កម្ពុជា
28/04/2025 – 10:45
ដោយ៖ អ៊ឹង ប៊ុនថន
RFI
សាលារាជធានីភ្នំពេញបានចេញលិខិតជូនដំណឹងមួយទៅកាន់ក្រុមសហជីពដែលស្នើសុំទីតាំងទីលានប្រជាធិបតេយ្យដើម្បីប្រារព្ធពិធីអបអរទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៥។ អាជ្ញាធរបានបញ្ជាក់នៅក្នុងលិខិតថា ទីលានប្រជាធិបតេយ្យសម្រាប់តែធ្វើបាតុកម្មដោយសន្តិវិធី ឬបញ្ចេញមតិជាសាធារណៈ ពោលមិនមែនជាទីតាំងសម្រាប់ប្រារព្ធពិធីនានានោះទេ។ តែលោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជាដែលជាសហជីពមួយក្នុងចំណោមម្ចាស់សំណើផ្សេងទៀតយល់ថា ការបដិសេធរបស់អាជ្ញាធរគឺបង្ហាញពីការមិនយល់ចិត្តគ្នា។
លោកស្រី យ៉ាង សោភ័ណ្ឌ ថាការបដិសេធរបស់អាជ្ញាធរបង្ហាញពីការមិនយល់ចិត្តគ្នា
សូមបញ្ជាក់ថា នៅថ្ងៃទី១ ឧសភា ឆ្នាំ២០២៥ មានសមាគម អង្គការ និងសហជីពជាច្រើនបានត្រៀមប្រារព្ធពិធីអបអរទិវាពលកម្មអន្តរជាតិលើកទី១៣៩ នៅទីកន្លែងផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ ក្រសួងការងារបានធ្វើការជួបជុំថ្នាក់ដឹកនាំសហជីពមូលដ្ឋានជាង ១,២០០ សហជីព និងថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន ១៨១ សហព័ន្ធ សមាគមនិយោជក សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមផ្សេងៗចំនួន ៣៦សមាគមតាំងពីថ្ងៃអាទិត្យទី២៧ ខែមេសា។ ទិវាពលកម្មអន្តរជាតិឆ្នាំនេះនៅកម្ពុជាត្រូវរៀបចំក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់»៕
