កម្ពុជា
កម្ពុជា-ថៃ
03/05/2025 – 12:53
ដោយ៖ ហ៊ុល រស្មី
RFI
កងទ័ពថៃ និងកម្ពុជាដែលមានវត្តមាននៅក្នុងប្រាសាទតាមាន់នឹងដកថយចេញពីប្រាសាទ ទៅតាមការឯកភាពគ្នារវាងមន្ត្រីយោធាកម្ពុជា និងថៃ។ យោងតាមការចុះផ្សាយរបស់កាសែតថៃ Bangkok Post នៅថ្ងៃសៅរ៍ទី៣ឧសភានេះ មន្រ្តីយោធាថៃ និងកម្ពុជាបានជួបចរចាគ្នា កាលពីថ្ងៃសុក្រទី២ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងក្របខ័ណ្ឌនៃការយល់ព្រមព្រៀងរវាងរដ្ឋាភិបាលរបស់ប្រទេសទាំងពីរដើម្បីកាត់បន្ថយភាពតានតឹងនៅតំបន់ប្រាសាទដែលស្ថិតនៅក្នុងខេត្តសុរិន្ទប្រទសថៃ និងខេត្តឧត្តរមានជ័យប្រទេសកម្ពុជា។ ភាពតានតឹងរវាងភាគីកងទ័ពថៃនិងកម្ពុជាបានឡើងកម្តៅសាជាថ្មី នៅប្រាសាទបុរាណដ៏ចំណាស់មួយនេះ បន្ទាប់ពីមានស្ត្រីកម្ពុជាមួយក្រុមនាំគ្នាទៅច្រៀងចម្រៀងជាតិនៅទីនោះ កាលពីខែកុម្ភៈឆ្នាំ២០២៥។
ថៃនិងកម្ពុជាព្រមព្រៀងដកកងទ័ពចេញពីតំបន់ប្រទាញប្រទង់នៅប្រាសាទតាមាន់
យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃ ការចរចារវាងមន្រ្តីយោធាកម្ពុជា និងថៃ ស្តីពីការដកទ័ពចេញពីប្រាសាទតាមាន់ ធ្វើឡើងក្រោយជំនួបរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជាថៃ នាទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ដែលនៅក្នុងនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា និងសមភាគីថៃ លោក ភុំថាម វីឆាយ៉ាឆៃបានយល់ព្រមព្រៀងគ្នាកាត់បន្ថយភាពតានតឹងនៅព្រំដែន ក្បែរប្រាសាទ។
លោក ភុមថាម វីឆាយ៉ាឆៃ បានបញ្ជាក់ឲ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងគ្នាដកទ័ពចេញពីកន្លែងឈរជើងកន្លងមក ហើយនិង «អនុវត្តការអត់ធ្មត់»។ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីការពារជាតិថៃ បញ្ជាក់ថា ការដកទ័ពគ្រាន់តែជាការបញ្ចៀសភាពតានតឹង ប៉ុន្តែ មិនបញ្ជាក់ថា ការទាមទារកម្មសិទ្ធិរបស់ថៃលើទីតំាងប្រាសាទចុះខ្សោយនោះទេ។
នៅក្រោយកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការពារជាតិថៃ និងភាគីកម្ពុជា ប្រភពពីមន្រ្តីយោធាថៃបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា មន្រ្តីយោធាប្រទេសទាំងពីរបានជួបចរចាគ្នា នៅថ្ងៃសុក្រដោយផ្តោតលើការបង្កា ទប់ស្កាត់មិនឲ្យមានការប៉ះទង្គិចគ្នា នៅតំបន់ព្រំដែន ដោយរាប់បញ្ចូលនូវទីតាំងក្នុងតំបន់ប្រាសាទតាមាន់ដែរ។
គួររំលឹកថា នៅកម្ពុជា បា្រសាទតាមាន់ គឺស្ថិតលើខ្នងភ្នំដងរែក ខេត្តឧត្តរមានជ័យ។ ចំណែកនៅប្រទេសថៃ បា្រសាទនេះ ស្ថិតក្នុងខេត្តសុរិន្ទ។ ភាពតានតឹងនៅប្រាសាទ តាមាន់បានកើតឡើងសាជាថ្មី បន្ទាប់ពី ពលរដ្ឋកម្ពុជាមួយក្រុមបាននាំគ្នាទៅច្រៀង បទគោរពទង់ជាតិ កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅក្នុងប្រាសាទតាមាន់។ ដោយសារសកម្មភាពដែលសបញ្ជាក់ពីនិមិត្តរូបរបស់ប្រទេសណាមួយត្រូវហាមឃាត់នៅប្រាសាទតាមាន់ ទាហានថៃដែលប្រចាំការនៅក្នុងប្រាសាទបានចេញរារាំង ប៉ុន្តែ ក៏ត្រូវប៉ះទង្គិចតានតឹងពាក្យសម្តីជាមួយទាហានកម្ពុជាដែលឈរជើងនៅទីនោះដែរ។

នៅក្រោយការចុះផ្សាយរបស់កាសែតថៃ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រី ម៉ាលី សុជាតា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា លោកស្រីនៅមិនទាន់អាចបញ្ជាក់ពីការដកកងទ័ពចេញពីប្រាសាទតាមាន់របស់ភាគីកម្ពុជា និងថៃ នៅឡើយទេ ដោយថា លោកស្រីនឹងពិនិត្យបញ្ហានេះ ហើយផ្តល់ការឆ្លើយតបតាមលទ្ធភាពជាក់ស្តែង បើ ទទួលបានព័ត៌មានពីអង្គភាពជំនាញ។
គួរជម្រាបថា បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ មិនថាព្រំដែនគោក និងទឹក នៅតែជាប្រភពនៃភាពតានតឹងឡើងកម្តៅ។ ក្រុមនយោបាយថៃមកពីបក្សប្រឆាំងវិញ នៅតែបន្តដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ឲ្យបញ្ឈប់រាល់ការចរចាលក្ខណៈទ្វេភាគីណាមួយជាមួយកម្ពុជា។ ទន្ទឹមគ្នានេះ ក្រុមប្រឆាំងថៃក៏បានទាមទារឲ្យរដ្ឋាភិបាលថៃលុបចោលអនុស្សារណៈនៃការយោគយល់ឆ្នាំ២០០១ ស្តីពីព្រំដែនសមុទ្រ និងតំបន់ត្រួតស៊ីគ្នាទំហំជាង២ម៉ឺន៦ពាន់គីឡូម៉ែត្រការ៉េ៕