ដោយ ប្រាជ្ញ ចេវ
2025.05.02
RFA
ក្រសួងរតនាគារសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍រកឃើញមួយនៅថ្ងៃទី០១ខែឧសភា ថា ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនមេនៃក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ ជាបណ្ដាញលាងលុយកខ្វក់ដ៏ចម្បងមួយ និងស្នើកុំឱ្យក្រុមហ៊ុននេះចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។

ក្រសួងរតនាគារអាមេរិកបានលើកឡើងទៀតថា ចាប់តាំងពីខែសីហា ឆ្នាំ២០២១មក ក្រុមហ៊ុន ហួយវ័ន គ្រុប និងបណ្ដាញក្រុមហ៊ុនជាបុត្តសម្ព័ន្ធ បានជួយលាងលុយកខ្វក់ចំនួន៤ពាន់លានដុល្លារ ឱ្យក្រុមឧក្រិដ្ឋជន រួមទាំងក្រុមចោរបច្ចេកវិទ្យារបស់កូរ៉េខាងជើង និងក្រុមឆបោកនៅតំបន់អាស៊ីអាគ្នេយ៍។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក ស្កុត បេសេនត៍ (Scott Bessent) បានលើកឡើងថា ក្រុមហ៊ុន ហួយវ័ន គ្រុប បានធ្វើជាទីផ្សារឱ្យក្រុមចោរបច្ចេកវិទ្យាដូចជានៅកូរ៉េខាងជើង និងក្រុមឧក្រិដ្ឋជនផ្សេងទៀត ដែលតែងធ្វើសកម្មភាពលួចលុយជារៀងរាល់ថ្ងៃពីពលរដ្ឋអាមេរិកអស់រាប់ពាន់លានដុល្លារ។ លោកបន្តថា ការបិទដំណើរការរបស់ក្រុមហ៊ុន ហួយវ័ន គ្រុប មិនឱ្យចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក គឺដើម្បីរារាំងកុំឱ្យពួកគេអាចលាងលុយកខ្វក់បន្តទៀត។
អាមេរិករកឃើញថា ក្រុមហ៊ុនហួយវ័នគ្រុបនៅកម្ពុជា ជាបណ្ដាញលាងលុយកខ្វក់ដ៏ធំឱ្យឧក្រិដ្ឋជន
លោក ហ៊ុន តូ ដែលជាបងជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជាប្រធានក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) ដែលជាក្រុមហ៊ុនបុត្តសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ហួយវ័ន គ្រុប។
អ្នកនាំពាក្យធនាគារជាតិនៃកម្ពុជា បានប្រាប់វិទ្យុអាស៊ីសេរីតាមអ៊ីម៉ែល (Email) កាលពីខែមីនាថា ធនាគារជាតិបានដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុនហួយវ័ន ផេ ស្របពេលមានការចោទប្រកាន់ថា បានដើរតួនាទីយ៉ាងសំខាន់លាងលុយកខ្វក់ឱ្យក្រុមសង្គមងងឹត។
កាលពីខែមីនា សារព័ត៌មានអាមេរិក ញូវ យ៉ក ថាមស៍ (New York Times) បានចេញផ្សាយការស៊ើបអង្កេតមួយដោយរកឃើញថា បណ្ដាក្រុមហ៊ុនបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន ហួយវ័ន គ្រុប គឺជាមជ្ឈមណ្ឌលនៃបណ្ដាញលាងលុយកខ្វក់ជាសកលមួយ ដែលក្រុមឆបោកតាមអនឡាយ បោកប្រាក់ជនរងគ្រោះតាមរយៈការវិនិយោគក្លែងក្លាយ តែងតែពឹងពាក់បណ្ដាក្រុមហ៊ុនបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន ហួយវ័ន គ្រុប សម្រាប់ផ្ទេរលុយទៅក្រៅប្រទេស ដើម្បីគេចពីផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។