កម្ពុជា
26/05/2025 – 11:03
ដោយ៖ ហ៊ុល រស្មី
RFI
កម្មកររោងចក្រ WP SPORTS ជិត ១០០០នាក់ បានបដិសេធមិនចូលធ្វើការនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភានេះ។ ពួកគេបានទាមទារឲ្យម្ចាស់ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍មួយចំនួន ដូចជាទឹកដោះគោសម្រាប់កូន កែប្រែលក្ខខណ្ឌម៉ោងចេញធ្វើការងារសម្រាប់អ្នកមានផ្ទៃពោះ រួមទាំងការផ្គត់ផ្តង់ទឹកសុទ្ធឲ្យបានគ្រប់គ្រាន់។ សហជីពដែលកំពុងតាមដានករណីនេះយល់ថា ម្ចាស់ក្រុមហ៊ុនគួរធ្វើតាមសំណើរបស់កម្មករ ព្រោះជាសំណើដែលអាចទទួលយកបាន និងស្របតាមច្បាប់ការងារផង។
កម្មកររោងចក្រ WP SPORTS ក្នុងខេត្តស្វាយរៀងតវ៉ាទាមទារលក្ខខណ្ឌការងារល្អជាងមុន
អំឡុងពេលមានកូដកម្មនៅរោងចក្រ WP SPORTS ដែលស្ថិតនៅឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង កម្មករបានទាមទារ ៣ចំណុចសំខាន់ៗ រួមមាន ក្រុមហ៊ុនត្រូវផ្តល់ប្រាក់ថ្លៃទឹកគោកូន អនុញ្ញាតឱ្យស្រ្តីមានផ្ទៃពោះ ឬទើបសម្រាលកូនចេញមុនម៉ោងការងារ ៣០នាទី និងផ្តត់ផ្គង់ទឹកហូបឲ្យបានគ្រប់គ្រាន់។ នេះបើតាមសម្ព័ន្ធសហជីពចលនាកម្មករ។ តែកម្មករម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ចំណុចក្តៅដែលបង្កឲ្យមានការតវ៉ានោះ គឺរឿងថៅកែរោងចក្រដែលជាជនជាតិចិនបានបញ្ឈប់កម្មករតាមតែអំពើចិត្ត និងមានភាពតឹងរ៉ឹងលើការពិនិត្យពេលម៉ោងចេញចូលធ្វើការ ដូចជាការស្កេនបញ្ជាក់ភិនភាគកម្មករជាដើម។
តាមកម្មករសុំមិនបញ្ចេញឈ្មោះរូបនេះដដែល កម្មករមិនសុខចិត្តនឹងការបញ្ឈប់ពីការងារគ្មានហេតុផល ព្រោះពួកគេម្នាក់ៗបានចំណាយលុយជិត១០ម៉ឺនរៀលសម្រាប់ធ្វើឯកសារដើម្បីអាចចូលបំពេញការងារនៅរោងចក្រដែលទើបដំណើរការមួយនេះ។ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណាប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ ឧសភានេះថា ការទាមទាររបស់កម្មករមិនធ្ងន់ធ្ងរទេ ព្រោះវាជាសិទ្ធិ និងស្របតាមច្បាប់ការងារ ហើយក្រុមហ៊ុនត្រូវតែបំពេញតាមការទាមទារចង់បានរបស់កម្មករ។ ទាក់ទងនឹងការទាមទារទឹកហូបឲ្យបានគ្រប់គ្រាន់ត្រូវបានលោក ប៉ាវ ស៊ីណាយល់ថា ក្រុមហ៊ុន ឬរោងចក្រមានកតាព្វកិច្ចទទួលខុសត្រូវ ព្រោះបច្ចុប្បន្ននេះ អាកាសធាតុមានការប្រែប្រួលដែលតម្រូវឲ្យកម្មករទទួលទានទឹកឲ្យបានគ្រប់គ្រាន់។

តាមមេដឹកនាំសហជីពរូបនេះដដែល ការមិនទទួលបានតម្រូវការចាំបាច់ទាំងនេះគឺជាដើមចមនៃការផ្ទុះការតវ៉ា។ ទន្ទឹមគ្នានេះ លោក ប៉ាវ ស៊ីណា បានស្នើឲ្យមន្ត្រីជំនាញចុះពិនិត្យករណីស្រដៀងគ្នានេះនៅតាមរោងចក្រផ្សេងទៀតដើម្បីបង្ការការតវ៉ាជាយថាហេតុ។ ទោះយ៉ាងណា ប្រធានមន្ទីរការងារខេត្តស្វាយរៀង លោកអ៊ូ សុខឿនថ្លែងថា ការចរចាផ្សះផ្សារវាងភាគីកម្មករ និងថៅកែរោងចក្រ WP SPORTS កំពុងបន្តដោយនៅមិនទាន់មានលទ្ធផលជាដុំកំភួននៅឡើយ និងថា ដំណោះស្រាយអាចកើតមានក្នុងថ្ងៃចន្ទ ទី២៦ ឧសភានេះ៕