កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
26/05/2025 – 09:19
ដោយ៖ អោ ស្រីពេជ្រ
RFI
ក្រសួងការបរទេសកម្ពុជាបានច្រានចោលលើការលើកឡើងដែលថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុនបានផ្ញើលិខិតទៅគំរាមសមាជិកសភាជប៉ុន លោក ណាអូតូ សាកាហ្គុជិ ដែលបាននិយាយបរិហារបញ្ហាសិទ្ធិមនុស្សនៅសភាជប៉ុនកាលពីថ្ងៃទី១៦ មេសាកន្លងទៅ។ ផ្ទុយទៅវិញ និងបើតាមក្រសួងការបរទេសកម្ពុជា តំណាងទូតខ្មែរនៅជប៉ុនបានពន្យល់ឱ្យលោក ណាអូតូ សាកាហ្គុជិយល់ពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាក់ស្តែងនៅកម្ពុជា ដោយសារលោក ណាអូតូ សាកាហ្គុជិ អាចជឿ ឬស្តាប់សម្តីក្រុមប្រឆាំងដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន។
ក្រសួងការបរទេសកម្ពុជាអះអាងថា តំណាងទូតខ្មែរមិនបានគំរាមសមាជិករដ្ឋសភាជប៉ុនទេ
ក្នុងសេចក្តីបំភ្លឺថ្ងៃទី២៥ ឧសភា ក្រសួងការបរទេសកម្ពុជាបានបដិសេធលើការលើកឡើងដែលថា ឯកអគ្គរាជទូតកម្ពុជានៅប្រទេសជប៉ុន លោក ទុយ រី បានផ្ញើលិខិតទៅគំរាមលោក ណាអូតូ សាកាហ្គុជិ សមាជិកសភាជប៉ុន បន្ទាប់ពីលោក ណាអូតូ សាកាហ្គុជិ បាននិយាយបរិហារបញ្ហាសិទ្ធិមនុស្សកម្ពុជានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការបរទេសកាលពីថ្ងៃទី១៦ មេសាកន្លងទៅ។ សេចក្តីបំភ្លឺរបស់ក្រសួងការបរទេសកម្ពុជានេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដោយភ្ជាប់ជាមួយនូវលិខិតជាភាសាអង់គ្លេស និងលិខិតបកប្រែជាភាសាខ្មែរក្រៅផ្លូវការដែលអះអាងថា គឺជាលិខិតចុះថ្ងៃទី២៨ មេសាដែលលោក ទុយ រី ផ្ញើទៅលោក ណាអូតូ សាកាហ្គុជិ។
ក្នុងលិខិតនោះ លោក ទុយ រី បានពន្យល់បកស្រាយប្រាប់លោក ណាអូតូ សាកាហ្គុជិ ពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដោយយល់ថា លោក ណាអូតូ សាកាហ្គុជិ អាចជឿ ឬស្តាប់សម្តីក្រុមប្រឆាំងដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន។ បញ្ហាសិទ្ធិមនុស្សដែលលោក ទុយ រី បានពន្យល់ប្រាប់សមាជិកសភាជប៉ុនរូបនោះ មានដូចជា ការរំលាយគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៧ ការបោះឆ្នោតដោយគ្មានបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៨ ការឡើងកាន់តំណែងនាយករដ្ឋមន្ត្រីកម្ពុជារបស់លោក ហ៊ុន ម៉ាណែត ដែលបន្តពីឪពុក ករណីចោទប្រកាន់តាមផ្លូវច្បាប់ហាមលោក សុន ចន្ធី អតីតប្រធានគណបក្សកម្លាំងជាតិមិនឲ្យបោះឆ្នោត ឬឈរឈ្មោះបោះឆ្នោតឲ្យគេបោះឆ្នោតអស់មួយជីវិត ព្រមទាំងការរឹតត្បិតសិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិជាដើម។
ក្រសួងការបរទេសកម្ពុជាអះអាងថា អ្វីដែលលោក ទុយ រី បានលើកឡើងនៅក្នុងលិខិតនោះមិនមានបង្កប់ន័យគំរាមកំហែង និងប៉ះពាល់ដល់កិត្តិយសលោក ណាអូតូ សាកាហ្គុជិ សោះឡើយ។ ផ្ទុយទៅវិញ និងបើតាមក្រសួងការបរទេសកម្ពុជា លិខិតនោះត្រូវបានគេយកទៅបកប្រែបំផ្លើស ធ្វើអាជីវកម្ម និងធ្វើឱ្យមានការយល់ច្រឡំថា លោក ទុយ រី បានគំរាមកំហែងសមាជិកសភាជប៉ុនរូបនោះទៅវិញ។ ទង្វើនេះត្រូវបានក្រសួងការបរទេសកម្ពុជាចាត់ទុកជាការមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងបង្កឱ្យមានការយល់ច្រលំចូលមកបំផ្លាញទំនាក់ទំនងយូរឆ្នាំរវាងកម្ពុជា និងជប៉ុន។

គួរជ្រាបថា ប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជាពេលនេះបានធ្វើឡើង បន្ទាប់ពីវិទ្យុអាស៊ីសេរីបានផ្សាយថា លោក ណាអូតូ សាកាហ្គុជិ បាននិយាយនៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃទី២១ ឧសភាកន្លងទៅថ្មីៗនេះថា តំណាងទូតខ្មែរបានគំរាមកំហែង និងបំពានសេរីភាពនយោបាយរបស់លោក។ តាមវិទ្យុអាស៊ីសេរី លោក ណាអូតូ សាកាហ្គុជិ បានសម្តែងការហួសចិត្ត និងថា សូម្បីលោកជាសមាជិករដ្ឋសភានៅតែរងការគំរាមកំហែង ហើយចុះទម្រាំពលរដ្ឋជប៉ុន ឬពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនដែលបញ្ចេញមតិទាមទារឱ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជានឹងរងការគំរាមកំហែងបែបណាទៅវិញ?៕