Eurasia Review ថា កម្ពុជានឹងមិនអាចលុបបំបាត់ជំងឺឆ្លងនៅឆ្នាំ ២០៣០

កម្ពុជា
12/05/2025 – 13:10
ដោយ៖ ហ៊ុល រស្មី
RFI

បណ្តាប្រទេសក្នុងសមាគមអាស៊ាន ក្នុងនោះមានទាំងកម្ពុជាមួយផងនឹងខកខានមិនអាចសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG របស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងបញ្ហាសុខភាពបានទេ។ មូលហេតុ គឺដោយសារស្ថានភាពប្រឈមមួយចំនួនដូចជាកង្វះហិរញ្ញវត្ថុ និងការអភិវឌ្ឍសង្គមដែលមិនស្មើភាពគ្នា។ នេះជាការវាយតម្លៃនៅក្នុងសេចក្តីវិភាគមួយដែលតាមដានការវិវឌ្ឍខាងសុខាភិបាលក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយដែលត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ Eurasia Review

Eurasia Review ថា កម្ពុជានឹងមិនអាចលុបបំបាត់ជំងឺឆ្លងនៅឆ្នាំ ២០៣០


សេចក្តីវិភាគបានបង្ហាញថា ប្រទេសទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាននឹងមិនអាចសម្រេចបាននូវគោលដៅសកលនានាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដូចជា គ្រុនចាញ់ មេរោគអេដស៍ និងជំងឺអេដស៍ របេង ថ្លើមប្រភេទ B និងជំងឺដែលកើតមានក្នុងតំបន់ត្រូពិកផ្សេងទៀត ទោះបីជាប្រទេសទាំងអស់នេះបានប្តេជ្ញាចិត្តបំបាត់ជំងឺទាំងនោះឲ្យអស់ត្រឹមឆ្នាំ២០៣០ក៏ដោយ។ តាមសេចក្តីវិភាគដដែល ប្រទេសទាំងអស់នេះនៅមានស្ថានភាពប្រឈមជាច្រើន ដោយសារតែដំណើរការអភិវឌ្ឍហិរញ្ញវត្ថុ និងសង្គមមិនស្មើភាពគ្នា។

ក្រុមអ្នកស្រាវជ្រាវដែលបានធ្វើសេចក្តីវិភាគបានរកឃើញថា ការវិវឌ្ឍលើការលុបបំបាត់ជំងឺឆ្លងនៅកម្ពុជា និងឡាវត្រូវបានរារាំងដោយគម្លាតជាច្រើនដែលបន្តកើតមានក្នុងវិស័យសុខាភិបាល ពិសេសកម្លាំងពលកម្ម និងការធ្វើរោគវិនិច្ឆ័យ។ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោក កុយ វ៉ាន់នី មិនទាន់អាចផ្តល់ការអត្ថាធិប្បាយបាននៅឡើយទេជុំវិញការវាយតម្លៃដែលចេញផ្សាយដោយ Eurasia Review។ តែលោកបានស្នើឲ្យក្រុមការងាររបស់លោកពិនិត្យលើការវាយតម្លៃនេះជាមុនសិន មុននឹងធ្វើការឆើ្លយតប។ តាមសេចក្តីវិភាគដដែលខាងលើ លទ្ធភាពនៃការសម្រេចបាននូវគោលដៅដែលពាក់ព័ន្ធនឹងជំងឺឆ្លងមានកម្រិតទាបសម្រាប់ប្រទេសហ្វីលីពីន ព្រោះតែកម្សោយនៃការគ្រប់គ្រងជំងឺរបេង មេរោគអេដស៍ និងជំងឺថ្លើមប្រភេទB។

ចំណែកកម្ពុជា ឡាវ និងវៀតណាមត្រូវបានរកឃើញមានកំណើននៃការប្រើប្រាស់គ្រឿងស្រវឹងក្នុងកម្រិតដ៏គ្រោះថ្នាក់ចន្លោះពី ៤០ ទៅ៩០ភាគរយ ហើយការជក់បារីក៏មានកម្រិតខ្ពស់ដែរ។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី យល់ឃើញថា ក្រសួងពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាលគួរបង្កើនការផ្សព្វផ្សាយអំពីផលវិបាកនៃការទទួលទានគ្រឿងស្រវឹងហួសកម្រិតដែលអាចបង្កផលប៉ះពាល់ដល់សុខភាព និងអាយុជីវិត។ ក្នុងន័យនេះ លោកក៏ចង់ឃើញស្ថាប័នពាក់ព័ន្ធបង្កើនការត្រួតពិនិត្យលើគុណភាពគ្រឿងស្រវឹងនាំចូល និងគ្រឿងស្រវឹងផលិតក្នុងស្រុកដូចជាស្រា ស។ ទន្ទឹមគ្នានេះ លោក អ៊ូច វុទ្ធី បានផ្តល់ការគាំទ្រចំពោះការប្រកាសរបស់នាយករដ្ឋមន្ត្រីលោកហ៊ុន ម៉ាណែតដែលស្នើឲ្យក្រុមហ៊ុនឈប់ផ្តល់រង្វាន់តាមក្រវិលកំប៉ុងស្រាបៀ។

លោក António Guterres ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ។
លោក António Guterres ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ។ © AP

គួររម្លឹកថា មានគោលដៅចំនួន១៧ ដែលពាក់ព័ន្ធនឹងសុខាភិបាល និងដែលជាចំណុចផ្តោតនៃផ្នែកទី៣ របស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG។ ផ្នែកទី៣ នេះមានគោលដៅបញ្ចប់ការឆ្លងរាតត្បាតជំងឺឆ្លងក្នុងសហគមន៍របស់ប្រទេសនីមួយៗដូចជា ជំងឺអេដស៍ ថ្លើម គ្រុនចាញ់ និងជំងឺត្រូពិកដែលគេមិនសូវខ្វាយខ្វល់ និងជាការឆ្លើយតបនឹងជំងឺឆ្លងតាមទឹក ជំងឺថ្លើម និងជំងឺឆ្លងផ្សេងទៀត ព្រមទាំងការកាត់បន្ថយអត្រាមរណភាពម្តាយនៅពេលសម្រាលកូន៕

What Next?

Recent Articles