កម្ពុជា
កម្ពុជា-អំពើពុករលួយ
26/05/2025 – 14:31
ដោយ៖ អោ ស្រីពេជ្រ
RFI
អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU បានឃាត់ខ្លួនមន្ត្រីនគរបាល ២នាក់ និងបញ្ចូនទៅតុលាការ ក្រោយរកឃើញថាបានដោះលែងជនជាតិថៃចំនួន ៤៣នាក់ជាថ្នូរនឹងប្រាក់ប្រមាណ ៧៧ម៉ឺន ៤ពាន់ដុល្លារ។ នេះបើតាមលោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នេះ។
ACU បញ្ជូនមន្ត្រី ២នាក់ទៅតុលាការ ក្រោយរកឃើញទទួលលុយសំណូកចំនួន ៧៧ម៉ឺនដុល្លារ
លោក សយ ចាន់វិចិត្រ បញ្ជាក់ថា ACU បានឃាត់ខ្លួន និងបញ្ជូនមន្រ្តីនគរបាលចំនួន ២នាក់ទៅតុលាការ គឺឈ្មោះ វ៉ន វាសនា ហៅ Mr Dorn មានតួនាទីជាអធិការរងនៃអធិការដ្ឋានស្រុកបវេល និងម្នាក់ទៀតឈ្មោះ តាំង សំណាង មានតួនាទីជាជំនួយការអគ្គនាយករងនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ។ តាមអ្នកនាំពាក្យ ACU ក្រៅពីមន្រ្តីនគរបាលទាំង ២នាក់ គឺនៅមានអ្នកឃុបឃិតចំនួន ៤នាក់ផ្សេងទៀតដែល ACU កំពុងតាមរក។ ជនសង្ស័យទាំង ៦នាក់ បានចូលដៃគ្នាយកលុយ និងដោះលែងជនជាតិថៃចំនួន ៤៣នាក់ពីការបណ្តេញចេញរបស់សមត្ថកិច្ចចម្រុះនៅចន្លោះថ្ងៃទី៤ និងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។
លោក សយ ចាន់វិចិត្រ បានឲ្យដឹងទៀតថា មុនការដោះលែង ២ថ្ងៃ ពោលនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ អគ្គស្នងការនគរបាលជាតិបានរកឃើញថា ជនជាតិថៃទាំង ៤៣នាក់បានមករស់នៅ និងធ្វើការខុសច្បាប់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែក្រោយមក ផែនការដោះលែងជនជាតិថៃទាំង ៤៣នាក់បានទទួលបរាជ័យ និងបានបណ្តេញចេញពីកម្ពុជានៅថ្ងៃទី៨ ឧសភា ឆ្នាំ២០២៥។ បច្ចុប្បន្ន មន្រ្តីនគរបាលទាំង ២រូបដែលជាជនសង្ស័យត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីឃាត់ខ្លួនបានកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

ដោយឡែក តាមការចុះផ្សាយរបស់សារព័ត៌មាន Freshnews នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដែលស្រង់សម្តីលោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា មន្រ្តីនគរបាលទាំង ២ ត្រូវបានបញ្ចូនទៅពន្ធនាគារព្រៃស នៅថ្ងៃទី២៦ ឧសភា នេះ ក្រោយពីបញ្ចប់ការស៊ើបសួរ។ សូមជម្រាបថា តាំងពីដើមឆ្នាំ២០២៥ នេះ ACU បានចាប់ខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវចំនួន ២នាក់ពាក់ព័ន្ធនឹងករណីស៊ីសំណូកប្រាក់ជាថ្នូរនឹងការបង្រ្កាបបទល្មើស។ ចំណែកកាលពីដើមខែមីនាកន្លងទៅ ACU បានប្តឹងអភិបាលរងខេត្តកំពង់ស្ពឺជាមួយបក្ខពួក ២នាក់ផ្សេងទៀតក្នុងសំណុំរឿងពុករលួយកិបកេងប្រាក់ប្រមាណ ៤០ម៉ឺនដុល្លារ៕