ចាប់ខ្លួនជនជាតិចិន និងវៀតណាម១០នាក់ ក្នុងសំណុំរឿងជួញដូរគ្រឿងញៀននៅខេត្តស្វាយរៀង

កម្ពុជា
កម្ពុជា-គ្រឿងញៀន
18/05/2025 – 06:52
ដោយ៖ សឹម ចាន់សំណាង
RFI

ជនជាតិ​ចិន និងវៀតណាមចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀងឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ​ខុសច្បាប់ក្នុងភូមិសាស្ត្រក្រុងបាវិតជាប់ព្រំដែនកម្ពុជា-វៀតណាម។ នេះបើតាមការ​ប្រកាសរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី១៨​ ខែឧសភា ឆ្នាំ២០២៥នេះ។

ចាប់ខ្លួនជនជាតិចិន និងវៀតណាម១០នាក់ ក្នុងសំណុំរឿងជួញដូរគ្រឿងញៀននៅខេត្តស្វាយរៀង


ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ពាក់ព័ន្ធជនជាតិវៀតណាម៨ នាក់និងចិន២នាក់នោះ តាំងពីថ្ងៃទី៤ ឧសភា ហើយទើបត្រូវបានសម្រេចចោទប្រកាន់និងឃុំខ្លួននៅថ្ងៃទី១៨ ឧសភា។

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថា កម្លាំងជំនាញបានដកហូតវត្ថុតាងមួយចំនួនដូចជា សារធាតុញៀនសរុបទម្ងន់ ៧៧.៨១ ក្រាម សារធាតុមិនច្បាស់ទម្ងន់ ២៤១.៥៣ ក្រាម កញ្ឆារក្រៀម ទម្ងន់ ០.៧១ ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន ០៣ គ្រឿង អាវុធខ្លីម៉ាកK59 មួយដើម គ្រាប់កាំភ្លើង ២៩ គ្រាប់ ទូរសព្ទ័១៧ គ្រឿង ម៉ូតូ២គ្រឿង ព្រមទាំងឧបករណ៍សម្ភារមួយចំនួនទៀត។ តាមស្នងការខេត្តស្វាយរៀងដដែល បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ និងបានសម្រេចឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​រួច​ហើយផងដែរ។

ចាប់ខ្លួនជនជាតិចិន និងវៀតណាម១០នាក់ ក្នុងសំណុំរឿងជួញដូរគ្រឿងញៀននៅខេត្តស្វាយរៀង
ចាប់ខ្លួនជនជាតិចិន និងវៀតណាម១០នាក់ ក្នុងសំណុំរឿងជួញដូរគ្រឿងញៀននៅខេត្តស្វាយរៀង © ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

សូមជម្រាបថា កម្ពុជាបានបង្រ្កាបករណីគ្រឿងញៀនសរុបជាង ១ម៉ឺនករណី ក្នុងឆ្នាំ២០២៤ ដោយឃាត់ខ្លួនជនសង្ស័យបានប្រមាណជាង ២ម៉ឺន៧ពាន់នាក់និងរឹបអូសបានគ្រឿងញៀនប្រមាណជិត ១៥តោន។ នេះបើតាមការលើកឡើងរបស់លោក មាស វីរិទ្ធ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ កាលពីថ្ងៃទី១២ ខែមីនាឆ្នាំ២០២៥៕

What Next?

Recent Articles