កម្ពុជា
27/04/2025 – 08:24
ដោយ៖ អ៊ឹង ប៊ុនថន
RFI
មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាអាមេរិក ផ្នែកថវិកា លោក Paul Grove បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងសប្តាហ៍នេះ ដោយជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត និងជួបពិភាក្សាការងារជាមួយមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតអាមេរិកតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៥។
មន្ត្រីផ្នែកថវិកាអាមេរិកជួប លោក ហ៊ុន ម៉ាណែត និងមន្ត្រីសង្គមស៊ីវិលនៅកម្ពុជា
ស្ថានទូតអាមេរិកមិនបានបង្ហាញពីលទ្ធផលនៃជំនួបរវាង លោក Paul Grove លេខាធិការ នៃអនុគណៈកម្មការថវិកា ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលបានជួបលោក ហ៊ុន ម៉ាណែត និងលទ្ធផលនៃជំនួបជាមួយមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជានោះទេ។ ចំណែកមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនដែលវិទ្យុបារាំងអន្តរជាតិ RFI បានសាកសួរអះអាងថា ពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយចេញមកជាសាធារណៈពីលទ្ធផលជំនួបនោះដែរ។
ចំណែក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរខ្លីលើហ្វេសប៊ុកថា លោកបានជួបជាមួយ លោក Paul Grove លេខាធិការ នៃអនុគណៈកម្មការថវិកា ព្រឹទ្ធសភាអាមេរិក ដោយពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការអនាគតរវាងកម្ពុជា-សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី២៥ មេសា ២០២៥។
រីឯស្ថានទូតអាមេរិកនៅភ្នំពេញបានសរសេរថា លោក Paul Grove មន្ត្រីជាន់ខ្ពស់ នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានប្រជុំជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងមន្រ្តីរដ្ឋាភិបាលដទៃទៀត ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខតំបន់។ ស្ថានទូតអាមេរិកបានក៏បន្ថែមថា លោក Paul Grove ក៏បានជួបជាមួយសង្គមស៊ីវិល និងអ្នកធ្វើការផ្នែកសុខភាពសាធារណៈ នៅក្នុងអំឡុងពេលនៃទស្សនកិច្ចរបស់លោកនៅកម្ពុជាក្នុងសប្តាហ៍នេះ។
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទទួលបន្ទុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់លើហ្វេសប៊ុករបស់លោកថា ក្នុងជំនួបរវាងលោក និងលោក Paul Grove ភាគីទាំងពីរបានពិភាក្សាជុំវិញស្ថានភាពសង្គម សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការនានា ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិក នៅក្នុងបរិការណ៍សកលនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការជំរុញការវិនិយោគបន្ថែមពីសហរដ្ឋអាមេរិក មកកាន់កម្ពុជាផងដែរ។

ជាការកត់សំគាល់ទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាអាមេរិកមកកម្ពុជាពេលនេះ គឺបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសយកពន្ធលើទំនិញរបស់កម្ពុជាចំនួន ៤៩% តែទម្លាក់មកនៅ១០% ដោយទុកពេលឲ្យចរចាក្នុងរង្វង់៩០ថ្ងៃ និងក្រោយពេលដែលអាមេរិកបង្ហាញពីបំណងយកពន្ធលើបន្ទះសូឡារបស់កម្ពុជាដល់ទៅជាង៣៥០០%ដែលនាំចេញទៅអាមេរិក៕