កម្ពុជា
21/05/2025 – 12:51
ដោយ៖ ហ៊ុល រស្មី
RFI
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ឈុំ សុជាតបានបញ្ចេញប្រតិកម្មនឹងរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជា្រវអាមេរិកដែលវាយតម្លៃថា ចិនមានលទ្ធភាពប្រើប្រាស់ផ្តាច់មុខលើកន្លែងខ្លះនៅមូលដ្ឋានកងទ័ពជើងទឹករាម បន្ទាប់ពីមូលដ្ឋាននេះត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសា ឆ្នាំ២០២៥ នេះ។ តែអ្នកជំនាញកិច្ចការអន្តរជាតិយល់ឃើញថា សំណុំរឿងមូលដ្ឋានទ័ពរាមនេះនឹងមិនងាយចប់ស្រួលៗទេ បើឥទិ្ធពលរបស់ចិននៅបន្តរីកធំឡើងក្នុងប្រទេសកម្ពុជានោះ។
កងទ័ពកម្ពុជាច្រានចោលរបាយការណ៍ពាក់ព័ន្ធនឹងសកម្មភាពរបស់ចិននៅមូលដ្ឋានទ័ពរាម
អ្នកពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ការចុះផ្សាយរបាយការណ៍ចុងក្រោយរបស់មជ្ឈមណ្ឌលស្រាវជា្រវអាមេរិកគឺជា «ការចោទប្រកាន់យ៉ាងគឃ្លើន ដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិតដែលនាំឲ្យមានការភាន់ច្រឡំពាក់ព័ន្ធនឹងមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកនៃព្រះរាជាណាចក្រកម្ពុជាដែលធ្វើឡើងដោយសារព័ត៌មានបរទេសមួយចំនួននាពេលថ្មីៗនេះ»។
គួររម្លឹកជូនថា នៅដើមខែឧសភានេះ មជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រដែលមានមូលដ្ឋាននៅអាមេរិកបានបង្ហាញរបាយការណ៍អង្កេតមួយដែលថា កងទ័ពចិននៅបន្តមានសកម្មភាពគួរឲ្យកត់សម្គាល់ក្នុងមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា ក្នុងនោះ គឺកំពង់ផែដ៏ធំបំផុតមួយ និងការវិវឌ្ឍន៍ថ្មីៗនៅឯទីតាំងការពារអាកាសដែលនៅក្បែរមូលដ្ឋាននោះ។ តែកន្លងមក រដ្នាភិបាល និងក្រសួងការពារជាតិកម្ពុជាតែងបានប្រកាសញឹកញាប់ថា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យប្រទេសណាមួយយកទឹកដីកម្ពុជាធ្វើជាមូលដ្នានយោធាដាច់ខាត។

ក្រោយពីកំពង់ផែសមុទ្ររាមត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមក កម្ពុជាបានអនុញ្ញាតឲ្យនាវាបរទេសចូលសំចតជាហូរហែដែលក្នុងនោះ នាវាកងទ័ពជប៉ុនបានចូលចតមុនគេបង្អស់ និងបន្តដោយនាវាកងទ័ពវៀតណាម និងនាវាកងទ័ពចិន។ ប្រធានស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក វណ្ណ ប៊ុនណា យល់ឃើញថា កម្ពុជាបានប្រឹងពន្យល់ភាគីបរទេស ពិសេសអាមេរិកច្រើនដងអំពីបញ្ហារាមនេះ និងថែមទាំងបានបើកឲ្យមាននាវាបរទេស ដូចជាវៀតណាម និងជប៉ុនចូលចតទៀតផង។ តែលោកបានកត់សម្គាល់ឃើញថា ក្នុងពេលដែលចិនកំពុងពង្រឹងឥទ្ធិពលរបស់ខ្លួននៅប្រទេសកម្ពុជា អាមេរិកក៏នៅបន្តយករឿងរាមនេះមកដាក់សម្ពាធលើកម្ពុជា។ តាមលោក វណ្ណ ប៊ុនណា រឿងរ៉ាវនៅសមុទ្ររាមនេះមិនចប់ងាយៗទេ ដរាបណាមិត្តភាពចិន និងកម្ពុជាកាន់តែមានភាពផ្អែមល្ហែមនោះ៕