កម្ពុជា
28/05/2025 – 13:38
ដោយ៖ ហ៊ុល រស្មី
RFI
មេដឹកនាំនៃប្រទេសសមាជិកអាស៊ានបានប្រកាសជំហររួមគ្នាក្នុងការឆ្លើយតបនឹងភាពមិនប្រាកដប្រជាពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល និងគូសបញ្ជាក់ថា វិធានការឯកតោភាគីនៃការដំឡើងពន្ធរបស់រដ្ឋបាលអាមេរិក គឺជាវិធានការប្រឆាំងនឹងការហុចប្រយោជន៍ឲ្យគ្នាទៅវិញ ទៅមក។ តែដើម្បីទប់ទល់នឹងការដំឡើងពន្ធរបស់អាមេរិកនេះត្រូវបានសេដ្ឋវិទូយល់ថា ប្រទេសក្នុងប្លុកអាស៊ានគួរជ្រើសរើសផ្លូវចរចាជាលក្ខណៈតំបន់ជាមួយសហរដ្ឋអាមេរិកដើម្បីទទួលបានអត្ថប្រយោជន៍ស្មើគ្នាជាជាងការចាប់យកយន្តការទ្វេភាគី។
មេដឹកនាំអាស៊ានប្តេជ្ញារក្សាស្ថិរភាពសេដ្ឋកិច្ចតំបន់នៅចំពោះមុខរនាំងពន្ធរបស់អាមេរិក
ក្នុងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី ២៦ ឧសភា ប្រមុខដឹកនាំអាស៊ានបានកត់សម្គាល់ឃើញពីវិធានការឯកតោភាគីពាក់ព័ន្ធនឹងការកម្រិតអត្រាពន្ធ ការរឹតត្បិតពាណិជ្ជកម្ម និងការវិនិយោគ និងការកើនឡើងហានិភ័យនៃការបែងចែកជាលក្ខណៈសកល។ «យើងសូមបញ្ជាក់នូវការតាំងចិត្តយ៉ាងមុតមាំរបស់យើងពីការឈររួមគ្នា ក្នុងនាមជាអាស៊ានដើម្បីរក្សាឲ្យបាននូវស្ថិរភាពសេដ្ឋកិច្ចតំបន់ ភាពធន់ និងគន្លងសម្រាប់កំណើនរយៈពេលវែង»។ នេះជាការប្តេជ្ញាចិត្តរបស់មេដឹកនាំអាស៊ាន។ តាមសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា រាល់វិធានការសងសឹកពាណិជ្ជកម្ម និងវិធានការដែលធ្វើឡើងជាឯកតោភាគី គឺជាវិធានការដែលមិនផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ជាហានិភ័យធ្វើឲ្យមានការបែងចែកសេដ្ឋកិច្ចសកលកាន់តែធ្ងន់ធ្ងរឡើង ពិសេសនៅពេលដែលវិធានការទាំងនេះបង្កផលប៉ះពាល់ដោយប្រយោលលើអាស៊ាន។
ប្រធានអាស៊ានប្តូរវេនបច្ចុប្បន្ន នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីមបានថ្លែងថា រាល់ការធ្វើកិច្ចព្រមព្រៀងទ្វេភាគីដែលមេដឹកនាំអាស៊ាននឹងធ្វើជាមួយសហរដ្ឋអាមេរិកនឹងមិនប៉ះពាល់សេដ្ឋកិច្ចរបស់ក្រុមប្រទេសសមាជិកអាស៊ាន ហើយថា ផលប្រយោជន៍តំបន់ទាំងមូលត្រូវបានការពារ បើមានការចរចាណាមួយជាមួយអាមេរិក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដោយបានឲ្យដឹងទៀតថាលោក អាន់វ៉ាបានសរសេរលិខិតទៅប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ដើម្បីស្នើសុំឲ្យមានជំនួបរវាងអាស៊ាន និងអាមេរិកលើបញ្ហានៃការដំឡើងពន្ធគយនេះ។
គួររំម្លឹកថា តំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាតំបន់ច្រើនទៀតបានរងការដំឡើងពន្ធពីរដ្ឋបាលអាមេរិករបស់លោកដូណាល់ ត្រាំ។ សម្រាប់ប្រទេសសមាជិកអាស៊ាន មានប្រទេសចំនួន៦ ត្រូវបានលោកត្រាំដំឡើងពន្ធចន្លោះពី ៣២ភាគរយទៅ ៤៩ភាគរយនៅខែកក្កដាខាងមុខ ប្រសិនបើការចរចានឹងបរាជ័យ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ថា ការចរចារឿងអត្រាពន្ធនេះគួរធ្វើក្នុងនាមអាស៊ាន ព្រោះគ្រប់ប្រទេសអាស៊ានបាននាំទំនិញចូលទីផ្សារអាមេរិក។

តាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះដដែល ការចរចាជាលក្ខណៈទេ្វភាគីមិនមានឥទ្ធិពលច្រើនដូចការចរចាជាក្រុមដើម្បីនិយាយសំឡេងតែមួយ និងថា ការចរចារកសំឡេងក្នុងសំឡេងអាស៊ានតែមួយនេះទៀតសោតក៏បញ្ជាក់ពីការរួបរួមរបស់អាស៊ានដែរ៕