នាវាចម្បាំងខ្នាតយក្សចិនចូលចតកំពង់ផែរាមដើម្បីត្រៀមធ្វើលំហាត់សឹកជាមួយកម្ពុជា

កម្ពុជា
កម្ពុជា-ការពារជាតិ
13/05/2025 – 12:15
ដោយ៖ ជួប នរក្សា
RFI

នាវាចម្បាំងខ្នាតយក្សរបស់ចិនឈ្មោះ Changbaishan បានចូលចតនៅកំពង់ផែរាមក្រុងព្រះសីហនុនៅថ្ងៃចន្ទ​ ទី១២​ ឧសភា។ វត្តមានរបស់នាវាចម្បាំងខ្នាតយក្សចិននៅដែនសមុទ្រកម្ពុជាពេលនេះ គឺដើម្បីចូលរួមលំហាត់សឹកនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៥ ដែលអ្នកនាំពាក្យកងទ័ពជើងទឹកកម្ពុជាអះអាងថា គឺជាសមយុទ្ធប្រវត្តិសាស្ត្រ ក្រោយពេលកំពង់ផែរាមទើបធ្វើទំនើបកម្មរួចរាល់។

នាវាចម្បាំងខ្នាតយក្សចិនចូលចតកំពង់ផែរាមដើម្បីត្រៀមធ្វើលំហាត់សឹកជាមួយកម្ពុជា


ឧត្តមនាវីឯក សំ សុខា មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអង្គារទី១៣​ ឧសភានេះថា វត្តមានរបស់នាវាចម្បាំង Type 071 Changbaishan ដែលមានលេខកូតសម្គាល់៩៨៩ នៅកំពង់ផែរាម គឺដើម្បីដឹកនាំកងកម្លាំង​ និងបរិក្ខារសឹកមកចូលរួមសមយុទ្ធនាគមាសកម្ពុជា-ចិនឆ្នាំ​២០២៥។ តាមឧត្តមនាវីឯក សំ សុខា នាវាចម្បាំង Changbaishan មានទម្ងន់២ម៉ឺន៥ពាន់តោន​ មានបណ្តោយ​ ២១០ម៉ែត្រ ទទឹង​២៨ម៉ែត្រ និងត្រូវការជម្រៅទឹក៧ម៉ែត្រដើម្បីចូលចត។

ចំណែកកាសែតអន្តរជាតិបានចុះផ្សាយថា នាវាចម្បាំងខ្នាតយក្ស Type 071 Changbaishan គឺជាប្រភេទនាវាចម្បាំងដ៏ធំរបស់កងទ័ពជើងទឹករំដោះប្រជាជនចិនដែលប្រើប្រាស់សម្រាប់ដឹក​ជញ្ជូនទាហាន រថពាសដែក និងយោធាតូបករណ៍ផ្សេងទៀត។  វត្តមានរបស់នាវាចម្បាំងចិន Changbaishan នៅកំពងផែរាមពេលនេះត្រូវបានអ្នកជំនាញកិច្ចការអន្តរជាតិកត់សម្គាល់ថា គឺជាការរៀបចំសមយុទ្ធលើដែនសមុទ្រដ៏ធំក្នុងឆ្នាំ២០២៥​ នេះ។

កាសែតចិន The Global Time បានដកស្រង់សំដីអ្នកជំនាញកិច្ចការយោធាចិន លោក Zhang Junshe ដែលថា សមយុទ្ធនាគមាសឆ្នាំ២០២៥ ជាការសាកល្បងប្រតិបត្តិការមុខងាររបស់មជ្ឈមណ្ឌលគាំទ្រ និងបណ្តុះបណ្តាលរួម កម្ពុជា-ចិន នៅកំពង់ផែរាម។ ចំណែកឧត្តមនាវីឯក សំ សុខា បានបញ្ជាក់ថា​ សមយុទ្ធរួមកម្ពុជា-ចិនមានលក្ខណៈជាប្រវត្តិសាស្រ្ត​ និងជាលើកដំបូង​ ក្រោយ​កំពង់ផែរាមទើបបានបញ្ចប់ការធ្វើទំនើបកម្មជាផ្លូវការ។

សូមជម្រាបថា លំហាត់សឹក «នាគមាស-២០២៥» រវាងកងទ័ពកម្ពុជា និងចិនដែលផ្តោតលើ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា   និងការងារសង្គ្រោះមនុស្សធម៌» នឹងប្រព្រឹត្តទៅដូចការគ្រោងទុកពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨​ ខែឧសភា ឆ្នាំ២០២៥ និងដែលមានទំហំធំជាងឆ្នាំមុន។ សមយុទ្ធយោធាលើកទី៧នេះនឹងប្រព្រឹត្តទៅនៅមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយក្នុងខេត្តកំពង់ឆ្នាំង និងនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ។

នាវាចម្បាំង Changbaishan ដែលចូលចតនៅកំពង់ផែ ត្រៀមធ្វើសមយុទ្ធកម្ពុជា-ចិនឆ្នាំ២០២៥
នាវាចម្បាំង Changbaishan ដែលចូលចតនៅកំពង់ផែ ត្រៀមធ្វើសមយុទ្ធកម្ពុជា-ចិនឆ្នាំ២០២៥ © AKP

គ្រឿងសព្វាវុធ និងសម្ភារៈបរិក្ខារយោធាដែលនឹងប្រើប្រាស់នៅក្នុងសមយុទ្ធនេះមានច្រើនប្រភេទ ដូចជា កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តដឹកនាំបញ្ជា C5 គ្រឿងយន្តគ្មានមនុស្សបើកបរ មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក និងដ្រូនស៊ើបការណ៍ ដ្រូនវាយលុយ ព្រមទាំងគ្រឿងសម្ភារៈបរិក្ខារផ្សេងៗទៀត ដូចជាគ្រាប់រំសេវជាដើម។ ដូចរៀងរាល់ឆ្នាំ ក្រោយបញ្ចប់សមយុទ្ធ​ ភាគីចិនតែប្រគល់​សម្ភារៈយោធាមួយចំនួនឲ្យកម្ពុជា។ តែគេនៅមិនទាន់ដឹងថា តើឆ្នាំនេះ​ចិននឹងប្រគល់ឧបករណ៍យោធាណាខ្លះឲ្យកម្ពុជានោះទេ៕

What Next?

Recent Articles