មន្ទីរបរិស្ថានបដិសេធរឿងកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃនៅខេត្តព្រះវិហារ

កម្ពុជា
10/05/2025 – 12:28
ដោយ៖ ហ៊ុល រស្មី
RFI

មន្ទីរបរិស្ថានខេត្តព្រះវិហារនៅថ្ងៃទី៩ ខែឧសភា បានប្រតិកម្មនឹង​ការ​ចេញផ្សាយរបស់វិទ្យុអាសេរីកាលពីថ្ងៃទី៨ ខែឧសភា ដែលបានស្រង់សម្តីអ្នកការពារបរិស្ថាន លោក ម៉ា​ ចិត្រា ដែលថា​មានការកាប់បំផ្លាញព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឆែប-​ព្រះរការនៅក្នុងខេត្តព្រះវិហារ។ មន្ទីរបរិស្ថាន បានចោទប្រកាន់​អ្នករាយការណ៍ពីរឿងកាប់ឈើនោះថា​បានធ្វើសកម្មភាពខុសច្បាប់ និងមានចេតនាញុះញង់ផ្សព្វផ្សាយព័ត៌មានមិនពិត។​ តែសកម្មជនបរិស្ថាន ចង់ឃើញ ​មន្ត្រីពាក់ព័ន្ធ​ចុះទៅពិនិត្យករណីកាប់ឈើ​ដោយ​ផ្ទាល់ជាជាង​ច្រានចោលសេចក្តីរាយការណ៍នានាពីសកម្មជនព្រៃឈើនៅលើបណ្តាញ​ផ្សព្វ​ផ្សាយ។

មន្ទីរបរិស្ថានបដិសេធរឿងកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃនៅខេត្តព្រះវិហារ


ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៩ ខែឧសភា មន្ទីរបរិស្ថានខេត្តព្រះវិហារ​បាន ពន្យល់សាធារណជនថា ការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី៨ ខែឧសភា ជាដំណឹងគ្មានមូលដ្ឋានច្បាស់លាស់ ដោយបានប្រើ«ព័ត៌មានចាស់ រូបភាពចាស់» មិនឆ្លុះបញ្ចាំងការពិតជាក់ស្តែងនៃស្ថានភាពព្រៃឈើក្នុងពេលបច្ចុប្បន្ន។  មន្ទីរបរិស្ថានដដែលនេះ បានចោទ​ប្រកាន់ការ​ផ្សាយពីករណីកាប់​ឈើក្នុង​ដែន​ជម្រក​សត្វ​ព្រៃឆែប-​ព្រះរការថាជាការញុះញង់បំពុលសង្គម ធ្វើឲ្យសាធារណជន មានការយល់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ និងស្ថាប័ន។

មន្ទីរបរិស្ថានខេត្តព្រះវិហារ បានលើកចំឈ្មោះ លោក ម៉ា ចិត្រា ថាជាបុគ្គល តែងតែចូលក្នុងតំបន់ការពារដោយគ្មានច្បាប់អនុញ្ញាត ហើយព្រមទាំងបានបង្កើតព័ត៌មានមិនពិត មានចេតនាញុះញង់ ប៉ុនប៉ង និងបង្កឲ្យមានការបញ្ហាសណ្តាប់ធ្នាប់ក្នុងសង្គម។ ក្រសួងចាត់ទុកសកម្មភាពនេះមានវត្ថុបំណងបម្រើឲ្យនយោបាយរបស់ក្រុមនៅក្រៅច្បាប់នៅក្រៅប្រទេស។

វិទ្យុបារាំងអន្តរជាតិ RFI ព្យាយាមសុំការអត្ថាធិប្បាយពីអ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស លោក ម៉ា ចិត្រា តែលោកបដិសេធមិនផ្តល់ការអត្ថាធិប្បាយ។​

តាមសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៨ ឧសភា បានស្រង់​សំដីលោកម៉ា ចេត្រា ដែលបានអះអាងថា ដើមឈើតូចធំជាង២០០ដើម ត្រូវបានកាប់ផ្តួលរំលំនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ អំឡុងពេល​មុននិងក្រោយពិធីបុណ្យចូលឆ្នាំខ្មែរថ្មីនេះ។

តំបន់ព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ។
តំបន់ព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ។ © Ma Chettra

តែមន្ទីរបរិស្ថាខេត្តព្រះវិហារបានទាត់ចោលរបាយការណ៍នេះ និងបានបញ្ជាក់ជាថ្មីម្តងទៀតថា មន្ត្រីឧទ្យានុរក្សបានខិតខំបំពេញតួនាទីជាមួយការទទួលខុសត្រូវខ្ពស់ ដើម្បីការពារធនធានធម្មជាតិ បង្កើនគម្របបៃតង សម្តៅសម្រេចគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០២៥។ មន្ទីរបរិស្ថានដដែលក៏ព្រមានថានឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើបុគ្គល និងក្រុមខិលខូចចំពោះករណីខាងលើ និងស្នើសុំសារព័ត៌មានបញ្ឈប់ការផ្សាយព័ត៌មានមិនពិត ដើម្បីចៀសផុតពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ។

យ៉ាងណាក៏ដោយ អ្នកជំនាញគោលនយោបាយផ្នែកសិទ្ធិមនុស្ស​មនុស្ស និងបរិស្ថាន លោក ហេង គឹមហុង ដែលបានតាមដានករណី លោក ម៉ា ចិត្រា យល់ឃើញថា មន្ត្រីជំនាញពាក់ព័ន្ធគួរចាប់ផ្តើមកោះប្រជុំ និងធ្វើការផ្ទៀងផ្ទាត់ទិន្នន័យដែលរកឃើញដោយ លោក ម៉ា ចិត្រា និងសកម្មជនផ្សេងទៀត ដើម្បីធានាបាន​ព័ត៌មានសុក្រិតមួយ។ តាមអ្នកជំនាញដដែលរូបនេះ ការបញ្ជាក់ពីសុក្រិតភាពនៃទិន្នន័យរបស់ក្រុមសកម្មជន អាចមាន​ប្រយោជន៍២ធំៗ គឺទី១ បើព័ត៌មានដែលក្រុមសកម្មជនប្រមូលបានពិតជាត្រឹមត្រូវនោះ អាជ្ញាធរពាក់ព័ន្ធអាចបើកការស៊ើបអង្កេតឈានទៅចាប់ខ្លួនជនសង្ស័យកាប់​ព្រៃឈើ ហើយទី២ ការធ្វើបែបនេះ អាចលាងជម្រះមន្ទិលរបស់សាធារណជន ជុំវិញការកាប់ព្រៃឈើក្នុងតំបន់ការពារផងដែរ៕

What Next?

Recent Articles