កម្ពុជា និងអាមេរិកបញ្ចប់កិច្ចចរចាជុំទី១ ស្តីពីពន្ធបដិការ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម

កម្ពុជា
កម្ពុជា-ពាណិជ្ជកម្ម
15/05/2025 – 13:21
ដោយ៖ សឹម ចាន់សំណាង
RFI

កម្ពុជា និងអាមេរិកបានបញ្ចប់កិច្ចចរចាជុំទី១ លើបញ្ហាការដំឡើងពន្ធបដិការរបស់រដ្ឋបាលអាមេរិក។ នៅក្នុងកិច្ចចរចាជុំទី១ នេះ ភាគីកម្ពុជា និងអាមេរិកបានផ្លាស់ប្តូរយោបល់គ្នាត្រង់ទៅត្រង់មកលើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ និងបានពិភាក្សាគ្នាស៊ីជម្រៅលើអត្ថបទនៃសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។

កម្ពុជា និងអាមេរិកបញ្ចប់កិច្ចចរចាជុំទី១ ស្តីពីពន្ធបដិការ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម


តាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី១៥ ឧសភានេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានដឹកនាំក្រុមការងារសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-អាមេរិកនៅក្នុងកិច្ចចរចាជុំទី១ ស្តីពីការដំឡើងពន្ធបដិការរវាងប្រទេសទាំង២ ជាមួយលោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វ៊ិក។

កិច្ចចរចាលើកទី១ នេះធ្វើឡើងរយៈពេល ៣ថ្ងៃពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៥ ដោយភាគីទាំង២ បានផ្លាស់ប្តូរយោបល់គ្នាត្រង់ទៅត្រង់មកក្នុងបរិយាកាសយោគយល់គ្នាស្តីពីការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី រួមទាំងការពិភាក្សាគ្នាស៊ីជម្រៅលើអត្ថបទនៃសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។ តែគេនៅមិនទាន់ដឹងអំពីលទ្ធផលនៃការចរចាជុំទី១ នេះនៅឡើយទេ។ អ្វីដែលគេអាចនិយាយបាន ភាគីកម្ពុជា និងអាមេរិកបានឯកភាពគ្នារៀបចំកិច្ចចរចាជុំទី២ នៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនៅរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។

គួររម្លឹកថា កាលពីថ្ងៃទី២ មេសា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានប្រកាសដំឡើងពន្ធលើទំនិញកម្ពុជានាំចូលអាមេរិកក្នុងអត្រា ៤៩%។ នៅ ២ថ្ងៃក្រោយមក ពោលក្នុងថ្ងៃទី៤ មេសា នាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន ម៉ាណែតបានលិខិតមួយទៅឲ្យលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ តែក្នុងពេលជាមួយគ្នា ក្រសួងពាណិជ្ជកម្មកម្ពុជាក៏បានប្រកាសទម្លាក់អត្រាពន្ធលើទំនិញអាមេរិកនាំចូលកម្ពុជាចំនួន ១៩មុខពីអត្រាអតិបរមា ៣៥% មកនៅត្រឹម ៥%។

សូមជម្រាបថា នៅក្នុងសំណុំរឿងពន្ធនេះ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett បានសម្តែងក្តីកង្វល់ថា កម្ពុជានឹងបាត់បង់លទ្ធភាពក្នុងការនាំទំនិញចូលទីផ្សារសហរដ្ឋអាមេរិក និងបាត់បង់ការងាររោងចក្រជាង១០ម៉ឺនការងារ ប្រសិនបើកម្ពុជាមិនអាចគេចផុតពីការជាប់ពន្ធរបស់រដ្ឋបាលអាមេរិកក្នុងអត្រាដល់ទៅ ៤៩%។ តាមលោក Casey ការជាប់ពន្ធរបស់អាមេរិកក្នុងអត្រាដ៏ខ្ពស់នេះក៏អាចទាញទម្លាក់ការវិនិយោគបរទេសដោយផ្ទាល់នៅកម្ពុជា ពិសេសក្រុមហ៊ុនចិនដែលចូលបោះទុនរកស៊ីនៅកម្ពុជា។

កម្ពុជា និងអាមេរិកបញ្ចប់កិច្ចចរចាជុំទី១ ស្តីពីពន្ធបដិការ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម
កម្ពុជា និងអាមេរិកបញ្ចប់កិច្ចចរចាជុំទី១ ស្តីពីពន្ធបដិការ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម © Sun Chanthol

គួរដឹងថា សហរដ្ឋអាមេរិកជាទីផ្សារធំបំផុតមួយសម្រាប់ការនាំចេញទំនិញកម្ពុជា។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកក្នុងឆ្នាំ២០២៤ មានទឹកប្រាក់ចំនួន ១០.១៨ពាន់លានដុល្លារ ពោលកើនឡើងចំនួន ១១.២% បើធៀបនឹងឆ្នាំ ២០២៣។ កម្ពុជាបាននាំចេញទៅអាមេរិកក្នុងទំហំទឹកប្រាក់ ៩.៩ពាន់លានដុល្លារ ហើយអាមេរិកនាំចូលកម្ពុជាមានទឹកប្រាក់ ២៦៤.១៤លានដុល្លារ៕

What Next?

Recent Articles