ឆបោកអនឡាញ៖ ម្តាយជនរងគ្រោះម៉ាឡេស៊ីម្នាក់ សុំឱ្យអាជ្ញាធរកម្ពុជាសង្គ្រោះកូនស្រីខ្លួន

កម្ពុជា
03/05/2025 – 10:24
ដោយ៖ សាំ ឧត្តម
RFI

ម្តាយរបស់ស្ត្រីរងគ្រោះជនជាតិម៉ាឡេស៊ីម្នាក់ បានទទូចស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ីជួយសង្គ្រោះកូនស្រីរបស់ខ្លួនដែលចាញ់បោកគេ មកធ្វើការឲ្យបណ្តាញក្រុមឆបោកអនឡាញក្នុងប្រទេសកម្ពុជា។ បើតាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី New Straits Times កាលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ស្ត្រីជនរងគ្រោះត្រូវបានគេជួញដូរដោយមិនដឹងខ្លួន ក្រោយពីធ្វើដំណើរកម្សាន្តមកលេងប្រទេសថៃ។ ជុំវិញករណីនេះ មន្ត្រីជំនាញកម្ពុជាអះអាងថា នៅមិនទាន់ទទួលបានព័ត៌មាន ឬការស្នើសុំកិច្ចសហការពីអាជ្ញាធរម៉ាឡេស៊ី ដើម្បីបើកការស៊ើបអង្កេត និងឈានដល់ការជួយសង្គ្រោះជនរងគ្រោះនៅឡើយទេ។

ឆបោកអនឡាញ៖ ម្តាយជនរងគ្រោះម៉ាឡេស៊ីម្នាក់ សុំឱ្យអាជ្ញាធរកម្ពុជាសង្គ្រោះកូនស្រីខ្លួន


កាសែតម៉ាឡេស៊ី New Straits Times បានរាយការណ៍ពីករណីស្ត្រីជនជាតិម៉ាឡេស៊ីវ័យ២២ឆ្នាំម្នាក់ដែលត្រូវបានគេជួញដូរមកធ្វើការក្នុងបណ្តាញក្រុមឆបោកអនឡាញក្នុងប្រទេសកម្ពុជា។ បើតាមកាសែតខាងលើស្រ្តីរងគ្រោះកំពុងទាក់ទងមកក្រុមគ្រួសាដើម្បីស្វែងរកវិធីជួយសង្គ្រោះ។ ស្ត្រីរងគ្រោះបានទាក់ទងមកក្រុមគ្រួសារតាមរយៈប្រព័ន្ធតេលេក្រាម និងបានផ្ញើទីតាំងដែលខ្លួនកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ នៅក្រោយទទួលដំណឹងនេះ ម្តាយស្ត្រីជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលីស និងស្វែងរកជំនួយអន្តរាគមន៍ពីអង្គការមនុស្សធម៌អន្តរជាតិម៉ាឡេស៊ី។

យោងតាមការចុះផ្សាយរបស់កាសែតម៉ាឡេស៊ី ម្តាយជនរងគ្រោះបានរៀបរាប់ថា ខ្លួនបានទទួលសារពីកូនស្រី ដែលត្រូវបានគេជួញដូរដោយមិនដឹងខ្លួន អំឡុងនាង និងមិត្តភក្តិផ្សេងទៀតកំពុងធ្វើដំណើរកម្សាន្តក្នុងប្រទេសថៃ។ នៅក្នុងសារនោះ នាងបានសុំឱ្យជួយសង្គ្រោះយកនាងចេញពីប្រទេសកម្ពុជា។

លោក Hishamuddin Hashim អគ្គលេខាធិការនៃអង្គការមនុស្សធម៌អន្តរជាតិម៉ាឡេស៊ីនិយាយប្រាប់កាសែត New Straits Times ថា អង្គការរបស់លោកកំពុងស្នើសុំជំនួយពីស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ី ដើម្បីសហការគ្នា ពន្លឿនការជួយសង្គ្រោះ។ ពាក់ព័ន្ធនឹងករណីនេះ វិទ្យុបារាំងអន្តរជាតិRFI នៅមិនទាន់ទទួលបានការឆ្លើយតបពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។

លោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សវិញបានអះអាងប្រាប់វិទ្យុបារាំងនៅថ្ងៃសៅរ៍នេះថា ភាគីកម្ពុជានឹងរង់ចាំកិច្ចសហការពីអាជ្ញាធរម៉ាឡេស៊ី ដើម្បីស្វែងរកជនរងគ្រោះដែលត្រូវគេបោកឲ្យមកធ្វើការក្នុងបណ្តាញក្រុមឆបោកអនឡាញ។ ប៉ុន្តែ លោកស្រី ជូ ប៊ុនអេងប្រាប់ថា មកទល់ពេលនេះ អាជ្ញាធរកម្ពុជាពុំទាន់ទទួលបានព័ត៌មានណាមួយពីអាជ្ញាធរម៉ាឡេស៊ីនោះទេ ខណៈកម្ពុជាក៏មិនព្រងើយកន្តើយពីរឿងនេះដែរ។

ម្តាយស្ត្រីជនរងគ្រោះដែលស្វែងរកការជួយសង្គ្រោះពីអង្គការមនុស្សធម៌អន្តរជាតិម៉ាឡេស៊ី
ម្តាយស្ត្រីជនរងគ្រោះដែលស្វែងរកការជួយសង្គ្រោះពីអង្គការមនុស្សធម៌អន្តរជាតិម៉ាឡេស៊ី © New Straits Times

សំណុំរឿងឆបោកតាមអនឡាញនេះបានក្លាយជាបញ្ហាចាក់ស្រេះដែលរដ្ឋាភិបាលកម្ពុជានៅតែបន្តដោះស្រាយជាប់ជាប្រចាំ។ កន្លងមក អាជ្ញាធរកម្ពុជាធ្លាប់បានចាប់បញ្ចូនជនជាតិចិន និងជប៉ុន ដែលធ្វើប្រតិបត្តិការឧក្រិដ្ឋកម្មអនឡាញ ដែលភាគច្រើនត្រូវបានរកឃើញក្នុងខេត្តព្រះសីហនុ។ បន្ថែមពីនេះ អាជ្ញាធរកម្ពុជាបានក៏ជួយសង្គ្រោះជនបរទេសរាប់ពាន់ដែលរងគ្រោះដោយសារការឆបោកតាមអនឡាញ ដូចជា ជនជាតិម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ វៀតណាម ហ្វីលីពីន ឥណ្ឌា និងចិន៕

What Next?

Recent Articles