ទ័ពមួកខៀវកម្ពុជា ២នាក់បានស្លាប់អំឡុងពេលបេសកកម្មនៅស៊ូដង់ខាងត្បូង

កម្ពុជា
15/05/2025 – 10:25
ដោយ៖ អោ ស្រីពេជ្រ
RFI

ទាហានមួកខៀវកម្ពុជា ២នាក់បានស្លាប់អំឡុងពេលបំពេញ​បេសកកម្មនៅស៊ូដង់ខាងត្បូង។ នេះជាការបញ្ជាក់របស់លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិនៅថ្ងៃទី១៤ឧសភា។ តែលោកមិនបានបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យកងទ័ពកម្ពុជាត្រូវបាត់បង់ជីវិតនោះទេ។ ដោយឡែក តំណាងបេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់បានបញ្ជាក់ប្រាប់កាសែតបរទេសថា ទាហានមួកខៀវកម្ពុជាទាំង ២នាក់បានស្លាប់ដោយសារការផ្ទុះអាវុធបាញ់គ្នាឯងក្នុងមូលដ្ឋានទ័ពនៅរសៀលថ្ងៃទី១៣​ ឧសភា និងថា មានទាហាន ២នាក់ផ្សេង​ទៀតបានរងរបួស។

កញ្ញា ដួង ម៉ាហ្គាលី និងលោក ផាត មុន្នី ដែល​ស្លាប់អំឡុងពេលបេសកកម្មនៅស៊ូដង់ខាងត្បូង © សហការី


លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកនាល្ងាចថ្ងៃទី១៥ ឧសភាពីការស្លាប់ទាហានមួកខៀវកម្ពុជា ២នាក់ អំឡុងពេលបេសកកម្មការពារសន្តិភាពនៅក្នុងប្រទេសស៊ូដង់ខាងត្បូង។ នៅ​លើ​ទំព័រ​ហ្វេសប៊ុកដដែល លោក ទៀ សីហាបានសរសេរសារចែករំលែកទុក្ខ និងសម្តែងការសោកស្តាយចំពោះការបាត់បង់យោធិនទាំង ២រូប​ គឺ កញ្ញា ដួង ម៉ាហ្គាលី និងលោក ផាត មុន្នី ដែលបានពលីក្នុង​អំឡុងពេលបំពេញបេសកកម្មនៅទីក្រុងម៉ាឡាកាល នៃកងអនុសេវាធំរាជអាវុធហត្ថប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។

តាមរដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះដដែល​ ការស្លាប់ទាហានមួកខៀវកម្ពុជាទាំង ២នាក់ជាការបាត់បង់យោធិនដ៏ឆ្នើមដែលបានធ្វើពលីកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ ចូលរួមថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។ ក្រៅពីការរំលែកទុក្ខ និងសម្តែងការសោកស្តាយ លោក ទៀ សីហាមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ដែលបណ្តាលឱ្យទាហានមួកខៀវកម្ពុជាទាំង ២រូបបាត់បង់ជីវិតទេ។

តែអ្នកនាំពាក្យតំណាងបេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ លោកស្រី Priyanka Chowdhury បានប្រាប់កាសែតបរទេស Radio Tamazuj ដែលតែងចុះផ្សាយព័ត៌មានស្តីពីជម្លោះប្រដាប់អាវុធនៅស៊ូដង់ថា  មានហេតុការណ៍ផ្ទុះអាវុធដោយសារជម្លោះបុគ្គល និងបុគ្គលនៅក្នុងមូលដ្ឋានទ័ពក្រុងម៉ាឡាកាលក្នុងថ្ងៃទី១៣ឧសភា វេលាម៉ោង ៤និង៣០នាទីរសៀល ម៉ោងនៅស៊ូដង់។ តាមលោកស្រី Priyanka Chowdhury យោធិនខ្មែរ លោក ផាត មុន្នី បានបាញ់សម្លាប់កញ្ញា ដួង ម៉ាហ្គាលី និងបន្ទាប់មក លោក ផាត មុន្នី ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

លោកស្រី Priyanka Chowdhury ក៏បានអះអាងដែរថា តំណាងបេសកកម្មអង្គការសហប្រជាជាតិកំពុងបើកការ​ស៊ើបអង្កេតស៊ីជម្រៅលើហេតុការណ៍នេះ។ តាម Radio Tamazuj ក្រៅពីការស្លាប់យោធិនខ្មែរ ២នាក់ ហេតុការណ៍ផ្ទុះ​អាវុធដោយសារជម្លោះបុគ្គលនេះក៏បានធ្វើឱ្យយោធិន ២រូបទៀតរងរបួសដែរ។

កញ្ញា ដួង ម៉ាហ្គាលី និងលោក ផាត មុន្នី ដែល​ស្លាប់អំឡុងពេលបេសកកម្មនៅស៊ូដង់ខាងត្បូង
កញ្ញា ដួង ម៉ាហ្គាលី និងលោក ផាត មុន្នី ដែល​ស្លាប់អំឡុងពេលបេសកកម្មនៅស៊ូដង់ខាងត្បូង © សហការី

គួរជ្រាបថា កម្ពុជាទើបបញ្ជូនកងទ័ពមួកខៀវក្រុមថ្មីចំនួន ៧៣នាក់ ក្នុងនោះមានស្រី ៦៣នាក់សម្រាប់ប្តូរក្រុមចាស់ដែលបញ្ចប់បេសកកម្មការពារសន្តិភាពនៅក្នុងប្រទេសស៊ូដង់ខាងត្បូងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។ គិតចាប់ពីឆ្នាំ២០០៦ ដល់ដើម​ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ ចំនួន ៩ ៨១៥នាក់ ក្នុងនោះមានស្រី ៨៥៤នាក់ ទៅបំពេញបេសកកម្ម នៅក្នុងបណ្តាប្រទេសដូចជាប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរីម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍៕

What Next?

Recent Articles