ប្រមុខការពារជាតិកម្ពុជាថា មូលដ្ឋានទ័ពរាមមិនអាចបើកឲ្យភ្ញៀវចូលគ្រប់កន្លែងទេ

កម្ពុជា
28/05/2025 – 12:23
ដោយ៖ ហ៊ុល រស្មី
RFI

ក្នុងពេលបិទបញ្ចប់លំហាត់សឹកលើកទី៧ ឆ្នាំ២០២៥ នេះ ប្រមុខការពារជាតិកម្ពុជា លោក ទៀ សីហា បានបំភ្លឺលើការចោទប្រកាន់មួយចំនួនពាក់ព័ន្ធនឹងការប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមថា មូលដ្ឋានទ័ពនេះមិនអាចបើកឲ្យភ្ញៀវចូលមើលគ្រប់ទីកន្លែងបានទេ ពោលមានការហាមឃាត់សម្រាប់កន្លែងសំខាន់ខ្លះ។ អ្នកជំនាញកិច្ចការអន្តរជាតិវាយតម្លៃថា សំណុំរឿងមូលដ្ឋានទ័ពជើងទឹករាមនឹងបន្តស្ថិតក្រោមការតាមដានរបស់បស្ចិមលោក ល្គឹកណាចំណងយោធាចិន និងកម្ពុជាកាន់តែរីកធំឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ។

ប្រមុខការពារជាតិកម្ពុជាថា មូលដ្ឋានទ័ពរាមមិនអាចបើកឲ្យភ្ញៀវចូលគ្រប់កន្លែងទេ


នៅថ្ងៃទី២៨ ខែឧសភានេះ កងទ័ពកម្ពុជា និងចិន បានបិទសមយុទ្ធយោធា «នាគមាស» ឆ្នាំ២០២៥ ដែលបានផ្តោតលើការទប់ស្កាត់អំពើភេរវកម្ម និងការជួយសង្គ្រោះផ្នែកមនុស្សធម៌។ រដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា បានវាយតម្លៃថា សមយុទ្ធនាគមាសមិនត្រឹមតែបានពង្រឹងសមត្ថភាពកងទ័ពប្រទេសទាំងពីរប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រែក្លាយជាយន្តការនៃការប្រាស្រ័យទាក់ទងជាប្រក្រតីរវាងកងទ័ពកម្ពុជា និងចិន ហើយប្រើជាបទពិសោធន៍សម្រាប់ការរៀបចំសមយុទ្ធជាមួយបណ្តាប្រទេសផ្សេងៗទៀត។

តែទន្ទឹមគ្នានេះ ប្រមុខការពារជាតិក៏មិនភ្លេចបំភ្លឺលើសេចក្តីរាយការណ៍ព័ត៌មានមួយចំនួនជុំវិញការប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមនេះដោយពន្យល់ថា មូលដ្ឋាននោះត្រូវបានបើកទទួលភ្ញៀវពីបណ្តាប្រទេសជាមតិ្តមួយចំនួន តែមិនមែនប្រទេសណាក៏អាចចូលបាននៅគ្រប់កន្លែងក្នុងមូលដ្ឋាននោះទេ ពោលត្រូវមានលក្ខខណ្ឌពិសេសមួយចំនួនពាក់ព័ន្ធនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព ក៏ដូចជាលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក និងជើងទឹក។

តាមលោក ទៀ សីហា កន្លែងខ្លះនៅក្នុងមូលដ្ឋានោះបានបើកចំហ និងកន្លែងខ្លះត្រូវបានហាមឃាត់ដើម្បីរក្សាការសម្ងាត់យោធា ហើយថា ការហាមឃាត់កន្លែងសំខាន់ខ្លះធ្វើឡើងក្នុងគោលដៅការពារអធិបតេយ្យភាព និងសនិ្តសុខជាតិដែលប្រទេសផ្សេងទៀតក៏អនវុត្តដូចគ្នានេះដែរ។ ទោះយ៉ាងណា ប្រធានស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក វណ្ណ ប៊ុនណា កត់សម្គាល់ថា សំណុំរឿងមូលដ្ឋានទ័ពរាមនឹងមិនអាចស្ងប់ស្ងាត់បានទេ ល្គឹកណាសហរដ្ឋអាមេរិកនៅបន្តបង្ហាញក្តីបារម្ភចំពោះកំណើនឥទ្ធិពលយោធាចិនក្នុងប្រទេសកម្ពុជានោះ។ តាមលោក វណ្ណ ប៊ុនណា អាមេរិកនៅមានក្តីកង្វល់ថា បើតំបន់មូលដ្ឋានទ័ពរាមក្លាយជាការតាំងទីរបស់កងទ័ពចិន ឥទ្ធិពលរបស់អាមេរិកនឹងរងផលប៉ះពាល់ ហើយសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូលក៏នឹងអាចមានបញ្ហាប្រឈមច្រើនដែរ។

សមយុទ្ធយោធានាគមាស​ ឆ្នាំ ២០២៥។
សមយុទ្ធយោធានាគមាស​ ឆ្នាំ ២០២៥។ © AP

សូមជម្រាបជូនថា ក្នុងរយៈពេល១៥ថ្ងៃកន្លងមកនេះ សមយុទ្ធយោធា «នាគមាស» ឆ្នាំ២០២៥ មានការប្រើប្រាស់ហ្វូងដ្រូនប្រយុទ្ធ ដ្រូនក្លែងភេទជាសត្វស្លាប ដ្រូនស៊ើបការណ៍អុបតិក បរិក្ខារឆ្កែយន្ត ឬមនុស្សយន្តវះកាត់ស្វ័យប្រវត្តិដែលជាសព្វាវុធវ័យឆ្លាត និងអាចយកទៅប្រើប្រាស់នៅក្នុងប្រតិបត្តិការជាក់ស្តែងនាពេលអនាគត។ ទន្ទឹមគ្នានេះ សមយុទ្ធមួយនេះក៏បានបញ្ជាក់ពីទំនុកចិត្តខាងនយោបាយរវាងកម្ពុជា និងចិនដែរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា៕

What Next?

Recent Articles