កម្ពុជា
28/04/2025 – 11:45
ដោយ៖ អ៊ឹង ប៊ុនថន
RFI
នៅព្រឹកថ្ងៃទី២៨ ខែមេសានេះ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានជួបពិភាក្សាជាមួយសមាជិកព្រឹទ្ធសភា ៣រូបមកពីគណបក្សឆន្ទៈខ្មែរដែលជាគណបក្សជំទាស់តែមួយគត់មានសំឡេងនៅក្នុងព្រឹទ្ធសភាអាណត្តិទី៥។ លោក គង់ មុនីកា សមាជិកព្រឹទ្ធសភាគណបក្សឆន្ទៈខ្មែរបានឲ្យដឹងថា ជំនួបរវាងភាគីទាំងពីរបានពិភាក្សាពីបញ្ហាសេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជាបច្ចុប្បន្ន។
លោក គង់ មុនីកា ថាជំនួបជាមួយលោក ហ៊ុន សែន បានពិភាក្សាពីបញ្ហាសេដ្ឋកិច្ច និងនយោបាយ
លោក គង់ មុនីកា សមាជិកព្រឹទ្ធសភាវ័យក្មេងនៃគណបក្សឆន្ទៈខ្មែរប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ជំនួបលើកទី២នេះបានពិភាក្សាគ្នាពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចបច្ចុប្បន្ន ខណៈដែលអាមេរិកប្រកាសពីការដំឡើងពន្ធលើទំនិញរបស់កម្ពុជា។ តាមលោក គង់ មុនីកា ជំនួបនេះគឺដើម្បីស្វែងយល់ពីទស្សនៈរបស់អ្នកនយោបាយខ្មែរដើម្បីប្រយោជន៍ខ្មែរ ទោះមកពីគណបក្សផ្សេងគ្នាក៏ដោយ។
ទាក់ទងនឹងបញ្ហានយោបាយនៅកម្ពុជាវិញត្រូវបានលោក គង់ មុនីកា បញ្ជាក់ថា សមាជិកព្រឹទ្ធសភាគណបក្សជំទាស់បានស្នើឲ្យមានការបើកលំហប្រជាធិបតេយ្យនៅកម្ពុជា និងស្នើឲ្យមានការអនុញ្ញាតឲ្យសមាជិកគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរចូលសួរសុខទុក្ខសមាជិកគណបក្សជំទាស់ដែលកំពុងជាប់ឃុំ។
ចំណែកលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថា លោកបានអនុញ្ញាតឲ្យសមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា។ តែលោកមិនបានប្រាប់ពីខ្លឹមសារដែលភាគីទាំងពីរបានពិភាក្សាគ្នានោះទេ។
តែសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលបានពិព័ណ៌នាថា ជំនួបនេះជាការបង្ហាញពីការធ្វើនយោបាយមួយដែលពលរដ្ឋខ្មែរប្រាថ្នាចង់បាន ទោះអ្នកនយោបាយនោះមកពីបក្សផ្សេងក៏អង្គុយធ្វើការជាមួយគ្នាដើម្បីផលប្រយោជន៍រួមរបស់ខ្មែរបានដែរ។ សូមបញ្ជាក់ថា នេះជាជំនួបផ្ទាល់លើកទី២ រវាងលោក ហ៊ុន សែនក្នុងឋានៈជាប្រធានព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាទាំង ៣រូបមកពីគណបក្សឆន្ទៈខ្មែរ។

ជំនួបផ្ទាល់លើកទី១ បានធ្វើឡើងកាលពីពាក់កណ្តាលខែមេសាឆ្នាំ២០២៤ ពោលក្រោយពេលដែលព្រឹទ្ធសភាចាប់ផ្តើមដំណើរការដំបូងនៅក្រោយការបោះឆ្នោតរួច។ នៅក្នុងជំនួបផ្ទាល់លើកទី១ រយៈពេល ៣ម៉ោងកាលណោះ លោក ហ៊ុន សែន មានជំនឿថា ព្រឹទ្ធសភានីតិកាលទី៥នឹងដំណើរការទៅមុខយ៉ាងល្អដោយសារភាពស្និតស្នាល ភាពស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមកនៅក្នុងកិច្ចសន្ទនា៕