គណបក្សភ្លើងទៀនធ្វើសមាជដោយផ្តោតលើការចងសម្ព័ន្ធភាពនយោបាយ

កម្ពុជា
26/05/2025 – 12:21
ដោយ៖ ហ៊ុល រស្មី
RFI

គណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់សំខាន់មួយបានរៀបចំសមាជក្នុងថ្ងៃអាទិត្យ ទី២៥ ឧសភាដោយបានកែប្រែលក្ខនិ្តកៈគណបក្សមួយចំនួន ដូចជាការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយជាលក្ខណៈទេ្វភាគី ឬច្រើនជាងនេះដោយផ្អែកតាមច្បាប់ស្តីពីគណបក្សនយោបាយ។ អ្នកវិភាគនយោបាយកត់សម្គាល់ថា គណបក្សនៅក្រៅរដ្ឋាភិបាលគួរផ្តោតលើការកសាងទំនុកចិត្តគ្នា និងគ្នាក្នុងពេលរៀបចំការចងសម្ព័ន្ធភាពដើម្បីចូលរួមប្រកួតការបោះឆ្នោតនាពេលខាងមុខ។

គណបក្សភ្លើងទៀនធ្វើសមាជដោយផ្តោតលើការចងសម្ព័ន្ធភាពនយោបាយ


លោក គីមសួរ ភិរិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សភ្លើងទៀនប្រាប់វិទ្យុបារាំង RFI នៅថ្ងៃចន្ទ ទី២៦ ឧសភានេះថា គណបក្សបានសម្រេចកែប្រែលក្ខន្តិកៈមួយចំនួនដើម្បីឆ្លើយតបទៅនឹងបរិបទនយោបាយបច្ចុប្បន្ន និងការប្រកាសមួយរបស់ក្រសួងមហាផ្ទៃដែលតម្រូវឲ្យគណបក្សចែងពីការចងសម្ព័ន្ធភាពនយោបាយ។ តាមអតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ គណបក្សភ្លើងទៀនបានឋិតក្នុងសម្ព័ន្ធភាពគណបក្សនយោបាយចំនួន៥ និងថា ការកែប្រែលក្ខន្តិកៈនៃការចងសម្ព័ន្ធភាពនយោបាយនេះនឹងបើកផ្លូវឲ្យរក្សាបាននូវសម្ព័ន្ធភាពដែលមានកន្លងមក និងបន្តទៅរឹតចំណងមេត្រីជាមួយគណបក្សផ្សេងៗទៀតដើម្បីរក្សាសំឡេងអ្នកប្រជាធិបតេយ្យក្នុងការចូលរួមបោះឆ្នោតនាពេលខាងមុខ។

គួរបញ្ជាក់ថា គណបក្សភ្លើងទៀនបានខកខានមិនបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣ ដោយសារខ្វះឯកសារដើមដែលបញ្ជាក់ពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ ក្រោយមក គណបក្សមួយនេះក៏បានធ្វើការរួមគ្នាជាមួយគណបក្សចំនួន៤ ផ្សេងទៀត គឺគណបក្សឆន្ទៈខ្មែរ គណប្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយមដើម្បីបង្កើតសម្ព័ន្ធភាពនយោបាយមួយឈ្មោះថា «សម្ព័ន្ធភាពឆ្ពោះទៅអនាគត»។

លោក មាស នី អ្នកវិភាគនយោបាយយល់ឃើញថា ការចងសម្ព័ន្ធភាពនយោបាយជាយុទ្ធសាស្ត្រនយោបាយបត់បែនមួយដើម្បីបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ និងរក្សាកម្លាំងគាំទ្រ ហើយក៏ជាវិធីសាស្ត្រកាត់បន្ថយហានិភ័យផ្សេងៗនៅពេលធ្វើសកម្មភាពនយោបាយក្នុងប្រទេសដែរ។

គណបក្សភ្លើងទៀន ធ្វើសមាជ ថ្ងៃទី២៥ ឧសភា ឆ្នាំ ២០២៥ ទីក្រុង ភ្នំពេញ។
គណបក្សភ្លើងទៀន ធ្វើសមាជ ថ្ងៃទី២៥ ឧសភា ឆ្នាំ ២០២៥ ទីក្រុង ភ្នំពេញ។ © Candlelight Party

តែលោក មាស នី មិនភ្លេចបញ្ជាក់ថា សម្ព័ន្ធភាពនេះគួរផ្តោតលើការកសាងទំនុកចិត្តផងដែរ ព្រោះតាមការសង្កេតកន្លងមក អ្នកប្រជាធិបតេយ្យច្រើនតែជួបជុំគ្នាហើយ រួចក៏សម្រេចបែកផ្លូវគ្នាវិញ។ តាមអ្នកវិភាគនយោបាយរូបនេះដដែល អ្នកនយោបាយនៅក្នុងស្រុកក៏គួរមានការប្រយ័ត្នប្រយែងនឹងការទាក់ទងជាមួយអ្នកនយោបាយនៅក្រៅប្រទេស និងថា ការចងសម្ព័ន្ធភាពណាមួយគួរធ្វើឡើងដោយសន្សឹមៗ ឬតាមដំណាក់កាលដើម្បីបង្កើនការទុកចិត្តគ្នាទៅវិញទៅមកជាជាងការសម្រុកចងសម្ព័ន្ធភាព រួចជួបការប្រេះឆាដោយប្រការណាមួយទៅវិញ៕

What Next?

Recent Articles