ដោយ ប្រាជ្ញ ចេវ
2025.05.01
RFA
ក្រុមអង្គការសង្គមស៊ីវិល មកពីខាងក្រុមសហជីពឯករាជ្យ អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុវជន កម្មករ និងពលរដ្ឋប្រមាណ២ពាន់នាក់ នាំគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៩ នៅថ្ងៃទី០១ ខែឧសភា នៅសួនច្បារទល់មុខក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពួកគាត់ប្រារព្ធទិវានេះ ក្រោមប្រធានបទ «រួមគ្នាបន្តអនុវត្តសេរីភាពមូលដ្ឋាន ដើម្បីធានាយុត្តិធម៌សង្គម» ដើម្បីលើកឡើងពីបញ្ហាប្រឈមនានាទៅកាន់រដ្ឋាភិបាល និងបានស្នើឱ្យរដ្ឋាភិបាលនិងនិយោជក បង្កើនការធានាការពារសិទ្ធិសេរីភាពមូលដ្ឋាន សេចក្ដីថ្លៃថ្នូររបស់កម្មករ និងដោះស្រាយរាល់កង្វល់របស់កម្មករឱ្យមានប្រសិទ្ធភាព។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWU) លោក ទូច កុសល បានស្នើឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មការ សម្រាប់ចរចានិងដំឡើងប្រាក់ឈ្នួលគោលជាប្រចាំឆ្នាំ សម្រាប់កម្មករគ្រប់វិស័យទាំងអស់ ខណៈបច្ចុប្បន្ន មានតែវិស័យកាត់ដេរមួយគត់ ដែលមានការប្រជុំពិភាក្សាដើម្បីដំឡើងប្រាក់ឈ្នួលគោលជាប្រចាំឆ្នាំ។ លោកបន្តថា វិស័យផ្សេងៗទៀត ដូចជាទេសចរណ៍ និងសំណង់ជាដើម ដែលកម្មករខ្លះបម្រើការអស់រយៈពេល១០ឆ្នាំ ប៉ុន្តែមិនដែលបានដំឡើងប្រាក់ខែនោះទេ បើទោះបីជាវិស័យពួកគាត់ បានចូលរួមចំណែកដូចគ្នា ក្នុងការជួយជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិយ៉ាងណាក្ដី។
ក្រុមអង្គការសង្គមស៊ីវិលនិងកម្មករនាំគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៩
ក្រុមអង្គការសង្គមស៊ីវិល មកពីខាងក្រុមសហជីពឯករាជ្យ អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុវជន កម្មករ និងពលរដ្ឋប្រមាណ២ពាន់នាក់ នាំគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៩ កាលពីថ្ងៃទី០១ ខែឧសភា នៅសួនច្បារទល់មុខក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងនៅកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សំណមពរឱ្យរដ្ឋាភិបាលឱ្យយកចិត្តទុកដាក់ ទៅលើកម្មករគ្រប់វិស័យទាំងអស់ គឺមិនថាវិស័យណាទេ គឺកំណត់ឱ្យមានប្រាក់ឈ្នួលគោលថ្នាក់ជាតិ…។ អ៊ីចឹងវិស័យណាក៏ដោយ ត្រូវមានប្រាក់ឈ្នួលគោល បើមិនអ៊ីចឹងទេ និយោជកកំណត់តាមអំពើចិត្តរបស់គាត់។— លោក ទូច កុសល
សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលបានបញ្ជាក់ថា វិស័យការងារនៅតែជាវិស័យចម្បងបំផុតមួយរបស់ប្រទេសកម្ពុជា ដែលមានកម្លាំងពលកម្មជាង៩លាន (៩,២៣) នាក់ ក្នុងនោះ ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប មានកម្មករនិយោជិតជាង៩សែន (៩២៥.០០០) នាក់ វិស័យសណ្ឋាគារ ទេសចរណ៍ និងសេវាកម្មជាង៦សែន (៦៣០.០០០) នាក់ និងវិស័យសំណង់ជិត ៣សែននាក់។
កាលពីថ្ងៃទី៣០មេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញលិខិតអបអរទិវាពលកម្មអន្តរជាតិលើកទី១៣៩ និងបានបញ្ជាក់ថា រដ្ឋាភិបាលមិនត្រឹមតែមានគោលដៅទាក់ទាញការវិនិយោគបង្កើនការងារ ប៉ុន្តែរដ្ឋាភិបាលក៏មានមហិច្ឆតាបង្កើតឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាពសម្រាប់កម្មករដែរ។
ទោះជាយ៉ាងណា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មអ្នកស្រី អ៊ូ ទេពផល្លីន សំណូមពរទៅរដ្ឋាភិបាលឱ្យលុបចោលច្បាប់ស្ដីពីសហជីព ដែលរដ្ឋាភិបាលបានបង្កើត។ អ្នកស្រីចាត់ទុកច្បាប់នេះ ថាជាការបំផ្លាញសិទ្ធិរបស់កម្មករទន់ខ្សោយ ហើយជាការបន្ថែមអំណាចឱ្យក្រុមថៅកែជាអ្នកមានលុយ។
ច្បាប់ស្ដីពីការងារ គឺមានរសជាតិល្អហើយ រសជាតិឱ្យកម្មករអាចចងក្រងសហជីព អាចបង្កើតសហជីពបាន។ ចុះចង្រៃអី មកបង្កើតច្បាប់សហជីពធ្វើអី ធ្វើឱ្យវិនាសសិទ្ធិរបស់កម្មករនិយោជិកធ្វើអី។ អ៊ីចឹង សុំឱ្យដកចេញនូវឧបសគ្គទាំងឡាយណា ទាំងការចុះបញ្ជី ទាំងការបង្កើតសហជីព ព្រោះកម្មករមានសិទ្ធិតែមួយគត់ អាចជជែកជាមួយថៅកែបាន គឺសិទ្ធិបង្កើតសហជីព។— អ្នកស្រី អ៊ូ ទេពផល្លីន
នៅក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ១ឧសភានេះ ក្រុមអង្គការ សមាគម និងសហជីពចំនួន៦២ស្ថាប័ន បានសំណូមពរទៅរដ្ឋាភិបាលចំនួន១៣ចំណុច ក្នុងនោះត្រូវបើកលម្ហសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ដើម្បីអាចទទួលបានការអនុគ្រោះពន្ធ EBA ២០%ពីសហភាពអឺរ៉ុបវិញ ត្រូវជជែកជាមួយអ្នកបញ្ជាទិញធំៗ ដើម្បីរកវិធីធានាស្ថិរភាពការងារជូនកម្មករ ស្របពេលកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក ត្រូវដោះលែងនិងទម្លាក់ការចោទប្រកាន់លើសហជីព និងសកម្មជនបរិស្ថាន និងការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត ដើម្បីដាក់បញ្ចូលពលករចំណាកស្រុកមានសិទ្ធិបោះឆ្នោតពីចម្ងាយជាដើម៕
សូមលោកអ្នកនាងរង់ចាំទស្សនាទស្សរឿងនេះជាវីដេអូ នាពេលឆាប់ៗនេះ!
#ខ្លីៗពីអាស៊ីសេរី [២៧៤]៖ សង្គមស៊ីវិលទាមទារឱ្យមានសេរីភាពជាមូលដ្ឋាន ដើម្បីធានាបានយុត្តិធម៌សសង្គម
#ខ្លីៗពីអាស៊ីសេរី [២៧៤]៖ សង្គមស៊ីវិលទាមទារឱ្យមានសេរីភាពជាមូលដ្ឋាន ដើម្បីធានាបានយុត្តិធម៌សសង្គម
រឿងរ៉ាវសំខាន់ៗក្នុងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥៖
១ ក្រុមអង្គការសង្គមស៊ីវិលនិងកម្មករទាមទារឱ្យមានសេរីភាពជាមូលដ្ឋាន ដើម្បីធានាបានយុត្តិធម៌សង្គម
២ អ្នកប្រជាធិបតេយ្យជួបសហភាពអឺរ៉ុបស្នើឱ្យដាក់សម្ពាធលើរដ្ឋាភិបាលដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញ
៣ ប្រមុខការពារជាតិកម្ពុជានិងថៃជួបពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហាសន្តិសុខតាមព្រំដែនប្រទេសទាំង២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។