HRW ថា ជប៉ុនត្រូវតែសង្កត់កម្ពុជាឲ្យគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ

កម្ពុជា
កម្ពុជា-សិទ្ធិមនុស្ស
19/05/2025 – 09:14
ដោយ៖ អោ ស្រីពេជ្រ
RFI

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ឬ Human Rights Watch បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៩ឧសភាដោយជំរុញនាយករដ្ឋមន្ត្រីជប៉ុន លោក ស្ហ៊ីកេរុ អ៊ីស្ហ៊ីបា បរិហារបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក្នុងពេលដែលនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន ម៉ាណែតទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននាចុងខែឧសភានេះ។ Human Rights Watch យល់ថា ក្នុងនាមជាដៃគូពាណិជ្ជកម្ម និងជាម្ចាស់ជំនួយធំមួយរបស់កម្ពុជា ជប៉ុនមិនត្រូវអោបដៃ ឬបើកភ្លើងខៀវឲ្យរដ្ឋាភិបាលកម្ពុជាបន្តយុទ្ធសាស្ត្រកៀបសង្កត់ និងរំលោភបំពានសិទ្ធិមនុស្សតាមតែចិត្តទៀតឡើយ។

HRW ថា ជប៉ុនត្រូវតែសង្កត់កម្ពុជាឲ្យគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ


នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញផ្សាយថ្ងៃទី១៩ ឧសភា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ឬ Human Rights Watch បានកត់សម្គាល់ឃើញថា រដ្ឋាភិបាលកម្ពុជាកាន់តែបង្កើនការរឹតត្បឹតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិជួបជុំ និងសិទ្ធិការងាររបស់ពលរដ្ឋ។ តាម Human Rights Watch រដ្ឋាភិបាលកម្ពុជាហ៊ានដល់បង្ក្រាបសំឡេងរិះគន់ឆ្លងដែន តួយ៉ាង នៅប្រទេសជប៉ុនជាដើម។ មន្ត្រីកម្មវិធីប្រចាំតំបន់អាស៊ីរបស់អង្គការ Human Rights Watch លោក តេប៉ៃ កាហ្សៃ បានលើកឡើងក្នុងរបាយការណ៍ថា ក្នុងនាមជាម្ចាស់ជំនួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា រដ្ឋាភិបាលជប៉ុនត្រូវតែផ្ញើសារច្បាស់លាស់ទៅកាន់រដ្ឋាភិបាលកម្ពុជាថា ការគោរពសិទ្ធិមនុស្សគឺជាស្នូលនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា ជប៉ុន។

សម្រាប់លោក តេប៉ៃ កាហ្សៃ ការអោបដៃ ឬការធ្វើមិនដឹងមិនលឺរបស់រដ្ឋាភិបាលជប៉ុនចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជាគឺជាការបើកភ្លើងខៀវឲ្យរដ្ឋាភិបាលកម្ពុជាបន្តយុទ្ធសាស្ត្រកៀបសង្កត់ និងរំលោភបំពានសិទ្ធិមនុស្សខ្លាំងឡើងៗ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន ប៉ូណា មិនភ្ញាក់ផ្អើលចំពោះការចោទប្រកាន់របស់អង្គការ Human Rights Watch បែបនេះទេ ព្រោះវាជាការលើកឡើងខុសពីការពិត និងថា ចំណាត់ការរបស់អាជ្ញាធរលើសំឡេងរិះគន់កន្លងមកបានអនុវត្តតាមនីតិវិធីច្បាប់ត្រឹមត្រូវ។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៩ ឧសភានេះ លោក ប៉ែន បូណាយល់ថា ការទទូចរបស់អង្គការក្រៅស្រុកមួយនេះគ្មានឥទ្ធិពលដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុនឡើយ។

តាមលោក ប៉ែន បូណា រដ្ឋាភិបាលកម្ពុជាកំពុងដំណើរការទៅមុខយ៉ាងសកម្ម មិនថានយោបាយក្នុងប្រទេស នយោបាយការទូតជាមួយប្រទេសជប៉ុន និងជាមួយបណ្តាប្រទេសជាច្រើនទៀតក្នុងន័យរឹតចំណងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិនិយោគដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ។ គួរជ្រាបថា របាយការណ៍ថ្មីរបស់ Human Rights Watch នៅតែបន្តបរិហារថា ក្នុងរយៈពេលប្រមាណ ១ឆ្នាំមកនេះ រដ្ឋាភិបាលអាណត្តិថ្មីដឹកនាំដោយលោក ហ៊ុន ម៉ាណែត កាន់តែរឹតត្បឹតសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិជួបជុំដោយសន្តិវិធីរបស់ពលរដ្ឋខ្លាំងឡើងៗ តាមរយៈការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយ ការចាប់ខ្លួន និងឃុំខ្លួនក្នុងចេតនានយោបាយ។

អង្គការក្រៅស្រុកមួយនេះបានលើកយកករណីចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានបក្សកម្លាំងជាតិកាលពីខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានត្រឡប់មកពីប្រទេសជប៉ុនដែលលោក ស៊ុន ចន្ធីបានទៅជួបអ្នកគាំទ្របក្ស និងករណីបណ្តឹងតុលាការប្រឆាំង លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនដែលចោទលោកពីបទបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រមុខរដ្ឋាភិបាលនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Nikkei Asia នាពេលដែលលោកទាវ វណ្ណុលមានវត្តមាននៅជប៉ុនកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤។

ដូនជីខ្មែរកាន់ពាក់ទង់ជាតិជប៉ុន និងទង់ជាតិកម្ពុជា អំឡុងពេលស្តាប់សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធផ្លូវដែលផ្តល់ថវិកាពីប្រទេសជប៉ុន នៅភូមិក្តីតាកុយ ក្រៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា
ដូនជីខ្មែរកាន់ពាក់ទង់ជាតិជប៉ុន និងទង់ជាតិកម្ពុជា អំឡុងពេលស្តាប់សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធផ្លូវដែលផ្តល់ថវិកាពីប្រទេសជប៉ុន នៅភូមិក្តីតាកុយ ក្រៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា AP – Heng Sinith

បន្ថែមពីនេះ Human Rights Watch ក៏បានលើកយកករណីបង្ក្រាបអតីតសកម្មជននយោបាយនៅប្រទេសជប៉ុន លោក ហៃ វណ្ណា ដែលសកម្មក្នុងការរៀបចំបាតុកម្មក្នុងប្រទេសជប៉ុនដើម្បីប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម។ Human Rights Watch ចោទថា ក្នុងអំឡុងខែតុលា ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានបញ្ជូនមនុស្ស ២នាក់ទៅគំរាមលោក ហៃ វណ្ណាដល់ប្រទេសជប៉ុនដើម្បីឲ្យសកម្មជនយោបាយរូបនេះថតវីដេអូសុំទោសប្រមុខរដ្ឋាភិបាលកម្ពុជា និងងាកមកចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចវិញ៕

What Next?

Recent Articles