កម្ពុជា
កម្ពុជា-ខ្មែរក្រោម
28/04/2025 – 14:58
ដោយ៖ សឹម ចាន់សំណាង
RFI
នៅថ្ងៃទី២៩ មេសា ឆ្នាំ២០២៥ អង្គការសមាគមខ្មែរកម្ពុជាក្រោមនឹងដាក់ញត្តិទៅកាន់ស្ថានទូត និងស្ថាប័នអន្តរជាតិនានាក្នុងទីក្រុងភ្នំពេញ។ កម្មវត្ថុនៃការដាក់ញត្តិនេះ គឺដើម្បីទាមទារឲ្យអាជ្ញាធរវៀតណាមដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដែលកំពុងជាប់ឃុំឃាំងនៅក្នុងប្រទេសវៀតណាម រួមទាំងទាមទារឲ្យអាជ្ញាធរវៀតណាមបញ្ឈប់ការរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម។
សមាគមខ្មែរកម្ពុជាក្រោមនឹងដាក់ញត្តិទាមទារឲ្យវៀតណាមបញ្ឈប់ការរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន អង្គការសមាគមខ្មែរកម្ពុជាក្រោមដែលមានទីតាំងនៅទីក្រុងភ្នំពេញ អះអាងថា នឹងរៀបចំការជួបជុំ និងដង្ហែញត្តិដាក់ជូនបណ្តាស្ថានទូត និងស្ថាប័នអន្តរជាតិនាព្រឹកថ្ងៃទី២៩ មេសាដើម្បីឲ្យអាជ្ញាធរវៀតណាមដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ១៦អង្គ/នាក់ដែលកំពុងជាប់ឃុំ។ ក្រៅពីការស្នើសុំឲ្យគោរពសិទ្ធិមនុស្ស និងដោះលែងពលរដ្ឋខ្មែរក្រោម អង្គការសមាគមខ្មែរកម្ពុជាក្រោមក៏ចង់ឃើញរដ្ឋាភិបាលវៀតណាមសាងសង់ឡើងវិញនូវសាលាឆទានដែលអាជ្ញាធរវៀតណាមបានកំទេចនៅខេត្តលង់ហោរកាលពីដើមខែមេសា ឆ្នាំ២០២៤។ ទន្ទឹមគ្នានេះ អង្គការសមាគមខ្មែរកម្ពុជាក្រោមក៏ទទូចឲ្យអាជ្ញាធរវៀតណាមបញ្ឍប់រាល់សកម្មភាពគំរាមកំហែងគ្រប់រូបភាពលើពលរដ្ឋខ្មែរក្រោមដែរ។
គួរបញ្ចាក់ថា គម្រោងរៀបចំការជួបជុំ និងដង្ហែញត្តិដាក់ជូនបណ្តាស្ថានទូត និងស្ថាប័នអន្តរជាតិរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោមនៅព្រឹកថ្ងៃទី២៩ មេសាទទួលបានការអនុញ្ញាតពីសាលាក្រុងភ្នំពេញតាមរយៈជំនួបមួយកាលពីថ្ងៃទី២២ មេសា។ តែសាលាក្រុងភ្នំពេញបានអនុញ្ញាតឲ្យរៀបចំនៅទីស្នាក់ការរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម និងយល់ព្រមឲ្យមានអ្នកចូលរួមប្រមាណ ២០០នាក់។ ម្យ៉ាងទៀត ការរៀបចំនឹងត្រូវធ្វើឡើងតែមួយព្រឹកពេញដោយមានការរៀបចំការសម្តែងមតិ និងមានតំណាងដាក់ញត្តិទៅក្រសួងការបរទេសកម្ពុជា រួមទាំងការប្រារព្ធពិធីសាសនាដើម្បីជាកិច្ចបញ្ចប់នៃយុទ្ធនាការ។

សូមជម្រាបជូនថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ មានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន ៣អង្គ/នាក់ត្រូវបានអាជ្ញាធរវៀតណាមក្នុងខេត្តព្រះត្រពាំងចាប់ខ្លួនក្រោមបទចោទប្រកាន់កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ការចាប់ខ្លួនកាលណោះសហព័ន្ធខ្មែរកម្ពុជាក្រោមថ្កោលទោសយ៉ាងខ្លាំង និងថា រដ្ឋាភិបាលវៀតណាមបានគាបសង្កត់សិទ្ធិសេរីភាពពលរដ្ឋខ្មែរក្រោម ពិសេសលើការតស៊ូមតិដើម្បីសិទ្ធិជនជាតិដើមភាគតិច សិទ្ធិសេរីភាពខាងផ្នែកសាសនា និងការអភិរក្សវប្បធម៌៕