កម្ពុជា
កម្ពុជា-ទំនៀមទម្លាប់ប្រពៃណី
15/05/2025 – 09:09
ដោយ៖ សឹម ចាន់សំណាង
RFI
ព្រះរាជពិធីច្រត់ព្រះនង្គ័លបានប្រារព្ធឡើងនៅខេត្តកំពង់ឆ្នាំងនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទបរមនាថ នរោត្តមសីហមុនី។ លទ្ធផលនៃការផ្សងប្រផ្នូលរបស់គោឧសភរាជបានបង្ហាញថា ស្រូវ ពោត និងសណ្ដែកនៅក្នុងឆ្នាំ ២០២៥ នេះទទួលបានទិន្នផលល្អ។
លទ្ធផលប្រថ្នូលក្នុងពិធីច្រត់ព្រះនង្គ័លថា ស្រូវ ពោត និងសណ្តែកទទួលបានផលល្អក្នុងឆ្នាំ ២០២៥
ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានអមព្រះរាជដំណើរដោយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្រធានរដ្ឋសភា លោកស្រី ឃួន សុដារី លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលជាច្រើនរូបទៀតដើម្បីចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅក្នុងខេត្តកំពង់ឆ្នាំង។ នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ ២០២៥ នេះ មានការតុបតែងលម្អ និងតាំងបង្ហាញផលិតផលកសិកម្ម និងសិប្បកម្មផ្សេងទៀតរបស់ខ្មែរ។ ក៏ដូចសព្វមួយដង ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងដោយមានការដង្ហែរស្តេចមាឃ និងព្រះមេហួរ។ តែស្តេចមាឃឆ្នាំ ២០២៥ ត្រូវបានតំណាងដោយលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងព្រះមេហួរត្រូវបានតំណាងដោយលោកស្រី ផាត សុផានី ភរិយារបស់អភិបាលខេត្ត។
បន្ទាប់ពីស្តេចមាឃ និងព្រះមេហួរបានភ្ជួរដីដោយប្រើគោឧសភរាជចំនួន៣ជុំវិញព្រះស្រែមក ព្រាហ្មណ៍ព្រះរាជគ្រូក៏បានសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជដែលទឹមច្រត់ព្រះនង្គ័លនោះឲ្យបរិភោគអាហារចំនួន ៧មុខ រួមមាន ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និងស្រាទៅតាមបរមបុរាណ។ ក្រោយគោឧសភរាជបរិភោគអាហារដែលដាក់តាំងរួចរាល់ ព្រាហ្មណ៍ព្រះរាជគ្រូបុរោហិតបានប្រកាសថា លទ្ធផលដែលបានមកពីការផ្សងគោឧសភរាជបរិភោគនូវអាហារទាំង ៧ បានបង្ហាញថា គោឧសភរាជបានបរិភោគ ស្រូវ ៩៥% ពោត ៩៥% និងសណ្តែក ៨០%។
សូមជម្រាបជូនថា ព្រះរាជពិធីច្រត់ព្រះនង្គ័លជាព្រះរាជពិធីបុណ្យដែលខ្មែរតែងបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃ៤រោច ខែពិសាខ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លធ្វើឡើងក្នុងបំណងប្រកាសពីដំណើរមកដល់នៃរដូវធ្វើស្រែចម្ការរបស់ប្រជារាស្ត្រក្នុងនគរ និងដើម្បីផ្សងប្រផ្នូលពីភោគផលកសិកម្មនាឆ្នាំខាងមុខ។ ប្រជាកសិករខ្មែរតែងមានជំនឿថា រាល់អាហារដែលគោឧសភរាជបានបរិភោគគឺជាការបញ្ជាក់ពីទិន្នផលដំណាំនៅថ្ងៃខាងមុខ។ ម្យ៉ាងទៀត ជំនឿចំពោះពិធីមួយនេះនៅតែជារឿងចាំបាច់ក្នុងការអភិរក្ស និងថែរក្សាទំនៀមទម្លាប់ ហើយវាក៏ជាការឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរផងដែរ។

គួរបញ្ជាក់ថា នៅរៀងរាល់ពេលដែលគោឧសភរាជទាំងពីរបរិភោគអាហារទាំង៧មុខរួចហើយ ប្រជារាស្ត្រខ្មែរតែងតែនាំគ្នាយកសំណល់អាហារ មានដូចជា ស្រូវ សណ្ដែក ពោត និងល្ងជាដើមដើម្បីរក្សាទុកដោយមានជំនឿថា សំណល់អាហារទាំងនោះនឹងផ្ដល់សេចក្ដីសុខដល់រូបគេម្នាក់ៗ៕