កម្ពុជា
កម្ពុជា-នយោបាយ
22/05/2025 – 11:10
ដោយ៖ អោ ស្រីពេជ្រ
RFI
អតីតគណបក្សប្រឆាំងនៅប្រទេសបារាំងបានសរសេរលិខិតចំហមួយច្បាប់ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតផ្តល់សច្ចាប័នដល់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឬ UNCLOS។ ការជំរុញដូច្នេះដោយរបស់បក្សប្រឆាំងនៅក្រៅស្រុកមួយនេះបារម្ភថា កម្ពុជាអាចនឹងមានជម្លោះការទូត ឬការប្រឈមមុខដាក់គ្នាផ្លូវអាវុធជាយថាហេតុ ដោយជម្លោះព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងឡើងវិញ។
គណបក្សសង្គ្រោះជាតិនៅបារាំងជំរុញឱ្យកម្ពុជាផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS
ក្នុងលិខិតចំហចុះថ្ងៃទី២០ ឧសភា សាខាអតីតគណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំងបានទទូចឱ្យលោក ហ៊ុន ម៉ាណែត ស្នើឱ្យរដ្ឋសភាជាតិផ្តល់សច្ចាប័នដល់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឬ UNCLOS។ តាមបក្សប្រឆាំងក្រៅស្រុកមួយនេះ ការស្រាវជ្រាវរបស់អ្នកជំនាញព្រំដែនរបស់ខ្លួន និងអ្នកជំនាញព្រំដែនផ្សេងទៀតមើលឃើញថា បើកម្ពុជាផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS នោះកម្ពុជានឹងទទួលបានកោះគុតដែលកំពុងមានបញ្ហាជាមួយថៃ និងកោះត្រល់ដែលជាកោះរបស់ខ្មែរដែលត្រូវវៀតណាមកំពុងកាន់កាប់ដោយគ្មានការទទួលស្គាល់ពីអន្តរជាតិ។
ជម្លោះព្រំដែនសមុទ្រ និងការមិនឯកភាពគ្នាលើដែនកោះជាមួយប្រទេសជិតខាងត្រូវបានបក្សប្រឆាំងនៅក្រៅស្រុកមួយនេះមើលឃើញថា កំពុងផ្ទុះឡើងយ៉ាងក្តៅគគុកក្នុងរយៈពេលចុងក្រោយដែលអាចធ្វើឱ្យមានជម្លោះការទូត ឬការប្រឈមមុខដាក់គ្នាផ្លូវអាវុធ។ តាមអតីតបក្សសង្គ្រោះជាតិនៅបារាំង ក្រៅពីក្រុមបក្សពួកខ្លួន ចៅក្រមអន្តរជាតិដែនសមុទ្រ លោក ហេដេស្ហីហ្សា ហូរីនូឈី (Hedeshisa Horinouchi) និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺលេ (Jacques Pellet) ក៏បានជំរុញឱ្យកម្ពុជាផ្តល់សច្ចាប័នលើច្បាប់សមុទ្រដ៏សំខាន់មួយនេះឱ្យបានឆាប់ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រ និងដែនដីកោះជាមួយប្រទេសជិតខាង។
បក្សប្រឆាំងក្រៅស្រុកនៅបារាំងបាននិយាយផ្លែផ្កាថា ប្រសិនបើលោក ហ៊ុន ម៉ាណែត គិតគូរដល់ប្រយោជន៍ជាតិមែន នោះគ្មានហេតុផលអ្វីដែលលោកហ៊ុន ម៉ាណែតមិនដាក់សំណើទៅកាន់រដ្ឋសភាជាតិឲ្យផ្តល់សច្ចាប័នពេញលេញលើច្បាប់សមុទ្រ UNCLOS នោះទេ។ តែលោក ហ៊ុន ម៉ាណែតមិនព្រមធ្វើទេ នោះសាខាអតីតគណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំងព្រមានធ្វើបាតុកម្មឥតឈប់ឈរ និងធ្វើញត្តិស្នើទៅសហគមន៍អន្តរជាតិ ពិសេសអង្គការសហប្រជាជាតិឱ្យចូលអន្តរាគមន៍ក្នុងបញ្ហានេះ។ លោក អ៊ុ សំអាន អតីតបក្សតំណាងរាស្ត្របក្សប្រឆាំងលើកឡើងនៅថ្ងៃទី២២ ឧសភាថា លោកហាក់មានសង្ឃឹមតិចណាស់ថា ច្បាប់សមុទ្រ UNCLOS អាចសម្រេចទៅបានតាមរយៈការទទូចរបស់គណបក្សនយោបាយ។
ផ្ទុយទៅវិញ និងបើតាមលោក អ៊ុ សំអាន ប្រសិនបើពលរដ្ឋក្នុង និងក្រៅស្រុករួមគ្នាធ្វើបាតុកម្ម នោះច្បាប់នេះនឹងអាចសម្រេចចេញបាន។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២២ ឧសភានេះដែរ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាអះអាងថា លោកមិនឆ្លើយឆ្លងជាមួយគណបក្សសង្គ្រោះជាតិក្រោមហេតុផលថា គណបក្សប្រឆាំងមួយនេះជាគណបក្សខុសច្បាប់ដែលត្រូវបានតុលាការកំពូលសម្រេចរំលាយចោលបាត់ទៅហើយ។ តែយ៉ាងណា លោក ប៉ែន បូណាបញ្ជាក់ថា ពលរដ្ឋខ្មែរបានយល់ច្បាស់ពីកិច្ចការរបស់រដ្ឋាភិបាលក្នុងការ ការពារព្រំដែន មិនឱ្យបាត់ សូម្បីតែ ១ចំអាម។

ក្រៅពីបក្សប្រឆាំងក្រៅស្រុក បក្សក្រៅរដ្ឋាភិបាលក្នុងស្រុក គឺគណបក្សកម្លាំងជាតិក៏បានដាក់លិខិតស្នើឲ្យលោក ហ៊ុន ម៉ាណែតបញ្ជូនអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឬ UNCLOS នេះដែរ។ គួរជម្រាបជូនថា បច្ចុប្បន្ន កម្ពុជានៅមិនទាន់ឲ្យសច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នៅឡើយទេ។ ក្នុងអំឡុងឆ្នាំ ១៩៨៣ កម្ពុជាបានត្រឹមចុះហត្ថលេខាលើអនុសញ្ញានោះប៉ុណ្ណោះ៕