រុនផ្ដាសាយ មិនអាចចូលរួមសវនាការ ការពារសិទ្ធិឲ្យកូនក្ដី តាមនីតីវិធីបាន។

លោក រ៉ុង ឈុន និងមេធាវីនឹងចូលរួមក្នុងសវនាការពីបទមិនរាងចាល
លោក រ៉ុង ឈុន និងមេធាវីនឹងចូលរួមក្នុងសវនាការពីបទមិនរាងចាល © កម្លាំងជាតិ

ក្រៅពីសំណុំរឿង មិនរាងចាលនេះ លោក រ៉ុង ឈុន ក៏មានសំណុំរឿងមួយទៀត ដែលមេធាវីរបស់លោក បានស្នើទៅកាន់សាលាឧទ្ធរណ៍ភ្នំពេញ ទាក់ទងទៅនឹងការសុំនីតិសម្បទានយោបាយឡើងវិញ។ ក៏ប៉ុន្តែសាលាឧទ្ធរណ៍នៅមិនទាន់ប្រកាសពីសំណុំរឿងនេះ ក្រោយពីលើកពេល១ដងដែរ៕

What Next?

Recent Articles