កម្ពុជា និងវៀតណាមចុះកិច្ចព្រមព្រៀងបង្កើនការដោះដូរពាណិជ្ជកម្មរវាងគ្នា

កម្ពុជា
កម្ពុជា-ពាណិជ្ជកម្ម
29/04/2025 – 12:21
ដោយ៖ ហ៊ុល រស្មី
RFI

កម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយវៀតណាមដើម្បីជំរុញការដោះដូរពាណិជ្ជកម្មរវាងគ្នាឲ្យដល់ ២០ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះបានធ្លាក់មកចំពេលដែលអាមេរិក និងចិនកំពុងបន្តសង្គ្រាមពាណិជ្ជកម្មរវាងគ្នា និងដែលសង្រ្គាមមួយនេះកំពុងធ្វើឲ្យសេដ្ឋកិច្ចសកលស្ថិតនៅក្នុងស្ថានភាពមួយមិនច្បាស់លាស់។ ដោយឡែក និងក្រៅពីវៀតណាម កម្ពុជាចង់ឲ្យវិនិយោគិន និងសហគ្រិនរុស្ស៊ីមកមើលសក្តានុពលរបស់ទីផ្សារកម្ពុជានៅក្នុងវិស័យជាច្រើន ពិសេសសិកម្ម និងថាមពល។

កម្ពុជា និងវៀតណាមចុះកិច្ចព្រមព្រៀងបង្កើនការដោះដូរពាណិជ្ជកម្មរវាងគ្នា


តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម កម្ពុជា និងវៀតណាមបានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់ឆ្នាំ២០២៥ និង២០២៦ និងការពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះដើម្បីរួមចំណែកឈានទៅសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្មចំនួន២០ពាន់លានដុល្លារអាមេរិក។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី ចម និម្មល នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្រៅពីបានជួបពិភាក្សាជាមួយមន្ត្រីវៀតណាម លោកស្រី ចម និម្មល ក៏ត្រូវបានទទួលជួបដោយនាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មីញជីញ ដែរ។

ដោយឡែក រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានស្នើឲ្យអ្នកជំនួញ សហគ្រិន និងវិនិយោគិនរុស្ស៊ីមកឈ្វេងយល់ពីទីផ្សារកម្ពុជា ពិសេសនៅក្នុងវិស័យកសិកម្ម និងផលិតផលម្ហូបអាហារ។ សំណើរបស់លោកប្រាក់ សុខុនដូចនេះធ្វើឡើងនៅក្នុងជំនួបតាមវីដេអូ conference ជាមួយលោកស្រី Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ីកាលពីថ្ងៃចន្ទ ទី២៨ មេសា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី២៩មេសា ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ ប្រមុខការទូតកម្ពុជាក៏បានស្វាគមន៍ចំពោះបំណងរបស់រុស្ស៊ីដែលចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងឧស្សាហកម្ម។

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ឃើញថា ការរួមគ្នាបង្កើតកិច្ចព្រមព្រៀង និងបង្កើនកិច្ចសហប្រតិបត្តិ្កការពាណិជ្ជកម្មរវាងកម្ពុជា វៀតណាម និងរុស្ស៊ី គឺជាការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក និងជាការធ្វើពិពិធកម្មទីផ្សារថ្មីសម្រាប់ប្រទេសទាំង ៣។

កម្ពុជា និងវៀតណាមចុះកិច្ចព្រមព្រៀងបង្កើនការដោះដូរពាណិជ្ជកម្មរវាងគ្នា
កម្ពុជា និងវៀតណាមចុះកិច្ចព្រមព្រៀងបង្កើនការដោះដូរពាណិជ្ជកម្មរវាងគ្នា © ក្រសួងពាណិជ្ជកម្ម

សូមជម្រាបថា ការពង្រឹងកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មរវាងកម្ពុជា វៀតណាម និងរុស្ស៊ីធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅកម្ពុជា និងចំពេលដែលអាមេរិក និងចិនកំពុងបន្តសង្គ្រាមពាណិជ្ជកម្មរវាងគ្នា និងដែលសង្រ្គាមមួយនេះកំពុងធ្វើឲ្យសេដ្ឋកិច្ចសកលស្ថិតនៅក្នុងស្ថានភាពមួយមិនច្បាស់លាស់៕

What Next?

Recent Articles