ពលរដ្ឋខ្មែរជាង៩០% ស្នើឱ្យរដ្ឋាភិបាលកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់

កម្ពុជា
25/04/2025 – 12:01
ដោយ៖ សាំ ឧត្តម
RFI

ពលរដ្ឋខ្មែរជាង៩០% បានស្នើឱ្យរដ្ឋាភិបាលដាក់កំហិតកាន់តែខ្លាំងទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងគ្រប់ទម្រង់ ដើម្បីការពារ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង។ នេះបើយោងតាមការសិក្សាមួយរបស់រាជបណ្ឌិត្យសភាកម្ពុជាស្តីពីទស្សនៈសាធារណជនទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ ការសិក្សាដដែលក៏បានបង្ហាញឱ្យឃើញថា ការសេពគ្រឿងស្រវឹងក្នុងចំណោមពលរដ្ឋខ្មែរទូទៅនាពេលកន្លងមក គឺបានជះផលអវិជ្ជមានខ្លាំងដល់សេដ្ឋកិច្ច សង្គម និងអ្នកប្រើប្រាស់ផ្ទាល់។

ពលរដ្ឋខ្មែរជាង៩០% ស្នើឱ្យរដ្ឋាភិបាលកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់


របាយការណ៍សិក្សារបស់រាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា ក្នុងចំណោមពលរដ្ឋជាង៩០%ដែលគាំទ្រឱ្យរដ្ឋាភិបាលដាក់កំហិតលើការផ្សាយពាណិជ្ជកម្មសារប្រៀរ និងផលិតផលគ្រឿងស្រវឹងផ្សេងទៀតយល់ថា ការផ្សាយពាណិជ្ជកម្មស្រាបៀរបានជំរុញឱ្យពលរដ្ឋទូទៅ ពិសេសយុវជនខ្មែរចង់សេពគ្រឿងស្រវឹង ហើយញុំាងឱ្យពលរដ្ឋវ័យក្មេងកាន់តែច្រើនឡើងចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹង។ 

ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលរួមផ្សំនឹងការផ្តល់រង្វាន់ច្រើនលើសលប់ជូនអតិថិជនដូចជា រង្វាន់ឡាន ម៉ូតូ លុយសុទ្ធ មាស និងរង្វាន់ជាច្រើនផ្សេងទៀត សុទ្ធតែជាធាតុផ្សំសំខាន់ៗដែលបណ្តាលឱ្យចំនួនអ្នកប្រើប្រាស់​គ្រឿងស្រវឹងកើនឡើងខ្លាំង។ ម្យ៉ាងវិញទៀត យុទ្ធសាស្ត្រផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលយកតារាល្បីៗមានអ្នកគាំទ្ររាប់ម៉ឺននាក់ មកផ្សាយគ្រឿងស្រវឹង គឺជាកត្តារួមផ្សំបន្ថែមទៀតដែលជំរុញឱ្យយុវជនខ្មែរផ្តើមប្រើប្រាស់គ្រឿងស្រវឹង។

របាយការណ៍សិក្សាដដែលក៏បានរំលេចឱ្យឃើញនូវការប្រឈមដល់អ្នកប្រើប្រាស់គ្រឿងស្រវឹងដែរ។ ការប្រឈមទាំងនោះ គឺថា ពលរដ្ឋ និងយុវជនដែលសេពគ្រឿងស្រវឹងកន្លងមក សុទ្ធសឹងតែធ្លាប់មានបញ្ហាសុខភាពដែលជាផ្នែកមួយបណ្តាលឱ្យខាតបង់ថវិកា ហើយបង្កគ្រោះថ្នាក់ចរាចរណ៍។ បន្ថែមពីនេះ ក៏មានករណីបាត់បង់ការងារ ឬធ្វើការងារមិនពេញលេញ បោះបង់ការសិក្សា ឬការសិក្សាចុះខ្សោយ មានទំនាស់ក្នុងគ្រួសារ កើតមានអំពើហិង្សាលើរាងកាយ ការស្រែកឡូឡារំខានអ្នកដទៃពីសំណាក់អ្នកសេពគ្រឿងស្រវឹង។

ដោយផ្អែកលើបញ្ហាប្រឈមនានាកើតចេញពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាហេតុនាំឲ្យពលរដ្ឋខ្មែរច្រើនជាង៩០%បានគាំទ្រឱ្យរដ្ឋាភិបាលដាក់កំហិតលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទ និងគ្រប់ទម្រង់ ដើម្បីការពារសុខមាលភាពរបស់ពលរដ្ឋខ្មែរ និងបានជួយកាត់បន្ថយហានិភ័យនានាបណ្តាលមកពីការសេពគ្រឿងស្រវឹង។ នេះបើតាមរបាយការណ៍រាជបណ្ឌិត្យសភា។

ស្លាកប៉ាណូស្រាបៀរនៅជិតផ្សារម៉ាក្រូ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ
ស្លាកប៉ាណូស្រាបៀរនៅជិតផ្សារម៉ាក្រូ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ © Phnom Penh Post

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និងភ្នាក់ងារផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងទាំងអស់ ត្រូវទៅបំពេញបែបបទស្នើសុំការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅលេខាធិការដ្ឋាននៃក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នៃក្រសួងព័ត៌មាន។ ការតម្រូវបែបនេះរបស់ក្រសួងព័ត៌មាន ធ្វើឡើងក្រោយពី ក្រសួងសង្កេតឃើញកន្លងមក មានក្រុមហ៊ុន និងភ្នាក់ងារផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងមួយចំនួន បានបន្តផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមអាហ្វីស ប៉ាណូ ប៉ាណូអេឡិចត្រូនិច និងប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍ដោយគ្មានការអនុញ្ញាត បំពានច្បាប់ បង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សុខភាពសាធារណៈ និងការប្រកួតប្រជែងមិនសុចរិត។

គួរបញ្ជាក់ដែរថា ថ្មីៗនេះមានរបាយការណ៍ស្រាវជ្រាវថ្មីមួយរបស់វិទ្យាស្ថាននយោបាយសាធារណៈអាស៊ីអាគ្នេយ៍ និងវិទ្យាស្ថានចក្ខុវិស័យអាស៊ីដែលចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានរកឃើញថា យុវជនខ្មែរដែលមានអាយុពី១៥ ដល់១៩ឆ្នាំ ប្រមាណជាង២៥% មានទម្លាប់ផឹកគ្រឿងស្រវឹងច្រើនលើសលប់។ របាយការណ៍ដដែលអះអាងថា យុវជនខ្មែរ ផឹកគ្រឿងស្រវឹងខ្លាំងជាងថៃ តែនៅចាញ់យុវជនវៀតណាម៕ 

What Next?

Recent Articles