លោក ហ៊ុន សែន ទៅចូលរួមខួបទី៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមថ្ងៃទី៣០ មេសា ១៩៧៥

កម្ពុជា
29/04/2025 – 11:40
ដោយ៖ សឹម ចាន់សំណាង
RFI

នៅព្រឹកថ្ងៃទី២៩ មេសានេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅទីក្រុងហូជីមិញ ប្រទេសវៀតណាមដើម្បីចូលរួមខួបទី៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមថ្ងៃទី៣០ មេសា ១៩៧៥។ តាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែននឹងមានជំនួបការងារដាច់ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម និងថ្នាក់ដឹកនាំបរទេសផ្សេងទៀតនៅក្នុងឱកាសនោះ។

លោក ហ៊ុន សែន ទៅចូលរួមខួបទី៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមថ្ងៃទី៣០ មេសា ១៩៧៥


សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជាបានឲ្យដឹងថា ដំណើរទៅកាន់ប្រទេសវៀតណាមរបស់លោកហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើឡើងតបតាមការអញ្ជើញរបស់លោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមដើម្បីចូលរួមនៅក្នុងកម្មវិធីខួបទី៥០ ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមថ្ងៃទី៣០ មេសា ១៩៧៥។ តាមសេចក្តីប្រកាសព័ត៌មានដដែល វត្តមានរបស់លោក ហ៊ុន សែននៅក្នុងពិធីខួបទី៥០ ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមបានបញ្ជាក់យ៉ាងច្បាស់អំពីការបន្តរឹងចំណង លើកកម្ពស់មិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អឲ្យកាន់តែរីកចម្រើនថែមទៀត។

លោក ហ៊ុន សែន និងគណៈប្រតិភូកម្ពុជានឹងស្ថិតនៅក្នុងប្រទេសវៀតណាមរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២៥។ អ្វីជាការកត់សម្គាល់នៅក្នុងពិធីប្រារព្ធខួបទី៥០ ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម គឺមានការចូលរួមរបស់កងទ័ពបរទេសមកពីប្រទេសចិន ឡាវ និងកម្ពុជានៅក្បួនព្យុះហយាត្រា។ កាលពីថ្ងៃទី២២ មេសាកន្លងទៅថ្មីៗនេះ កាសែតរដ្ឋវៀតណាមបានចុះផ្សាយព្រោងព្រាតអំពីការហាត់សមដំណើរព្យុះហយាត្រាដែលមានការចូលរួមពីកងទ័ពចិន ឡាវ និងកម្ពុជា។

លោក សេង វណ្ណលី សាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដានភូមិសាស្ត្រនយោបាយយល់ឃើញថា ការបញ្ជូនកងទ័ពកម្ពុជាទៅចូលរួមព្យុះហយាត្រានៅក្នុងខួបទី៥០ ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមជាការបង្ហាញពីទំនាក់ទំនងល្អក្នុងវិស័យការពារជាតិ។ តែលោកមិនភ្លេចលើកឡើងថា កម្ពុជាក៏ត្រូវបញ្ជាក់ពីជំហរខ្លួនទៅកាន់វៀតណាមដើម្បីរំឭកថា កម្ពុជាបានរួមចំណែកដល់ឯករាជ្យភាពរបស់វៀតណាមកាលពី ៥០ឆ្នាំមុនដែរ។

លោក ហ៊ុន សែន ទៅចូលរួមខួបទី៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមថ្ងៃទី៣០ មេសា ១៩៧៥
លោក ហ៊ុន សែន ទៅចូលរួមខួបទី៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមថ្ងៃទី៣០ មេសា ១៩៧៥ © SHS

តាមកាសែតរដ្ឋវៀតណាមឈ្មោះ Vietnam Plus ការអញ្ជើញកងទ័ពបរទេសឲ្យចូលរួមនៅក្នុងក្បួនព្យុះហយាត្រា គឺដើម្បីបង្ហាញពីការរីកលូតលាស់នៃទំនាក់ទំនងការពារជាតិ អន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសក្នុងតំបន់។ គួររម្លឹកថា វៀតណាមបានឆ្លងកាត់សង្គ្រាមផ្ទៃក្នុងរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូងរយៈពេល២០ឆ្នាំ ពីឆ្នាំ១៩៥៥ ដល់១៩៧៥។ គឺទើបនៅថ្ងៃទី៣០ មេសា ឆ្នាំ ១៩៧៥ ដែលសង្រ្គាមផ្ទៃក្នុងវៀតណាមរវាងខាងជើង និងខាងត្បូងត្រូវបានបិទបញ្ចប់ជាស្ថាពរ៕

What Next?

Recent Articles