តុលាការអាមេរិកបង្គាប់ឲ្យទទួលយកបុគ្គលិកវិទ្យុអាស៊ីសេរី RFA និង វិទ្យុVOA ចូលធ្វើការវិញ

កម្ពុជា
23/04/2025 – 10:22
ដោយ៖ អ៊ឹង ប៊ុនថន
RFI

តុលា​ការ​សហព័ន្ធ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន បាន​ចេញ​ដី​កា​មួយ នៅ​ថ្ងៃ​អង្គារ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៥ ដោយបង្គាប់​ឲ្យ​ទទួល​យក​បុគ្គលិក​របស់​វិទ្យុ​អាស៊ី​សេរី (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ចូល​ធ្វើ​ការ​វិញ​។ សេចក្តី​សម្រេច​នេះ ធ្វើ​ឡើង បន្ទាប់ពី​ចៅក្រម​បើក​សវនាការ​ទៅលើ​បណ្តឹង​របស់​អ្នក​តំណាង​វិទ្យុទាំង​ពីរ​នេះ ​ដែលបាន​តវ៉ា​ប្រឆាំង​នឹង​ការ​ផ្តាច់​ជំនួយ​របស់​ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល​ (USAGM) ទៅ​តាម​បទ​បញ្ជា​របស់​ប្រធានា​ធិបតី ដូណាល់ ត្រាំ កាល​ពី​ខែ​មីនា​។

តុលាការអាមេរិកបង្គាប់ឲ្យទទួលយកបុគ្គលិកវិទ្យុអាស៊ីសេរី RFA និង វិទ្យុVOA ចូលធ្វើការវិញ


នៅ​ក្នុង​សេចក្តី​សម្រេច​កាល​ពីថ្ងៃ​ទី​២២​មេសា ចៅក្រម​តុលា​ការ​សហព័ន្ធ​ប្រចាំ​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​ លោក ​Royce Lamberth បាន​បង្គាប់​ឲ្យ​ទទួល​យក​បុគ្គលិក​របស់ VOA និង RFA ដែល​ត្រូវ​បាន​បញ្ឈប់​កន្លង​មក​ឲ្យ​ចូល​ធ្វើ​ការ​វិញ និង​រក្សា​តួនាទី​ដូច​មុន ថ្ងៃ​ទី​១៤ខែ​មីនា ព្រម​ទាំង​បាន​បញ្ជា​ឲ្យបន្ត​ផ្តល់​ជំនួយ​ឡើង​វិញ ទៅ​កាន់​ស្ថាន​ប័នព័ត៌​មាន​ទាំង​ពីរ​នេះ។

ភ្លាម​ៗ លោក Michael Abramowitz នាយក​គ្រប់​គ្រង​វិទ្យុ VOA បាន​សំដែង​ការ​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​សេច​ក្តីសម្រេច​របស់​លោក​ចៅក្រម Royce Lamberth។ លោកចាត់​ទុក​ការសម្រេច​របស់​តុលា​ការ​ថា ជា​ការ​បើក​ផ្លូវឲ្យ​បុគ្គលិក VOA ទាំង​១៣០០ នាក់ រួមទាំង​បុគ្គលិក​ក្រៅ​ម៉ោងត្រឡប់​ទៅ​ធ្វើការ​វិញ និង​បំពេញ​តួនាទី​របស់​ពួកគេ ក្នុង​ការ​ផ្តល់​ព័ត៌​មាន​ផ្អែក​លើការ​ពិត អំពី​អាមេរិក និង​គោល​នយោបាយ​របស់​ខ្លួន​ទៅកាន់​ពិភព​លោក ​ខណៈ​ដែលសត្រូវ​របស់​អាមេរិក​កំពុង​ផ្សព្វផ្សាយ​ឥត​ឈប់​ឈរ ដើម្បី​បង្ខូច​ឈ្មោះ​អាមេរិក​។​

 លោក Christopher Murphy សមាជិក​ព្រឹទ្ធសភា​អាមេរិក​មក​ពី​គណបក្ស​ប្រជាធិ​បតេយ្យ បាន​គូស​បញ្ជាក់​លើ​បណ្តាញ​សង្គម​របស់​លោក​ថា «ជា​ការ​ពិត​ណាស់ ការ​បិទ​សំឡេង​របស់​វិទ្យុ​ VOA ធ្វើ​ឡើង​ដោយ​ការ​បំពាន​ច្បាប់​។ លោក​បន្ថែម​ថា ​VOA ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ដោយ​សភា តាម​រយៈ​ការ​បោះឆ្នោត​ដោយ​តម្លាភាព​។​ បើ​តាមសមាជិក​ព្រឹទ្ធសភា​រូប​នេះ លោក​ប្រធានា​ធិបតី ត្រាំ មិន​អាច​ព្រងើយ​កន្តើយ​បាន​ឡើយ​។​ ការ​មិន​អនុវត្ត​ច្បាប់​ដែលអនុម័ត​ដោយ​សភា​គឺ​ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ​អាមេរិក​។

RFA and VOA
RFA and VOA © RFI

សូម​បញ្ជាក់ថា កាលពី​អំឡុង​ខែ​មីនា​ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានបញ្ជា​ឲ្យ​កាត់​ផ្តាច់​ជំនួយ​ទាំង​ស្រុង​របស់ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល (USAGM) ដែល​ជា​ភ្នាក់​ងារ​ផ្តល់​ជំនួយ​បន្ត​ទៅ​កាន់វិទ្យុ​អាស៊ី​សេរី​ (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​(VOA) និង​វិទ្យុ​អឺរ៉ុប​សេរី​ (RFE)។​ ចំណាត់ការ​របស់​រដ្ឋ​បាលលោក​ដូណាល់ ត្រាំ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​បុគ្គលិក​ចំនួន ១៣០០​នាក់​នៅ​វិទ្យុ VOA និង​រាប់​រយនាក់​ផ្សេង​ទៀត នៅ​វិទ្យុ​អាស៊ី​សេរី ​(RFA) ក្នុង​នោះមាន​ទាំង​បុគ្គលិក​ជន​ជាតិ​ខ្មែរ​ផង​ដែរ​។ ​ចំណែក​វិទ្យុ​អឺរ៉ុប​សេរី បាន​ឈ្នះក្តី​លើ​បទ​បញ្ជា​របស់​លោក ដូណាល់ ត្រាំ តាំង​ពី​ដំបូង​ទី ​ដោយសារ​តែ​តំណាង​ លោក​ត្រាំ សុំ​ចុះ​ចាញ់​ដោយ​មិន​ចង់​តតាំង​ក្តី​នៅ​តុលាការ៕

What Next?

Recent Articles