កម្ពុជា
កម្ពុជា-សង្គម
22/05/2025 – 12:32
ដោយ៖ ជួប នរក្សា
RFI
នៅថ្ងៃពុធ ទី២១ ឧសភា កម្លាំងសមត្ថកិច្ចខណ្ឌព្រែកព្នៅបានចាប់ខ្លួនយុវជន ៣រូបដែលជាប់សង្ស័យក្នុងបទល្មើសរំលោភសម្លាប់ និងប្លន់ក្មេងស្រីអាយុ១៥ឆ្នាំ។ តាមការឲ្យដឹងពីអ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ជនសង្ស័យទាំង ៣រូបកំពុងឃុំខ្លួននៅអធិការខណ្ឌព្រែកព្នៅដើម្បីសាកសួរ និងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃព្រហស្បតិ៍ ទី២២ ឧសភានេះ។
សមត្ថកិច្ចចាប់ខ្លួនយុវជន ៣រូបក្នុងបទល្មើសរំលោភសម្លាប់ក្មេងស្រីអាយុ ១៥ឆ្នាំ
ថ្លែងបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធ ទី២១ ឧសភា លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនជនសង្ស័យចំនួន ៣រូប ដែលមានអាយុ ត្រឹម១៨ឆ្នាំ ក្នុងអំពើឃាតកម្មរំលោភសម្លាប់ក្មេងស្រីអាយុ១៥ឆ្នាំនៅក្នុងសាលាបឋមសិក្សាវត្តគ្រួស ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាមលោក សំ វិច្ឆិកា ក្នុងចំនួនជនសង្ស័យទាំង៣រូប មានម្នាក់ជាជនដៃដល់ ខណៈ ២នាក់ទៀតជាអ្នកសមគំនិត។ ជនសង្ស័យជាយុវជនទាំង៣រូបត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម៉ោង១២ និង៣០នាទីថ្ងៃត្រង់កាលពីថ្ងៃពុធ ទី២១ ឧសភា។
នៅពេលចាប់ខ្លួន សមត្ថកិច្ចរកឃើញទូរស័ព្ទដៃរបស់ក្មេងស្រីរងគ្រោះ និងសម្ភារៈមួយចំនួនទៀត។ តាមស្នងការក្រុងភ្នំពេញ សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទាំង ៣នាក់ទៅកាន់តុលាការ។ សូមបញ្ជាក់ថា នៅថ្ងៃពុធទី២១ ឧសភា គេបានប្រទះឃើញសាកសពក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ស្លាប់ក្នុងបន្ទប់ទឹកនៃសាលាបឋមសិក្សាវត្តគ្រួស និងដែលត្រូវបានសមត្ថកិច្ចអះអាងថា ក្មេងស្រីនោះត្រូវបានគេរំលោភ និងប្លន់សម្លាប់។ អំពើឃាតកម្មដ៏ឃោរឃៅមួយនេះបានញ៉ាំងឲ្យមានប្រតិកម្មពីមហាជន ពិសេសពីអង្គការសង្គមស៊ីវិលដែលធ្វើការងារលើការបំពាន និងប្រើប្រាស់ហិង្សាលើស្រ្តី។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃព្រហស្បតិ៍ ទី២១ ឧសភានេះ លោកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិនៃអង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានចាត់ទុកនេះថាជារឿងដ៏គួរឲ្យសង្វេគ។ តាមនាយិកាប្រតិបត្តិនៃអង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជារូបនេះដដែល កំណើននៃអំពើហិង្សារបស់បុរស និងក្មេងប្រុសជាយុវវ័យក្នុងពេលបច្ចុប្បន្ន គឺដោយសារតែការធ្វើត្រាប់តាមសកម្មភាពបទល្មើសកន្លងមកដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម។ តែលោកស្រី អេង ចាន់ឌីបានកត់សម្គាល់ឃើញថា ករណីចាប់រំលោភសម្លាប់ដែលកើតមានជារឿយៗកន្លងមកនោះ គឺការបញ្ចេញមតិភាគច្រើនរបស់មហាជនមួយចំនួនហាក់មិនសមរម្យ និងបែរជាទៅបន្ទោសក្មេងស្រីដែលជាជនរងគ្រោះទៅវិញ។

លោកស្រីថា ការអប់រំបណ្តុះបណ្តាលអាកប្បកិរិយាក្មេងប្រុសជារឿងចាំបាច់ដើម្បីបញ្ជៀសការរំលោភបំពានដោយហិង្សាលើស្រី្ត និងក្មេងស្រី៕