សង្គមស៊ីវិលទាមទារឲ្យមេដឹកនាំអាស៊ានការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស

កម្ពុជា
27/05/2025 – 11:53
ដោយ៖ សឹម ចាន់សំណាង
RFI

សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន ៣៥ ក្នុងតំបន់អាស៊ានបានទទូចឲ្យរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ានធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ លើកស្ទួយសិទ្ធិនយោបាយ និងការពារលំហសេរីភាពរបស់ពលរដ្ឋ។ តាមក្រុមអង្គការសង្គមស៊ីវិលនេះដដែល ស្ថានភាពលទ្ធិប្រជាធិបតេយ្យក្នុងតំបន់អាស៊ានមិនត្រឹមតែស្ថិតក្រោមភាពតានតឹងប៉ុណ្ណោះទេ តែវាក៏កំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដែរ។

សង្គមស៊ីវិលទាមទារឲ្យមេដឹកនាំអាស៊ានការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស


ក្នុងចំណោមក្រុមអង្គការសង្គមស៊ីវិលចំនួន ៣៥ ក្នុងតំបន់អាស៊ាន មានអង្គការចំនួន ៣ ពីកម្ពុជា គឺសហព័ន្ធសហជីពកម្ពុជា អង្គការសង់ត្រាល់ និងអង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម។ នៅសេចក្តីថ្លែងការណ៍ចេញផ្សាយថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៥ ក្រុមអង្គការសង្គមស៊ីវិលក្នុងតំបន់អាស៊ានបានលើកឡើង ៨ចំណុច រួមមាន ការពង្រឹងភាពធន់នឹងលទ្ធិប្រជាធិបតេយ្យ ការពង្រីកលំហស៊ីវិល និងឌីជីថល ការជំរុញកំណែទម្រង់ស្ថាប័ន ការផ្តល់សិទ្ធិអំណាចដល់យុវជន និងសហគមន៍ដែលខ្វះខាត និងការរុញច្រានប្រឆាំងនឹងរបបផ្តាច់ការ។ ចំណុចទាំង ៨នេះត្រូវបានលើកឡើងនៅក្នុងកម្មវិធីវេទិកាពលរដ្ឋអាស៊ានដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី២៤ និង២៥ ឧសភា ឆ្នាំ២០២៥ ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារ ទី២៧ ឧសភានេះថា មូលហេតុដែលអង្គការសង្គមស៊ីវិលកម្ពុជាលើកឡើងពីលទ្ធិប្រជាធិបតេយត្យ ដោយសារតែពួកគេសង្កេតឃើញថា ដំណើរការក្នុងការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានការធ្លាក់ចុះ ហើយលំហសិទ្ធិសេរីភាពពលរដ្ឋក៏កាន់តែរួមតូចទៅៗ។ តាមលោក ឃុន ថារ៉ូ ការខកខាន និងយឺតយ៉ាវក្នុងការកសាងលទ្ធិប្រជាធិបតេយ្យ អំពើពុករលួយជាលក្ខណៈប្រព័ន្ធ បញ្ហាសិទ្ធិសេរីភាពជាមូលដ្ឋាន និងបញ្ហាសិទ្ធិការងារនៅកម្ពុជាបានធ្វើឲ្យប៉ះពាល់ដល់ក្របខ័ណ្ឌអនុគ្រោះផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈអ្នកនាំពាក្យ លោក ស្រ៊ាង ចិន្តា បានចាត់ទុកសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលអាស៊ានថាជាការសម្តែងមតិរបស់ពួកគេតែប៉ុណ្ណោះ និងថា របៀបនៃការដឹកនាំប្រទេសក្នុងតំបន់អាស៊ានមានលក្ខណៈចម្រុះ។ សម្រាប់ប្រទេសកម្ពុជាត្រូវបានលោក ស្រ៊ាង ចិន្តា អះអាងថា រដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យយ៉ាងល្អប្រសើរ ពិសេសរៀបចំការបោះឆ្នោតមួយដែលមានលក្ខណៈត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។

សង្គមស៊ីវិលទាមទារឲ្យមេដឹកនាំអាស៊ានការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
សង្គមស៊ីវិលទាមទារឲ្យមេដឹកនាំអាស៊ានការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស AP – Heng Sinith

ក្នុងសេចក្តីថ្លែងការណ៍រួមដដែល ក្រុមអង្គការសង្គមស៊ីវិលអាស៊ានបានជំរុញឲ្យមេដឹកនាំអាស៊ានបញ្ចូលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាគោលការណ៍ស្នូលនៅក្នុងចក្ខុវិស័យអាស៊ានឆ្នាំ ២០៤៥។ ចុក្ខវិស័យនេះ គឺជំរុញឲ្យមានការបង្កើតកិច្ចសន្ទនាប្រជាធិបតេយ្យ និងអភិបាលក្របខ័ណ្ឌតំបន់អាស៊ាន និងការបោះឆ្នោតដោយសុចរិតភាព។ ទន្ទឹមគ្នានេះ ពួកគេក៏ទាមទារឲ្យមានការពង្រឹងស្ថាប័នសិទ្ធិមនុស្សអាស៊ាន លុបចោលច្បាប់គាបសង្កត់ ការពារអ្នកការពារសិទ្ធិមនុស្ស និងធានាសេរីភាពឌីជីថល៕

What Next?

Recent Articles