កម្ពុជា
17/05/2025 – 11:27
ដោយ៖ ហ៊ុល រស្មី
RFI
លំហាត់សឹក «នាគមាស» បានចាប់ផ្តើមជាផ្លូវការនា ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ជាមួយនឹងការគូសបញ្ជាក់ពីមេទ័ពកំពូលកម្ពុជាដោយចាត់ទុកថា សមយុទ្ធនេះ ជានិមិត្តរូបនៃ «កិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដោយគ្មានអ្នកណាអាចបំបែកបាននោះឡើយ» រវាងកម្ពុជា និងចិន។ នេះបើតាមទំព័រហ្វេសបុកផ្លូវការរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ វង្ស ពិសេន។ អ្នកជំនាញកិច្ចការអន្តរជាតិកត់សម្គាល់ថា លំហាត់សឹកលើកទី៧ រវាងកម្ពុជា និងចិន ឆ្លុះបញ្ចាំងពីទំនាក់ទំនងស្អិតល្មួតរវាងភាគីទាំងពីរ និងជាការបង្ហាញនូវឥទ្ធិពលរបស់កងទ័ពចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាតំបន់ឥណ្ឌូប៉ាស៊ីហិ្វកទាំងមូល។
មេទ័ពកម្ពុជា៖ សមយុទ្ធនាគមាសបញ្ជាក់ពីចំណងមិនអាចកាត់ផ្តាច់បានរវាងកម្ពុជានិងចិន
នៅក្នុងព្រឹត្តិការណ៍នៃការបើកឆាកសមយុទ្ធនាគមាស ដែលមានកម្លាំងទ័ពពីភាគីចិន និងកម្ពុជាចំនួនជាង២ពាន់នាក់ រួមជាមួយនឹងយុទ្ធោបករណ៍យោធាទំនើបៗផងនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេនអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ បានអះអាងថា លំហាត់សឹកនាគមាស ត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍឲ្យកាន់តែស៊ីជម្រៅទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជា ការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ការពង្រឹងទស្សនៈសន្តិសុខ ដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្ដែងរវាងកងទ័ពប្រទេសទាំងពីរនៅក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្មនិងការងារមនុស្សធម៌។
ថ្លែងនៅចំពោះមុខសមភាគីចិន លោកឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃសមយុទ្ធកងទ័ពលើកទី៧នេះថា ជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការយោធាដ៏រឹងមាំ ពោលគឺគ្មានអ្នកណាអាចបំបែកបាននោះឡើយ។ ការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរនេះ ត្រូវបានពង្រីកទំហំកាន់តែធំពី១ឆ្នំាទៅ១ឆ្នាំ ទាំងខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកក៏កាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ។
ប្រធានស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា វណ្ណ ប៊ុនណា បានវាយតម្លៃថា ការធ្វើសមយុទ្ធនាគមាស រវាងកងទ័ពកម្ពុជា និងចិន មិនត្រឹមតែបានបញ្ជាក់អំពីភាពល្អូកល្អឺនរបស់កម្ពុជា និងចិនក្នុងវិស័យការពារជាតិប៉ុណ្ណោះទេ តែវាថែមទាំងជាឱកាសរបស់ចិន ក្នុងការអួតទៅពិភពលោកថា កងទព័របស់ខ្លួនមានសមត្ថភាពពង្រីកឥទ្ធិពលទាំងក្នុងតំបន់អាស៊ាន ក៏ដូចជាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
តាមអ្នកជំនាញកិច្ចការអន្តរជាតិរូបនេះ តាមរយៈសមយុទ្ធរួមគ្នាជាមួយកម្ពុជា ចិនក៏ចង់បញ្ជាក់ថា ខ្លួនមានបុព្វហេតុឥតងាករេក្នុងការគាំទ្រវិស័យការពារជាតិកម្ពុជា ហើយនិងធ្វើជាខ្នងបង្អែកពាំងកម្ពុជាមិនឲ្យរងការឈ្លានពានពីបរទេស។

ទោះយ៉ាងណា លោក វណ្ណ ប៊ុនណា យល់ថា កម្ពុជាគួរបើកឲ្យមានការធ្វើលំហាត់សឹកឡើងវិញជាមួយសហអាមេរិក ដើម្បីបញ្ចៀសការចោទប្រកាន់ថា ចិនកំពុងតែមានឥទ្ធិពលលើសលប់មកលើកម្ពុជា និងដើម្បីធ្វើឲ្យមានតុល្យភាពភូមិសាស្ត្រនយោបាយក្នុងចំណងការពារជាតិរបស់ខ្លួនជាមួយចិន និងសហរដ្ឋអាមេរិក។ លោកថា ការធ្វើដូចនេះ នឹងផ្តល់ប្រយោជន៍ឲ្យកម្ពុជាទាំងការពង្រឹងសមត្ថភាពកងទ័ពខ្លួនផង និងបញ្ចៀសការរិះគន់នានាមកលើប្រទេសកម្ពុជា៕