មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្ររបស់អាមេរិកថាចិនកាន់កាប់ផ្តាច់មុខកន្លែងខ្លះនៃមូលដ្ឋានរាម

កម្ពុជា
18/05/2025 – 12:08
ដោយ៖ ហ៊ុល រស្មី
RFI

មជ្ឈមណ្ឌល​សម្រាប់ការ​សិក្សា​អន្តរជាតិ​និងយុទ្ធសាស្ត្រ (CSIS)​ របស់​សហរដ្ឋអាមេរិក​ តាមរយៈគម្រោងគំនិតផ្តួចផ្តើមតម្លាភាពសន្តិសុខសមុទ្រ បានបញ្ចេញរបាយការណ៍ចុងក្រោយមួយដែលបន្តអះអាងថា ចិននៅមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ក្នុងខេត្តព្រះសីហនុរបស់កម្ពុជា។ តែនៅមិនទាន់​មានប្រតិកម្មពីកងទ័ពជើងទឹក​របស់​កម្ពុជានៅឡើយ។

មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្ររបស់អាមេរិកថាចិនកាន់កាប់ផ្តាច់មុខកន្លែងខ្លះនៃមូលដ្ឋានរាម


តាមរបាយការណ៍មួយចេញផ្សាយនៅដើមខែឧសភាឆ្នាំ២០២៥នេះ គម្រោងគំនិតផ្តួចផ្តើមតម្លាភាពសន្តិសុខសមុទ្រនៅមជ្ឈមណ្ឌល​សម្រាប់ការ​សិក្សា​អន្តរជាតិ​និងយុទ្ធសាស្ត្រដែលមានមូលដ្ឋាននៅអាមេរិក បានធ្វើបច្ចុប្បន្នភាពនៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា ដោយបានអះអាងថា​ ចិនមានលទ្ធភាពប្រើប្រាស់ផ្តាច់មុខកន្លែងខ្លះរបស់មូលដ្ឋានសមុទ្រមួយនេះ រួមទាំងកំពង់ផែដ៏ធំបំផុត បន្ទាប់ពីការបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសា ហើយចាប់ផ្តើមទទួលការធ្វើទស្សនកិច្ចរបស់កងទ័ពជើងទឹកជប៉ុន និងវៀតណាមជាបន្តបន្ទាប់។ 

របាយការណ៍ដដែលបានបង្ហាញទៀតថា រូបភាពទើបថតបានថ្មីៗនៃការវិវឌ្ឍន៍នៅឯទីតាំងការពារអាកាសដែលនៅក្បែរមូលដ្ឋាននោះ ក៏បានត្រឹមតែចោទជាសំណួរអំពីវិសាលភាពពិតប្រាកដនៃវត្តមានទ័ពរបស់ទីក្រុងប៉េកាំងនៅតំបន់នោះ។ តែឧត្តមនាវីឯក សំ សុខា មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជាមិនទាន់ផ្តល់ការឆ្លើយតបទៅនឹងការរកឃើញរបស់មជ្ឈមណ្ឌល​សម្រាប់ការ​សិក្សា​អន្តរជាតិ​និងយុទ្ធសាស្ត្ររបស់អាមេរិកនោះទេ ដោយលោកថា ត្រូវសុំយោបល់ពីថ្នាក់លើជាមុនសិន។

ប្រធានស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជាលោក វណ្ណ ប៊ុនណា យល់ឃើញថា កម្ពុជាអាចបើកឲ្យមានការពិនិត្យរួមគ្នាជាមួយភាគីអាមេរិក និងសម្ព័ន្ធមិត្តរបស់មហាអំណាចមួយនេះ លើចំណុចស្រពេចស្រពិលនៃការប្រើប្រាស់ទីកន្លែងខ្លះដោយភាគីចិន នៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម ដូចជាតំបន់កំពង់ផែក្នុងមូលដ្ឋាននេះ និងទីតាំងផ្សេងទៀត ដែលមិនរំខានដល់ការរក្សាបាននូវសន្តិសុខពេញលេញ ឬប៉ះពាល់ការសម្ងាត់យោធារបស់កម្ពុជា។

គួររម្លឹកថា បន្ទាប់ពីការបើកសម្ពោធមូលដ្ឋានទ័ពសមុទ្ររាម ជាផ្លូវការកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ មូលដ្ឋាននេះ បានចាប់ផ្តើមទទួលនាវាកងទ័ពជើងទឹកពីបណ្តាប្រទេសមួយចំនួននារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្នុងនោះគឺមាន នាវាចម្បាំងរបស់រុស្ស៊ី នាវាទ័ពជើងទឹកវៀតណាម និងនាវាកងស្វ័យ​ការពារជាតិជប៉ុន។ ចុងក្រោយនេះ នាវាចម្បាំងខ្នាតយក្សរបស់ចិនឈ្មោះ Changbaishan ក៏បានចូលចតនៅកំពង់ផែរាម ដើម្បីចូលរួមលំហាត់សឹកនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៥។

កងទ័ពជើងទឹកចិនបង្ហាញមុខនៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម។
កងទ័ពជើងទឹកចិនបង្ហាញមុខនៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម។ © AP

សូម​ជម្រាបផងដែរថា កាលពីឆ្នាំ ២០២២ រដ្ឋាភិបាលចិនបានសម្រេចជួយកម្ពុជាក្នុងការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម។ នៅក្នុងប្រតិបត្តិការធ្វើទំនើបកម្មកាលណោះ​ មានអគារជាច្រើនដែលជាមូលនិធិរបស់អាមេរិកត្រូវបានកម្ទេចចោលដើម្បីជំនួសឲ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីដែលជាជំនួយរបស់ប្រទេសចិន។ បន្ទាប់ពីបានចំណាយពេលជួសជុលរយ:ពេល​ ៤ឆ្នាំ មូលដ្ឋានកងទ័ពជើងទឹករាមត្រូវបានសម្ពោធនៅថ្ងៃទី៥ មេសា​ ហើយកងទ័ពកម្ពុជា និងចិនក៏បានបើកសមយុទ្ធរួមគ្នាភ្លាមៗដែរ៕

What Next?

Recent Articles