កម្ពុជា
កម្ពុជា-នយោបាយ
27/04/2025 – 12:19
ដោយ៖ ហ៊ុល រស្មី
RFA
យុវជនគណបក្សអំណាចនៅកម្ពុជា បានប្រកាសការពារដាច់ខាតនូវសន្តិភាព និងបូរណភាពទឹកដី និងការពារឲ្យខាងតែបាននូវប្រធានគណបក្សប្រជាជនកម្ពុជាគឺ លោក ហ៊ុន សែន និងនាយកដ្ឋមន្ត្រីបច្ចុប្បន្នគឺលោក ហ៊ុន ម៉ាណែត។ ការប្រកាសបែបនេះធ្វើឡើងតាមរយៈលទ្ធផលនៃសន្និបាតរបស់យុវជនថ្នាក់កណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៦ខែមេសា ឆ្នាំ២០២៥។
យុវជនបក្សកាន់អំណាចប្តេជ្ញាការពារ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដើម្បីរក្សាសន្តិភាព
ក្រោយការបិទបញ្ចប់សន្និបាត កាលពីថ្ងៃសៅរ៍ នៅទីស្នាក់កណ្តាលគណបក្សក្នុងរាជធានីភ្នំពេញ យុវជនគណបក្សប្រជាជនកម្ពុជា បានប្រកាសការពារអាយុជីវិតមេដឹកនាំកំពូលរបស់គណបក្សកាន់អំណាច និងភាពសុខុដុមរមនារបស់ប្រទេស។
តាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា អង្គសន្និបាតយុវជនគណបក្សកាន់អំណាច បានដាក់ចេញទិសដៅស្នូល និងជាអាទិភាពមួយគឺ ការពារដាក់ខាតនូវសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី និងការពារប្រធានគណបក្សលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ដែលក្រុមយុវជននេះចាត់ទុកថាជា «ស្នូលដឹកនាំ និងជាសរសរទ្រូងដ៏រឹងមាំរបស់គណបក្ស និងប្រទេសជាតិ»។
លើសពីការប្រកាសការពារមេដឹកនាំកំពូលរបស់បក្ស យុវជនគណបក្សកាន់អំណាច ក៏ប្រកាសកម្ចាត់ចោលនូវរាល់នយោបាយ និងសកម្មភាពដែលអ្នកកាន់អំណាចចាត់ទុកថា ជាសកម្មភាពជ្រុលនិយម ដែល «ប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា» និងរាំងស្កាត់ការជ្រៀតជ្រែករបស់អមិត្តពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
តែសហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន បានប្រតិកម្មនឹងសារនយោបាយរបស់យុវជនបក្សកាន់អំណាចថា មានការប្រាសចាកនឹងគោលការណ៍គ្រឹះប្រជាធិបតេយ្យ ហើយថាការធ្វើនយោបាយដើម្បីកម្ទេចក្រុមមួយ រួចតម្កើងក្រុមមួយទៀតមិនមែនជារឿងប្រសើរនៅក្នុងសង្គមប្រជាធិបតេយ្យនោះទេ។ លោកថា សារកម្ចាត់ក្រុមជ្រុលនិយមរបស់យុវជនបក្សកាន់អំណាច ក៏អាចបង្កការគំរាមកំហែង និងជាដាក់សម្ពាធលើក្រុមនយោបាយដែលប្រកាន់យកគោលការណ៍អហិង្សាផងដែរ។

អ្នកជំនាញច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត ប្រាប់វិទ្យុបារាំងអន្តរជាតិ RFIនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាគួររៀបចំឲ្យហើយនូវច្បាប់មួយដែលធានាបានសុវត្ថិភាពរបស់អតីតមេដឹកនាំប្រទេស ដូចជានាយករដ្ឋមន្ត្រី ខណៈពេលដែលគណបក្សកាន់អំណាចមានអំណាចពេញដៃក្នុងតាក់តែងច្បាប់នេះ។
តាមលោកវ៉ន ចាន់ឡូត ការធ្វើច្បាប់នេះ នឹងបង្កើនទំនុកចិត្តគ្នាក្នុងចំណោមអ្នកនយោបាយខ្មែរ និងញ្ចៀសវប្បធម៌ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី ដែលមានន័យថា ពេលមេដឹកនាំណាមួយអស់អំណាច ពួកគេ និងគ្រួសារនឹងមិនរងការធ្វើបាបខាងនយោបាយពីភាគីផ្សេងទៀត។
សូមរំឭកថា ក្រៅពីការប្រកាសកម្ចាត់ចោលនូវរាល់នយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាព យុវជនគណបក្សប្រជានជនកម្ពុជា នឹងបន្តពង្រឹងសតិអារម្មណ៍ ដោយធ្វើការអង្កេតអំពីសតិអារម្មណ៍យុវជន និងធ្វើការពន្យល់បកស្រាយចំពោះការវាយប្រហារ និងរិះគន់គ្មានមូលដ្ឋានច្បាស់លាស់របស់ក្រុមប្រឆាំងមកលើគណបក្ស និងរាជរដ្ឋាភិបាល៕