លោក រ៉ុង ឈុន រំពឹងថា តុលាការនឹងឈប់ប្រើវិធានការច្បាប់លើរូបលោក ដើម្បីប្រយោជន៍ជាតិ

កម្ពុជា
23/04/2025 – 14:51
ដោយ៖ សឹម ចាន់សំណាង
RFI

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានបើកសវនាការជំនុំជម្រះសំណុំរឿង លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ «ពីបទមិនរាងចាល» ក្នុងបទល្មើសមជ្ឈិម បន្ទាប់ពីមានការផ្តន្ទាទោសក្នុងបទល្មើសមួយផ្សេងទៀតដែលផ្តើមចេញពីការនិយាយរឿងព្រំដែនកម្ពុជាវៀតណាមកន្លងមក។នៅក្រោយសវនាការ លោក រ៉ុង ឈុន មានសុទិដ្ឋិនិយមថា តុលាការនឹងពិចារណាទម្លាក់បទចោទលើរូបលោកទាំងស្រុង ដើម្បីប្រយោជន៍ជាតិ។ 

លោក រ៉ុង ឈុន រំពឹងថា តុលាការនឹងឈប់ប្រើវិធានការច្បាប់លើរូបលោក ដើម្បីប្រយោជន៍ជាតិ


ចំពោះលោករ៉ុង ឈុនដែលជាទីប្រឹក្សាគណបក្សកម្លាំងជាតិ អាមេរិកនៅបន្តឃ្លាំមើលដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ហើយកម្ពុជាក៏កំពុងចរចាពាណិជ្ជម្មជាមួយសហរដ្ឋអាមេរិក។ ការអះអាងរបស់លោក រ៉ុង ឈុន យ៉ាងដូច្នេះ ធ្វើឡើង បន្ទាប់ពីតុលាការរាជធានីភ្នំពេញបានសម្រេចថា សាលក្រមលើរឿងក្តីរបស់អ្នកនយោបាយជំទាស់ ចាស់វស្សារូបនេះនឹងត្រូវប្រកាសនៅថ្ងៃទី៥ ខែ ឧសភាខាងមុខ។

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រាប់វិទ្យុបារំាងអន្តរជាតិ RFI ថាតុលាការគួរពិចារណាបញ្ឈប់សំណុំរឿងរបស់លោក ដើម្បីកុំឲ្យខាតប្រយោជន៍ជាតិគ្រាដែលរដ្ឋាភិបាលកំពុងចរចាជាមួយភាគីអាមេរិក លើការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

សំឡេងលោក រ៉ុង ឈុន៖

បើតាមលោក រ៉ុង ឈុន គិតចាប់តាំងពីតុលាការផ្តើមនីតិវិធីកាត់ក្តីសំណុំរឿងមិនរាងចាលនេះ តុលាការបានសួរដេញដោលលោក បួនចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងសកម្មភាពនយោបាយរបស់លោក ដូចជាការចុះជួបប្រជាពលរដ្ឋនៅបឹងតាមោក និងនៅកន្លែងព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងការនិយាយជាមួយវិទ្យុអាស៊ីសេរី ជុំវិញដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ហ៊ុនម៉ាណែត នៅខេត្តភាគឦសាននៃប្រទេសកម្ពុជា។

លោក រ៉ុង ឈុន រំពឹងថា តុលាការនឹងឈប់ប្រើវិធានការច្បាប់លើរូបលោក ដើម្បីប្រយោជន៍ជាតិ
លោក រ៉ុង ឈុន រំពឹងថា តុលាការនឹងឈប់ប្រើវិធានការច្បាប់លើរូបលោក ដើម្បីប្រយោជន៍ជាតិ © សហការី

លោក រ៉ុង ឈុន ថាសកម្មភាពរបស់លោកគ្មានលក្ខណៈញុះញង់ ឬបង្កឲ្យមានភាពវឹកវរឬ ចលាចលក្នុងសង្គម រហូតឈានដល់ការកសាងសំណុំរឿងប្តឹងប្រឆាំងលោក ទៅតុលាការនោះទេ។

គួររំឭកថា ក្រៅពីសំណុំរឿង មិនរាងចាលនេះ លោក រ៉ុង ឈុន ក៏កំពុងមានសំណុំរឿងក្តីក្តាំដាច់ដោយឡែកមួយទៀត បន្ទាប់ពីមេធាវីរបស់លោក បានស្នើទៅកាន់សាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីសុំស្តារនីតិសម្បទានយោបាយរបស់លោកឡើងវិញ។ ក៏ប៉ុន្តែសាលាឧទ្ធរណ៍ គិតទល់ពេលនេះ នៅមិនទាន់ប្រកាសពីសំណុំរឿងនេះនៅឡើយទេ៕

What Next?

Recent Articles