អាជ្ញាធរខ្មែរសុំកិច្ចសហការពីអាជ្ញាធរថៃតាមចាប់ខ្លួនអ្នករិះគន់តាមហ្វេសប៊ុកម្នាក់

ដោយ ហ៊ុំ ចំរើន
2025.05.25
RFA

អាជ្ញាធរខ្មែរបានប្រកាសតាមចាប់ខ្លួនស្ដ្រីម្នាក់ ដែលអះអាងថាជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះស្ត្រី Overseas ស្ទឹងស្ងាត់ ម៉ៅ បង និង Chhin Chou ដែលបានបង្ហោះសាររិះគន់រដ្ឋាភិបាលថា បានបរាជ័យក្នុងការចរចាបញ្ហាពន្ធជាមួយសហរដ្ឋអាមេរិក។

Thailand Interior Minister Anutin Charnvirakul (L) and Cambodian Interior Minister Sar Sokha in the 8th Meeting of The Governors of Cambodian-Thai Border Provinces in October 2024.
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃលោក អនុធីន ឆានវីរៈគូល (Anutin Charnvirakul) (ឆ្វេង) និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាលោក ស សុខា នៅក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៨ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ (រូបភាពពីហ្វេសប៊ុកលោក ស សុខា)

អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​អះអាង​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៣​ឧសភា​ថា ម្ចាស់​គណនី​ហ្វេសប៊ុក​នោះ ជា​ស្ត្រី​ឈ្មោះ ជូ ឈីន មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង គឺ​ជា​ក្រុម​គណបក្ស​ប្រឆាំង​​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ។ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ចោទ​ប្រកាន់​​ម្ចាស់​ហ្វេសប៊ុក​រូប​នេះ​​ថា ​​បាន​បង្ហោះ​សារ​ញុះញង់​ បំភ្លៃ​ខុស​ពី​ការ​ពិត​ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​។ ប៉ូលិស​ខ្មែរ​ថា នឹង​រៀប​ចំ​ឯកសារ​ ហើយ​នឹង​សហការ​ជា​មួយ​អាជ្ញាធរ​ថៃ​ដើម្បី​តាម​ចាប់​ស្ត្រី​ឈ្មោះ ជូ ឈីន បញ្ជូន​មក​​ផ្ដន្ទាទោស​នៅ​កម្ពុជា​វិញ​។

​ចំណាត់​របស់​ប៉ូលិស​ខ្មែរ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ហ្វេសាប៊ុក​ឈ្មោះ​ស្ត្រី Overseas បាន​បង្ហោះ​សារ​សំឡេង​អម​ដោយ​រូប​ថត​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ អ្នក​ស្រី ចម និម្មល និង​ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល ថា ទៅ​ចរចា​បញ្ហា​ពន្ធ​ជា​មួយ​សហរដ្ឋ​អាមេរិក​ជុំ​ទី​មួយ​បាន​បរាជ័យ។ ហ្វេសប៊ុក​ដដែល​បន្ថែម​ថា ការ​ចរចា​ជុំ​ទី​២ នឹង​បរាជ័យ​ដូច​លើក​ដំបូង​ដែរ ដោយសារ​តែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត​ បាន​រំលោភ​សិទ្ធិ​មនុស្ស​ និង​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​។

ទាល់​តែ​យើង​ធ្វើ​តាម​គេ​បាន​គេ​ព្រម​ ទី​មួយ​គេ​ឱ្យ​យើង​គោរព​សិទ្ធិមនុស្ស ​ដោះលែង​អ្នក​ទោស​នយោបាយ​ ដោះលែង​មេ​បក្ស​ប្រឆាំង​ លោក​ កឹម សុខា កញ្ញា សេង​ ធារី​ ហើយ​ដោះលែង​អ្នក​ទោស​បរិស្ថាន​ អ្នក​ទោស​ដី​ធ្លី​ បញ្ឈប់​អំពើ​ខុស​ច្បាប់​នៅ​កម្ពុជា​។ ហើយ​ត្រូវ​បោះ​ឆ្នោត​ដោយ​សេរី ​យុត្តិធម៌ បើ​មេ​ដឹក​កម្ពុជា​ធ្វើ​អត់​បាន​ គឺ​ការ​ចរចា​លើក​ទី​២​ក៏​មិន​អាច​ទទួល​បាន​ជោគជ័យ​ដែរ​។—  សារសំឡេង​នៅក្នុងហ្វេសប៊ុកស្ដ្រី Overseas

​ជុំវិញ​បញ្ហា​នេះ​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ករណី​នេះ​ ពុំ​មែន​ជា​អំពើ​ខុស​ច្បាប់​ឡើយ ពីព្រោះ​ការ​លើកឡើង​របស់​ម្ចាស់​ហ្វេសប៊ុក​នេះ គឺ​ជា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​​របស់​ពលរដ្ឋ​ដោយ​ស្រប​តាម​រដ្ឋធម្មនុញ្ញ។

ទាំង​ច្បាប់​ជាតិ​ច្បាស់​អន្តរជាតិ​ជាពិសេស​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​និយាយ​អំពី​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព​​នៅ​ក្នុង​ការ​ជួប​ជុំ​សម្ដែង​មតិ​អី​ជា​ដើម​។​អីចឹង​សម្រាប់​ខ្ញុំ​ គួរ​តែ​មាន​ការ​បែងចែក​ឱ្យ​បាន​ច្បាស់​លាស់​​រវាង​បទ​ល្មើស​ហើយ​នឹង​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​ស្រប​ច្បាប់​បាទ។—  លោក នី សុខា

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ម្ចាស់​គណនី​ហ្វេស​ប៊ុក ឈ្មោះ ជូ ឈីន ដើម្បី​សាកសួរ​ជុំ​វិញ​ចំណាត់​ការ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៣​ឧសភា ដោយ​ស្ត្រី​រូប​នេះ​ប្រាប់​ថា ​នាង​កំពុង​រក​ទី​កន្លែង​មាន​សុវត្ថិភាព​។

​​​របាយការណ៍​របស់​​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​(Human Rights Watch) ​​ឱ្យ​ដឹង​​ថា កាល​ពី​ឆ្នាំ​២០២៤​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ​៩៤ ​នាក់​ត្រូវ​បាន​​អាជ្ញាធរ​ចាប់​ខ្លួន​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ក្បត់ជាតិ​» ដោយសារ​តែ​ការ​​រិះគន់​ពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល ក្នុង​នោះ​មនុស្ស​៥៩​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles