កម្ពុជា
23/04/2025 – 11:40
ដោយ៖ សាំ ឧត្តម
RFI
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch នៅថ្ងៃទី២២ ខែមេសាបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន លើកយកពីក្តីកង្វល់ ជុំវិញការរំលោភបំពានឆ្លងដែនមកជជែកជាមួយរដ្ឋាភិបាលកម្ពុជា។ សំណើរបស់ Human Rights Watch នាពេលនេះ ធ្វើឡើងចំពេលដែលលោកស្រីនាយករដ្ឋមន្ត្រីថៃ កំពុងតែបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា។
HRW ជំរុញឱ្យនាយករដ្ឋមន្ត្រីថៃលើកបញ្ហារំលោភបំពានឆ្លងដែនមកជជែកជាមួយកម្ពុជា
ក្នុងដំណើរទស្សនកិច្ចផ្លូវការជាលើកទី២របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ មកកម្ពុជា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានជំរុញឱ្យលោកស្រីនាយករដ្ឋមន្ត្រីថៃលើកឡើងពីបញ្ហាសិទិ្ធមនុស្ស ពិសេសការគាបសង្កត់លើការឆ្លងដែន ជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ អង្គការ Human Rights Watch បានអះអាងថា រដ្ឋាភិបាលនៃប្រទេសទាំងពីរបានស្រុះស្រួលគ្នាគាបសង្កត់ បិទសិទ្ធិសេរីភាពនៃការឆ្លងដែន ដោយបំបិទមាត់អ្នកប្រឆាំង និងអ្នករិះគន់នានា តាមរយៈការចាប់បញ្ចូនអ្នកទាំងនោះមកប្រទេសកំណើតវិញ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន Human Rights Watch ចាត់ទុកប្រទេសថៃថា ជាកន្លែងគ្មានសុវត្ថិភាពសម្រាប់ជនភៀសខ្លួនឡើយ។ ពុំមានសុវត្ថិភាពដោយហេតុថា បុគ្គលមួយចំនួនដែលរត់ភៀសខ្លួនចេញពីកម្ពុជាទៅលាក់ខ្លួននៅថៃ ក្រោមហេតុផលនយោបាយ ត្រូវបានភាគីថៃចាប់បញ្ចូនមកឱ្យអាជ្ញាធរកម្ពុជាវិញ។
បន្ថែមពីនេះ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែលបានទាញភ្ជាប់ករណីបាញ់សម្លាប់អតីតតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ានៅទីក្រុងបាងកក អង្គការ Human Right Watch បានរិះគន់រដ្ឋាភិបាលកម្ពុជាថា គ្មានឆន្ទៈក្នុងការតាមចាប់ជនល្មើស។ គ្មានឆន្ទៈ ក៏ព្រោះថា ជនសង្ស័យទាំងពីរ គឺពេជ្រ គឹមស្រ៊ុន និង លី រតនៈរស្មីសុទ្ធសឹងតែជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាពុំបានអើពើ ចាត់វិធានការអ្វីឡើយ។
លោកស្រី Elaine Pearson នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) បានស្នើឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរត្រូវតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើអ្នកនយោបាយបក្សប្រឆាំង និងអ្នករិះគន់ដែលព្យាយាមឆ្លងដែនចេញទៅក្រៅប្រទេស ឬលាក់ខ្លួនក្នុងប្រទេសថៃ។ លោកស្រី Pearson ក៏បានជំរុញឱ្យនាយករដ្ឋមន្ត្រីថៃគួរតែដាក់សម្ពាធលើកម្ពុជា ដើម្បីលុបបំបាត់ការរំលោភបំពានឆ្លងដែន ព្រោះថារឿងនេះកំពុងធ្វើឱ្យខូចកិត្តិយស និងមុខមាត់នៃប្រទេសទាំងពីរ។ ម្យ៉ាងបើតាមនាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) នាយករដ្ឋមន្រ្តីថៃគួរយកដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ ដើម្បីចាប់ផ្តើមទំព័រថ្មីនៃភាពជាដៃគូ ដោយផ្អែកលើការគោរពសិទ្ធិមនុស្ស។

យ៉ាងណាមិញ ក្នុងជំនួបជាមួយលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាព្រឹកថ្ងៃទី២៣ ខែមេសា នៅវិមានសន្តិភាព លោក ហ៊ុន ម៉ាណែតបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃដែលបានអនុវត្តគោលនយោបាយ មិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងបង្កគ្រោះថ្នាក់ដល់កម្ពុជា។
សូមជម្រាបថា កម្ពុជា និងថៃបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយស្តីពីបត្យាប័នរវាងគ្នាកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៩៨។ សន្ធិសញ្ញាស្តីពីបត្យាប័ននេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការចាប់បញ្ជូនជនល្មើស រវាងប្រទេសទាំងពីរ ហើយវាក៏ជាផ្នែកមួយជួយជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការកម្ចាត់ឧក្រិដ្ឋកម្ម ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងបម្រើដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ។ យ៉ាងណាក៏ដោយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ កម្ពុជាបានឯកភាពគ្នាជាមួយថៃ លើការដោះដូរអ្នកទោស ស្ម័គ្រចិត្តទៅវិញទៅមក ដោយមិនចំបាច់ធ្វើបត្យាប័នដូចមុនឡើយ៕