Nikkei Asia ថា អាមេរិកកំពុងវាយតម្លៃជំនួយហិរញ្ញវត្ថុសម្រាប់ការសាងសង់ព្រលានយន្តហោះថ្មីរបស់កម្ពុជា

កម្ពុជា
កម្ពុជា-ហេដ្ឋារចនាសម្ព័ន្ធ
16/05/2025 – 13:37
ដោយ៖ សឹម ចាន់សំណាង
RFI

សហរដ្ឋអាមេរិកកំពុងសិក្សាលទ្ធភាពលើការផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោដែលសាងសង់ជិតរួចរាល់ និងគ្រោងបើកដំណើរការដំណាក់កាលទី១ នៅថ្ងៃទី ១០ ខែកក្កដាខាងមុខនេះ។ នេះបើតាមការចុះផ្សាយដោយកាសែតជប៉ុន Nikkie Asia នៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៥។ គោលបំណងរបស់អាមេរិកនាពេលនេះ បានធ្វើឡើងចំពេលមានភាពតានតឹងផ្នែកពន្ធគយរវាងប្រទេសទាំងពីរ និងក្រោយទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិននៅកម្ពុជាកាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៥ផងដែរ។

Nikkei Asia ថា អាមេរិកកំពុងវាយតម្លៃជំនួយហិរញ្ញវត្ថុសម្រាប់ការសាងសង់ព្រលានយន្តហោះថ្មីរបស់កម្ពុជា


តាមកាសែតជប៉ុន Nikkie Asia ភ្នាក់ងារផ្ដល់ហិរញ្ញប្បទានសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិហៅកាត់ DFC របស់ក្រសួងការបរទេសអាមេរិកបានចេញផ្សាយឯកសារក្នុងសប្ដាហ៍នេះស្តីពីការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (ESAI) នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។ គួរបញ្ជាក់ថា សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) នៃក្រសួងការបរទេសអាមេរិកត្រូវបានបង្កើតឡើងដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងអាណត្តិដំបូងរបស់លោកដើម្បីផ្ដល់ហរិញ្ញប្បទានដល់គម្រោងវិនិយោគជន។

Nikkie Asia បានបញ្ជាក់ថា ឯកសាររបស់ DFC នេះនឹងត្រូវបើកចំហសម្រាប់សាធារណៈមតិរហូតដល់ថ្ងៃទី ១២ ខែកក្កដា។ តែឯកសារនោះមិនបានបញ្ជាក់អំពីទំហំទឹកប្រាក់ និងលក្ខខណ្ឌហិរញ្ញប្បទានទេ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាលោក ស៊ិន ចាន់សិរីវុត្ថា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ការពិនិត្យលទ្ធភាពផ្តល់ហិរញ្ញប្បទានរបស់អាមេរិកនាពេលនេះ គឺជាហិរញ្ញប្បទានឯកជនជាមួយក្រុមហ៊ុន OCIC ដែលមានភាគហ៊ុនក្នុងការសាងសង់ព្រលានយន្តហោះថ្មីរបស់កម្ពុជា។ លោកថា សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិកតម្រូវឲ្យក្រុមហ៊ុនខ្មែរដាក់ឯកសារផ្សេងៗដើម្បីត្រួតពិនិត្យឡើងវិញក្នុងការទទួលជំនួយហិរញ្ញប្បទាន។

តែលោក ស៊ិន ចាន់សិរីវុត្ថា មិនទាន់អាចបញ្ជាក់បានទេថា តើជំនួយដែលគ្រោងផ្តល់នឹងសម្រាប់ចំណាយសម្រាប់បញ្ចប់ការសាងសង់ដំណាក់កាលទី២ និងទី៣ របស់ព្រលានយន្តហោះ ឬយ៉ាងណានោះទេ។ គួរជម្រាបថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជារូបនេះដដែលធ្លាប់បានបញ្ជាក់ថា បើគ្មានការប្រែប្រួលអ្វីទេ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ឬហៅអាកាសយានដ្ឋានអន្តរជាតិតេជោនឹងបើកសម្ពោធដាក់ឲ្យប្រើជាផ្លូវការដំណាក់កាលទី១ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ។ ក្នុងដំណាក់កាលទី១ ដែលជាការបណ្តាក់ទុនរបស់ក្រុមហ៊ុនឯកជនចិនត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ក្តីរំពឹងថា គឺនឹងអាចទទួលបានអ្នកដំណើរសរុបប្រមាណ ១៣លាននាក់ក្នុងមួយឆ្នាំ។

Nikkei Asia ថា អាមេរិកកំពុងវាយតម្លៃជំនួយហិរញ្ញវត្ថុសម្រាប់ការសាងសង់ព្រលានយន្តហោះថ្មីរបស់កម្ពុជា
Nikkei Asia ថា អាមេរិកកំពុងវាយតម្លៃជំនួយហិរញ្ញវត្ថុសម្រាប់ការសាងសង់ព្រលានយន្តហោះថ្មីរបស់កម្ពុជា AP – Heng Sinith

អាកាសយានដ្ឋានអន្តរជាតិតេជោជាព្រលានយន្តហោះធំជាងគេនៅកម្ពុជាដែលនឹងអនុញ្ញាតឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោក ដូចជាយន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និងអ៊ែរប៊ូស អេ ៣៨០-៨០០ ចុះចតបាន។ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះត្រូវបានចំណាយថវិកាសាងសង់សរុបចំនួន ១៥០០លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រស្ថិតប៉ែកខាងត្បូងរាជធានីភ្នំពេញស្ថិតលើទំហំផ្ទៃដី ២ ៦០០ហិកតា គឺជាការវិនិយោគរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC

What Next?

Recent Articles